ខេត្តបន្ទាយមានជ័យ ៖ កំពុងតែខ្វះជម្រករស់នៅ ដោយមានត្រឹមតែខ្ទមដ៏កំសត់ ជ្រកស្របតាមផ្លូវរថភ្លើង ខ្វះព្រឹក ខ្វះល្ងាច ស្ទើរតែរកអង្ករច្រកឆ្នាំងពុំបាន។ ទីបំផុត ក្រជាន់លើក្រ ខណៈពីរនាក់ប្ដីប្រពន្ធមានវ័យចំណាស់ និងមានកូន១នាក់ក្នុងបន្ទុក។ ប្ដីដែលមានវ័យជាង៦០ឆ្នាំ កំពុងតែមានជំងឺយ៉ាងធ្ងន់ធ្ងរដេកនឹងកន្ទេល ហើយគ្រួសារខ្វះលទ្ធភាពគ្រប់បែបយ៉ាង ដើម្បីព្យាបាលជំងឺ។ ស្ត្រីជាភរិយា ក៏បានលើកដៃសំពះដល់សប្បុរសជន មេត្តាជួយឧបត្ថម្ភតាមកម្លាំងសទ្ធាជ្រះថ្លា ដើម្បីបានថវិកាមួយចំនួនទិញថ្នាំសង្កូវ និងមានលទ្ធភាពយកប្ដីទៅកាន់មន្ទីរពេទ្យ។
គ្រួសារដ៏កំសត់ខាងលើនេះ ប្ដីដែលមានជំងឺឈ្មោះថា សុខនួន អាយុ ៦៤ឆ្នាំ ។ ចំណែកប្រពន្ធមានឈ្មោះ សួន សួរ អាយុ៥៤ឆ្នាំ និងមានកូនម្នាក់ រស់នៅភូមិលេខ ៤ សង្កាត់ផ្សារកណ្ដាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។
ស្ត្រីជាភរិយាដែលកំពុងលើកដៃសំពះ អង្វរដល់សប្បុរសជនដើម្បីបានថវិកាសម្រាប់ព្យាបាលប្ដីរបស់ខ្លួន បាននិយាយឲ្យដឹងថា ៖ ប្ដីរបស់គាត់មានជំងឺដ៏រុាំរ៉ៃអស់រយៈពេលជិតមួយឆ្នាំទៅហើយ តែខ្លួនខ្វះលទ្ធភាពក្នុងការព្យាបាលជំងឺប្តី ក៏បានបង្ខំចិត្តយកប្ដីពីមន្ទីរពេទ្យស្រុកមង្គលបុរី មកកាន់ផ្ទះរបស់ខ្លួន ដែលជាខ្ទមដ៏កំសត់នៅប្របនិឹងផ្លូវរថភ្លើងវិញ។
ដោយក្តីអាណិតអាសូរស្វាមី កំពុងតែមានជំងឺដេកនៅលើកន្ទេល គ្មានអ្វីដែលសង្ឃឹមថាខ្លួនមានលទ្ធភាពរកថវិកាមកព្យាបាលជំងឺប្ដីបានឡើយ។ ស្ត្រីជាប្រពន្ធបានត្រឹមតែលើកដៃសំពះដល់សប្បុរសជនមេត្តាជួយឧបត្ថម្ភដល់ពួកគាត់ផង ទោះតិចឬច្រើនក្តី ពួកគាត់ពិតជាត្រេកអរបំផុត ក្នុងកាលៈទេសៈកំពុងជួបការលំបាកបែបនេះ ។
ជុំវិញបញ្ហាខាងលើនេះ ប្រជាពលរដ្ឋក្នុងមូលដ្ឋាន ក៏សំណូមពរឲ្យអាជ្ញាធរមេត្តាយកចិត្តទុកដាក់ជួយប្រជាពលរដ្ឋដែលជាកូនចៅរបស់ខ្លួននោះផង។ តាមរយៈការអំពាវនាវ និងយកចិត្តទុកដាក់ជួយឲ្យក្រុមគ្រូពេទ្យពិនិត្យព្យាបាល ប្រជាពលរដ្ឋក្រីក្រឲ្យបានសមរម្យ ហើយក៏ជាគុណធម៌ សីលធម៌ ក្នុងនាមខ្មែរជួយខ្មែរផងដែរ៕
ដោយ៖ សុខ ខេមរា