សម្តេចតេជោ ហ៊ុន សែន បានបញ្ជា​ឲ្យ​រក​បណ្តាញ​មេខ្លោង​គ្រឿងញៀន ហើយ​ត្រូវ​បង្ក្រាប​ឲ្យ​ដល់​ឫសគល់​

ចែករំលែក៖

ភ្នំពេញ៖ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បានផ្តល់​អនុសាសន៍​មួយចំនួន ឲ្យ​កម្លាំង​សមត្ថកិច្ច​និង​ស្ថាប័ន​ពាក់ព័ន្ធ យកទៅអនុវត្ត ដើម្បី​បង្ក្រាប​ការនាំ​ចូល ការ​ចរាចរ និង ការ​លួច​ផលិត​គ្រឿងញៀន​នៅ​កម្ពុជា​។
សូមបញ្ជាក់ថា៖ អនុសាសន៍​របស់​ប្រមុខ​រដ្ឋាភិបាល ធ្វើឡើង​តាមរយៈ​សារាចរ​ណែនាំ​ស្តីពី​វិធានការ​ប្រយុទ្ធ​ប្រឆាំងនឹង​គ្រឿងញៀន ដែល​ចេញ​នៅ​ថ្ងៃទី​១៦ ខែវិច្ឆិកា ឆ្នាំ​២០២០​ថ្មីៗកន្លងទៅ។

សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បានប្រាប់​ដល់កម្លាំង​សមត្ថ​ម​កិច្ច​និង​ស្ថាប័ន​ពាក់ព័ន្ធ ឲ្យ​ជំរុញ​ការស្រាវជ្រាវ​ស៊ើបអង្កេត ដើម្បី​រក​ខ្សែរយៈ​បណ្តាញ «​មេខ្លោង​ជួញដូរ​សារធាតុ​ញៀន​» និង «​បង្ក្រាប​ឲ្យ​ដល់​ឫសគល់​»​។ ជាមួយគ្នានេះ សម្តេច ថែមទាំង​ណែនាំ​ឲ្យ​បង្ក្រាប​បទល្មើស​សម្អាត​ប្រាក់ ដែលជា​ផល​នៃ​បទល្មើស​គ្រឿងញៀន ដោយ​ត្រូវ​ពង្រឹង​កិច្ចសហប្រតិបត្តិការ​ក្នុង​ក្របខណ្ឌ​តំបន់​និង​អន្តរជាតិ​។

​ជាប្រសិទ្ធភាពការងារ គឺប្រមុខ​រដ្ឋាភិបាល បានចង្អុលបង្ហាញ​ឲ្យ​បន្ត​ពង្រឹង​ការគ្រប់គ្រង ការត្រួតពិនិត្យ​ការឆ្លងកាត់​ព្រំដែន និង ការដឹកជញ្ជូន​ទំនិញ​គ្រប់​ប្រភេទ រួមទាំង​បញ្ញើ​ប្រៃសណីយ៍​ឲ្យ​បាន​ហ្មត់ចត់ ដើម្បី​ទប់ស្កាត់​ការ​នាំចូល​គ្រឿងញៀន​ និងជំរុញ​ឲ្យ​អនុវត្ត​ព្រមៗ​គ្នា​រវាង​វិធានការ​រដ្ឋបាល និង​វិធានការ​ច្បាប់ ហើយ​ត្រូវ​បង្ក្រាប «​ដូច​ភ្លៀងរលឹម​» ដើម្បី​លុបបំបាត់​ការ​លួចលាក់​កែច្នៃ ការជួញដូរ ការប្រើប្រាស់​សារធាតុ​ញៀន ជាពិសេស​នៅតាម​គោលដៅ​ដែល​ងាយ​កើតមាន​បទល្មើស​គ្រឿងញៀន​។​

​សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា នៅតែ​ផ្តល់​អនុសាសន៍​ឲ្យ​លើកកម្ពស់​ការផ្សព្វផ្សាយ​អប់រំ​ឲ្យ​បាន​ទូលំទូលាយ នៅ​គ្រប់​ទីកន្លែង ទាំង​ក្នុង​សហគមន៍ ទាំង​ក្នុង​ស្ថាប័នរដ្ឋ​-​ឯកជន រួមទាំង​ក្នុង​ជួរ​កងកម្លាំងប្រដាប់អាវុធ​គ្រប់​ប្រភេទ ដោយ​ត្រូវ​ផ្សារភ្ជាប់​ជាមួយ​ពាក្យស្លោក «​បី​កុំ មួយ​រាយការណ៍​»​។ «​បី​កុំ​» គឺ​កុំ​ពាក់ព័ន្ធ កុំ​ធ្វើ​អន្តរាគមន៍ កុំ​លើកលែង ហើយ «​មួយ​រាយការណ៍​» គឺ​ត្រូវ​រាយការណ៍​គ្រប់​ករណី​បទល្មើស​គ្រឿងញៀន ទៅ​អាជ្ញា​ធរមាន​សមត្ថកិច្ច​។
សម្តេចថ្លែងបន្តថា៖ មិន​ភ្លេច​ឡើយ​ពី​ការ​ប្រាប់​ឲ្យ​បន្ត​ការគាំទ្រ ការសរសើរ ការជូន​រង្វាន់ ការលើកទឹកចិត្ត​ដល់​អង្គភាព​និង​មន្ត្រី​ដែលមាន​ស្នាដៃ ក្នុងការ​បង្ក្រាប​បទល្មើស​គ្រឿងញៀន​។​
សូមជម្រាបថា៖ បើសមត្ថកិច្ចបង្ក្រាប និងទប់ស្កាត់បាន រាល់បទល្មើសគ្រឿងញៀន ជាគុណសម្បត្តិធំបំផុត បង្កើននូវធនធានមនុស្ស ជាសសរទ្រូងនៃប្រទេសជាតិយើង៕

...

ដោយ៖ សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print