ខេត្តបន្ទាយមានជ័យ៖ យ៉ាងហោចណាស់ មនុស្សម្នាក់បានរងរបួសធ្ងន់ និង២នាក់ទៀតរងរបួសស្រាលខណៈជិះម៉ូតូទៅបុករថយន្តកំពុង់បត់ កាលពីវេលាម៉ោង៤ និង៤០នាទីរសៀលថ្ងៃ១៦ ខែកុម្ភៈ ឆ្នាំ២០១៦ នៅលើកំណាត់ផ្លូវជាតិលេខ៥ត្រង់ចំណុច ខាងលិចក្លោងទ្វារវត្តភ្នំជញ្ជាំង ប្រមាណ២០ម៉ែត្រស្ថិតក្នុងភូមិទឹកថ្លា សង្កាត់ទឹកថ្លា ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ។
នគរបាលចរាចរណ៍ខេត្តបន្ទាយមានជ័យបានប្រាប់ឲ្យដឹងថា នៅមុនពេលកើតហេតុគេបានឃើញ យុវជនចំនួន៣នាក់បានជិះម៉ូតូ១គ្រឿងម៉ាកហុងដាឌ្រីម ស៊េរីឆ្នាំ២០១៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ បន្ទាយមានជ័យ 1M -7682 ដែលបើកបរក្នុងល្បឿនលឿនក្នុងទិសដៅពីកើតទៅលិចស្របទិសជាមួយរថយន្តមួយគ្រឿងម៉ាកTOYOTA ហ្វរីន័រ ពណ៌ស្ករ ពាក់ស្លាកលេខភ្នំពេញ 2J-8451 ដោយជិះពីក្រោយរថយន្តលុះមកដល់ចំណុចកើតហេតុខាងលើរថយន្តក៏បានបត់ឆ្វេងឆ្លងថ្នល់មកទិសខាងត្បូងពេលនោះធ្វើឲ្យម៉ូតូចាប់ហ្វ្រាំងមិនទាន់ក៏ជ្រុលចង្កូតបុកខាងមុខផ្នែកថ្ពាល់ខាងឆ្វេងរថយន្តបណ្តាលឲ្យម៉ូតូដួលហើយឈ្មោះហុងហឿន ភេទប្រុស អាយុ២៥ឆ្នាំជាអ្នកបើកបរម៉ូតូបានរងរបួសធ្ងន់ រស់នៅក្នុងភូមិនិមិត្ត៤ សង្កាត់និតមិត្ត ក្រុងប៉ោយប៉ែត។ ចំណែកអ្នករួមដំណើរ២នាក់ដែលរងរបួសស្រាលនោះរួមមាន ទី១ឈ្មោះគោសុខវទ្ធី ភេទប្រុស អាយុ១២ឆ្នាំ រស់នៅភូមិគោកធ្នង់ ឃុំភ្នំធំ ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ និង២ឈ្មោះ ហៀងវិសុទ្ធ ភេទប្រុស អាយុ១៨ឆ្នាំ រស់នៅភូមិភ្នំឆ្ពង់ ឃុំសាលាក្រៅ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន។ ចំណែកអ្នកបើកបររថយន្តក្រោយពីកើតហេតុបានរត់គេចខ្លួនបាត់ស្រមោល។
ទោះជាយ៉ាងណាក្រោយបញ្ជូនអ្នករបួសទៅកាន់មន្ទីរពេទ្យរួចសមត្ថកិច្ចក៏បានវាស់វែងនិងយករថយន្ត ទៅរក្សាទុកនៅស្នងការដើម្បីចាត់ការទៅតាមផ្លូវច្បាប់៕
ដោយ៖ វណ្ណា