នាយឧត្ដមសេនីយ៍ វង្ស ពិសេន អនុញ្ញាតឲ្យនាយការិយាល័យសេនានុព័ន្ធកងទ័ពភូមិន្ទថៃ ដឹកនាំប្រតិភូចូលជួបសម្តែងការគួរសម

ចែករំលែក៖

ភ្នំពេញ៖ នាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ នៅព្រឹកថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២០នេះ បានអនុញ្ញាតឲ្យ វរសេនីយ៍ឯក ភិស្នុ សារ៉ាត់ធី នាយការិយាល័យសេនានុព័ន្ធកងទ័ពភូមិន្ទថៃ ដឹកនាំប្រតិភូចូលជួបសម្តែងការគួរសម និងបង្ហាញខ្លួនលោក វរសេនីយ៍ឯក អនិរុទ្ទ រដ្ឋ:ផន ដែលទើបបានតែងតាំងថ្មីជាសេនានុព័ន្ធកងទ័ពជើងអាកាស និងជានាយរងការិយាល័យសេនានុព័ន្ធកងទ័ពភូមិន្ទថៃ ប្រចាំព្រះរាជាណាចក្រកម្ពុជា។

ក្នុងជំនួបដែលបានធ្វើឡើងនៅអគ្គបញ្ជាការដ្ឋាន នាយឧត្ដមសេនីយ៍ វង្ស ពិសេន បានថ្លែងនូវការស្វាគមន៍ចំពោះ វរសេនីយ៍ឯក អនិរុទ្ទ រដ្ឋ:ផន ដែលទើបតែងតាំងថ្មីមកបំពេញបេសកកម្មការទូតនៅកម្ពុជា ដោយនាយឧត្ដមសេនីយ៍បានមានជំនឿយ៉ាងមុតមាំថា តាមរយៈបេសកកម្មការទូតរបស់លោក ពិតជាបានរួមចំណែកយ៉ាងធំធេង ក្នុងការពង្រឹងពង្រីក ចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងកងទ័ពប្រទេសពីរឲ្យកាន់តែប្រសើរឡើងថែមទៀត។

នាយឧត្តមសេនីយ៍ អគ្គមេបញ្ជាការ បានបញ្ជាក់ថា កន្លងមកក៏ដូចជាបច្ចុប្បន្ន កងទ័ពប្រទេសទាំងពីរ តែងបានរួមគ្នាបង្កើននូវកិច្ចសហប្រតិបត្តិការជាមួយគ្នាបានយ៉ាងល្អប្រសើរ ចាប់តាំងពីថ្នាក់ដឹកនាំកំពូល រហូតដល់ថ្នាក់ក្រោម ជាពិសេសកិច្ចទំនាក់ទំនងនៅតាមបន្ទាត់ព្រំដែន ដើម្បីប្រែក្លាយតំបន់ព្រំដែនជាតំបន់សន្តិភាព មិត្តភាព កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍន៍។

នាឱកាសនោះដែរ លោកវរសេនីយ៍ឯក ភិស្នុ សារ៉ាត់ធី បានថ្លែងអំណរគុណចំពោះថ្នាក់ដឹកនាំអគ្គបញ្ជាការ និងបណ្ដាអង្គភាពក្នុងកងយោធពលខេមរភូមិន្ទ ដែលបានផ្តល់កិច្ចសហការ និងជួយសម្រួលកិច្ចការនានាបានល្អក្នុងពេលកន្លងមក៕

ដោយ៖ សិលា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print