បាងកក៖ ប្រតិភូមហាវិទ្យាល័យសភាពាណិជ្ជសាស្ត្រថៃ(UTCC) គ្រោងនឹងបើកសាខានៅក្នុងប្រទេសកម្ពុជា ដើម្បីបង្កើតជម្រើសដល់និស្សិតដែលចង់បន្តការសិក្សាក្នុងប្រទេសសមាជិកអាស៊ាន និងផ្តល់អាហារូបករណ៍បន្ថែមដល់និស្សិតកម្ពុជាដើម្បីចូលរួមអភិវឌ្ឍន៍ធនធានមនុស្សលើវិស័យធុរកិច្ច និងពាណិជ្ជកម្ម។
នេះគឺជាការលើកឡើងរបស់លោកបណ្ឌិត ចក្ការីន ស្រ៊ីមូន(Jakarin Srimoon) អនុប្រធាន UTCC ទទួលបន្ទុកកិច្ចការអន្តរជាតិដែលបានដឹកនាំប្រតិភូមកសម្តែងការគួរសមនិងពិភាក្សាការងារជាមួយលោក អ៊ូក សោភ័ណ ឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសថៃ កាលពីរសៀលថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២០។ នេះបើយោងតាមស្ថានទូតកម្ពុជាប្រចាំទីក្រុងបាងកក ប្រទេសថៃបានឱ្យដឹង។
លោក អ៊ូក សោភ័ណ បានស្វាគមន៍ចំពោះគម្រោងខាងលើ និងបានស្នើឱ្យប្រតិភូ UTCC សិក្សាអំពីលទ្ធភាពពង្រីកសាខាដំបូងទៅកាន់ខេត្តសៀមរាប និងសហការជាមួយសាកលវិទ្យាល័យភូមិន្ទភ្នំពេញ ដែលមានដេប៉ាតឺម៉ង់ភាសាថៃ ព្រមទាំងវិទ្យាស្ថានបណ្តុះបណ្តាលពាណិជ្ជកម្ម និងស្រាវជ្រាវដែលស្ថិតនៅក្រោមក្រសួងពាណិជ្ជកម្ម។ លោកឯកអគ្គរាជទូតក៏បានវាយតម្លៃខ្ពស់ចំពោះកិច្ចសហការលើវិស័យអប់រំរវាងប្រទេសទាំងពីរ និងបានថ្លែងអំណរគុណចំពោះរាជរដ្ឋាភិបាលថៃ ដែលកន្លងមកបានផ្តល់អាហារូបករណ៍ដល់និស្សិតកម្ពុជាមកបន្តការសិក្សានៅក្នុងប្រទេសថៃ ក្រោមគម្រោងព្រះរាជូបត្ថម្ភរបស់ព្រះអង្គម្ចាស់ក្សត្រិយ៍មហាចក្រីសិរិនថន៕ដោយ៖សំរិត