ខ្ចីម៉ូតូគេថាជិះទៅទិញបាយមួយភ្លែតបែរជាជិះទៅភ្នំពេញបាត់ ស្អែកឡើងត្រូវសមត្ថកិច្ចចាប់ខ្លួន

ចែករំលែក៖

ខេត្តកណ្ដាល៖ ជនសង្ស័យម្នាក់ត្រូវបានសមត្ថកិច្ចស្រុកខ្សាច់កណ្ដាលឃាត់ខ្លួន ក្រោយពីជនសង្ស័យរូបនេះបានប្រើល្បិចខ្ចីម៉ូតូយុវជនម្នាក់ថាទៅទិញបាយមួយភ្លែត តែបែរជាជិះទៅភ្នំពេញបាត់តែម្ដង ដោយពុំយកម៉ូតូប្រគល់ឲ្យម្ចាស់វិញទេ។ ករណីនេះ​ បានកើតឡើងកាលពីថ្ងៃទី១៦ ខែវិច្ឆិកា​ ឆ្នាំ២០២០ វេលាម៉ោង១៧និង៤០នាទី នៅចំណុចភូមិព្រែកក្របៅទី៣ ឃុំព្រែកអំពិល ស្រុកខ្សាច់កណ្តាល ខេត្តកណ្ដាល។
មន្ត្រីនគរបាលស្រុកខ្សាច់កណ្ដាលបានឲ្យដឹងថា ជនរងគ្រោះឈ្មោះទិត្យ សុីណារិទ្ធ ហៅឡេ ភេទប្រុស អាយុ២១ឆ្នាំជនជាតិខ្មែរ មុខរបរចុងភៅ មានទីលំនៅភូមិព្រែកដូនហែម ឃុំព្រែកអំពិល ស្រុកខ្សាច់កណ្តាល ខេត្តកណ្ដាល។
ចំណែកជនសង្ស័យឈ្មោះ អាត ប៉េងអាន ភេទប្រុស អាយុ២៣ឆ្នាំ ជនជាតិខ្មែរ​ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិព្រែកដូនហែម ឃុំព្រែកអំពិល ស្រុកខ្សាច់កណ្តាល ខេត្តកណ្ដាល(ឃាត់ខ្លួន)។ ដោយឡែកសម្ភារបាត់បង់មាន ម៉ូតូចំនួន១គ្រឿងម៉ាកSUZUKI LETS ពណ៌ស ស៊េរីឆ្នាំ២០១៥ លេខម៉ាស៊ីន​AE52-404969 លេខតួCE45D-405047ពាក់ស្លាកលេខភ្នំពេញ1CS-5102 ។
ប្រភពដដែលបន្តថា នៅថ្ងៃកើតហេតុ ជនរងគ្រោះបានយកម៉ូតូសង្សាររបស់ខ្លួន​ជិះមកលេងផ្ទះឈ្មោះ ឈឿន ហេង ភេទប្រុស នៅភូមិព្រែកក្របៅទី៣ ឃុំព្រែកអំពិល ពេលនោះជនសង្ស័យបានដើរមកដល់រួចសុំប្រាក់ជនរងគ្រោះចំនួន៥០០០រៀល ហើយខ្ចីម៉ូតូជនរងគ្រោះថាទៅទិញបាយហូប។ ពេលខ្ចីម៉ូតូជនរងគ្រោះបានហើយជនសង្ស័យបានជិះម៉ូតូទៅភ្នំពេញបាត់​មិនឃើញត្រលប់មកវិញឡើយ ដល់ពេលយប់មិនឃើញជនសង្ស័យយកម៉ូតូមកប្រគល់ឲ្យ ជនរងគ្រោះក៏ដើរមកផ្ទះវិញ។ លុះមកដល់ថ្ងៃទី១៧ ខែឆ្នាំដដែល វេលាម៉ោង១០និង០០នាទីជនសង្ស័យបានត្រលប់មកផ្ទះវិញតែមិនឃើញម៉ូតូជនរងគ្រោះ ពេលនោះជនរងគ្រោះបានមកដាក់ពាក្យបណ្ដឹងនៅប៉ុស្តិ៍នគរបាលរដ្ឋបាលព្រែកអំពិល ហើយកម្លាំងប៉ុស្តិ៍
ក៏ទៅឃាត់ខ្លួនជនសង្ស័យតែម្ដងដើម្បីសួរនាំ ។
តាមចម្លើយ​របស់ជនសង្ស័យបញ្ជាក់ថា ខ្លួនពិតជាបានយកម៉ូតូជនរងគ្រោះជិះទៅភ្នំពេញ ហើយទៅទុកនៅមុខវាំងត្រូវចោរលួចបាត់។
ករណីនេះសមត្ថកិច្ចកំពុងកសាងសំណុំរឿងបន្តអនុវត្តតាមនីតិវិធីច្បាប់៕ស្អាងជ័យ


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print