រឿងនិទានខ្មែរ÷រឿង ដង្កូវនិងក្អែក

ចែករំលែក៖

មាន​និទាន​មួយ​ថា សត្វ​ដង្កូវ​កំពុង​ស៊ី​ស្លឹក​ឈើ មាន​សត្វ​ក្អែក​មួយ​ហើរ​រក​ចំណី​​ទៅ​ប្រទះ​នឹង​ដង្កូវ​នោះ ។ ក្អែក​ថា « ពេល​នេះ​មាន​លាភ​បាន​ដង្កូវ​ស៊ី » ក៏​ហើរ​ទៅ​ជិត​ដង្កូវ ។ ដង្កូវ​ក្រឡេក​ឃើញ​ក្អែក​ក៏​នឹក​ថា «ខ្លួន​អា​ក្អែក​នេះ ចិត្ត​ឃោរឃៅ នឹង​ចឹក​អញ​ស៊ី​ឥឡូវ​ហើយ » ។ ដង្កូវ​សួរ​ក្អែក​ថា « មក​រក​អ្វី ? » ។ ក្អែក​ប្រាប់​ទៅ​ដង្កូវ​វិញ​ថា « អញ​មក​ស៊ី​ដង្កូវ​ឯង » ។ ដង្កូវ​ថា « លុះ​តែ​ក្អែក​ឯង រក​ប្រស្នា​អញ​ឃើញ​ទើប​ស៊ី​អញ​បាន, បើ​រក​ប្រស្នា​អញ​មិន​ឃើញ ស៊ី​អញ​មិន​បាន​ទេ » ។ ក្អែក​សួរ​ថា « ប្រស្នា​ដង្កូវ​ឯង​យ៉ាង​ដូចម្ដេច​សួរ​មក​ចុះ​​អញ​នឹង​រក​ឲ្យ​ឃើញ » ។ ដង្កូវ​សួរ​ទៅ​ក្អែក​ ដូច​មាន​ត​ទៅ​នេះ :
១ – ដូចម្ដេច​ ដែល​គេ​ហៅ​ថា ផ្អែម​ជាង​គេ​បំផុត ? ២ – ដូចម្ដេច ដែល​គេ​ហៅ​ថា ជូរ​ចត់​ជាង​គេ​បំផុត ? ៣ – ដូចម្ដេច ដែល​គេ​ហៅ​ថា ស្អុយ​ជាង​គេ​បំផុត ? ៤ – ដូចម្ដេច ដែល​គេ​ហៅ​ថា ក្រអូប​ជាង​គេ​បំផុត ?
កាល​បើ​ក្អែក បាន​ឮ​ដង្កូវ​សួរ​ប្រស្នា​ទាំង ៤ បទ​នេះ​ហើយ មាន​សេចក្ដី​ត្រេកអរ​ជា​ទី​បំផុត ក៏​ស្រែក​ហ៊ោ​កញ្ជ្រៀវ​លេង ដោយ​គិត​ថា «ប្រស្នា​ដង្កូវ​ទាំង ៤​បទ​នេះ អញ​មុខ​ជា​រក​ឃើញ​ឥឡូវ​ហើយ នឹង​បាន​ស៊ី​ដង្កូវ​នេះ​មិន​ខាន» ទើប​ក្អែក​ឆ្លើយ​ដោះ​ស្រាយ​ប្រស្នា​ដូច​មាន​ត​ទៅ​នេះ ។
១ – ដែល​គេ​ហៅ​ថា​ផ្អែម​នោះ គឺ​មាន​ស្ករ និង​ឃ្មុំ ផ្អែម​ជាង​អ្វី​ទាំង​ពួង ។ ២ – ដែល​គេ​ហៅ​ថា​ជូរ​ចត់​នោះ គឺ​មាន​ម្ជូរ​ក្រូច​ឆ្មារ, អម្ពិល, ម្ជូរ​សណ្ដាន់, ម្ជូរ​ក្រសាំង, និង​ទឹក​ខ្មេះ ។ ៣ – ដែល​គេ​ហៅ​ថា​ស្អុយ​ជាង​គេ​នោះ គឺ​អាចម៍ និង​គំរង់​ខ្មោច​សត្វ​ទាំង​ពួង ។ ៤ – ដែល​គេ​ហៅ​ថា ក្រអូប​ជាង​គេ​នោះ គឺ​ផ្កា​រំដួល ផ្កា​ម្លិះ និង​ទឹក​អប់ ។ ៥ – ក្អែក​បាន​ដោះ​ស្រាយ​ប្រស្នា​ទាំង ៤ បទ​នេះ ប្រាប់​ទៅ​ដង្កូវ ។ ដង្កូវ​ថា « ក្អែក​ ដោះ​ប្រស្នា​នេះ មិន​ត្រូវ​ទេ » ។ ក្អែក​ក៏​ដាក់​មុខ​ស្រងូត និយាយ​ទៅ​ដង្កូវ​វិញ​ថា «បើ​ដង្កូវ​ឯង​ថា​ខុស សុំ​ឲ្យ​ដង្កូវ​ប្រាប់​ប្រស្នា​នេះ​មក​អញ​ឲ្យ​បាន​ដឹង​ផង » ។ ដង្កូវ​ប្រាប់​ទៅ​ក្អែក​វិញ​ថា « ប្រាប់​បាន តែ​ក្អែក​ឯង​កុំ​ស៊ី​អញ​​ទើប​អញ​ប្រាប់ » ។ ក្អែក​ថា « ឲ្យ​តែ​ប្រាប់​ចុះ​ អញ​មិន​ស៊ី​ដង្កូវ​ឯង​ទេ » ។ លុះ​បាន​ខ​សន្យា​ព្រមព្រៀង​គ្នា​យ៉ាង​ហ្នឹង​ហើយ, ដង្កូវ​ក៏​ដោះ​ស្រាយ​ប្រស្នា​ប្រាប់​ទៅ​ក្អែក​ ដូច​មាន​ពាក្យ​តទៅ​នេះ :
១ – ដែល​គេ​ហៅ​ថា ផ្អែម​នោះ មិន​មែន​ផ្អែម​ស្ករ​ទឹក​ឃ្មុំ​នោះ​ទេ គឺ​ផ្អែម​ពាក្យ​សម្ដី ដែល​និយាយ​ទៅ​មក​រក​គ្នា ដោយ​ពាក្យ​ពីរោះ​ស្មោះ​ត្រង់​រក​គ្នា, នេះ​ហើយ​ហៅ​ថា​ ផ្អែម​ជា​ទី​បំផុត ។ ២ – ដែល​គេ​ហៅ​ថា ជូរ​ចត់​នោះ មិន​មែន​ជូរ​ចត់ អម្ពិល សណ្ដាន់ ក្រូចឆ្មារ ទឹក​ខ្មេះ​នោះ​ទេ គឺ​ពាក្យ​ផរុសវាទ ឃោរឃៅ ឥត​គួរ ឥត​សម ដែល​និយាយ​កាន់​គ្នា​ទៅ​វិញ​ទៅ​មក, នេះ​ហើយ​ហៅ​ថា ជូរ​ចត់​លើស​ជូរ​ចត់​អ្វី​ទាំង​ពួង ។ ៣ – ដែល​គេ​ហៅ​ថា ស្អុយ​នោះ មិន​មែន​ស្អុយ​អាចម៍ ឬ​ស្អុយ​គំរង់​នោះ​ទេ គឺ​ស្អុយ​កេរ្តិ៍ ស្អុយ​ឈ្មោះ ដែល​ប្រព្រឹត្ត​អាក្រក់​ក្នុង​លោក , នេះ​ហើយ​ហៅ​ថា « ស្អុយ​ច្រាស​ខ្យល់»។ ៤ – ដែល​គេ​ហៅ​ថា ក្រអូប​នោះ គឺ​មិន​មែន​ក្រអូប​ក្លិន​ផ្កា ឬ​ទឹក​អប់​នោះ​ទេ គឺ​ក្រអូប​កេរ្តិ៍​ឈ្មោះ ដែល​ប្រតិបត្តិ​ល្អ, នេះ​ហើយ​ហៅ​ថា « ក្រអូប​ជាង​គ្រឿង​ក្រអូប​ទាំងពួង » ។ ក្អែក​បាន​ស្ដាប់​ប្រស្នា​ទាំង​នេះ​ហើយ ឈប់​ស៊ី​ដង្កូវ​ទៅ ៕
តូចមែនពិត ដូចពេចជ្រពណ្ណរាយ)
កែសម្រួលនិងស្រាវជ្រាវពីសៀវ ភៅរឿងព្រេងខ្មែរដោយ÷ចៅតាជេត
(សូមរង់ចាំអានរឿងព្រេងឬទំនៀមខ្មែរ នៅថ្ងៃស្អែកទៀត)


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print