ទីប្រឹក្សា​សន្តិសុខ​ជាតិ​អាមេរិក៖ ធ្វើដំណើរ​ទស្សនកិច្ចទៅកាន់​ប្រទេស​វៀតណាម និង​ហ្វីលីពីន ពង្រឹង​កិច្ចសហប្រតិបត្តិការ​ស​ន្តិ​សុខ​ទ្វេភាគី

ចែករំលែក៖

អន្តរជាតិ៖ បើតាម​ការប្រកាស​របស់​ក្រុមប្រឹក្សាសន្តិសុខ​សេត​វិមាន​នៅ​ថ្ងៃទី​១៩ ខែវិច្ឆិកា ឆ្នាំ២០២០ ម្សិលមិញនេះ លោក Robert O’Brien ទីប្រឹក្សា​សន្តិសុខ​ជាតិ​អាមេរិក កំពុងធ្វើដំណើរ​ដំណើរ​ទស្សនកិច្ច​ទៅកាន់​ប្រទេស​តំបន់​អាស៊ីអាគ្នេយ៍​ចំនួន​ពីរ គឺ​វៀតណាម និង​ហ្វីលីពីន ក្នុងគោលដៅ​ជជែក​ពី​ការពង្រឹង​កិច្ចសហប្រតិបត្តិការ​ស​ន្តិ​សុខ​ទ្វេភាគី ប៉ុន្តែអ្វីដែរសំខាន់នោះ​ក្ដីបារម្ភ​ដូចគ្នា​ពាក់ព័ន្ធ​សកម្មភាព​របស់​ចិន​។​

បើតាមក្រុមប្រឹក្សាសន្តិសុខ​ជាតិ​នៃ​សេត​វិមាន​ បានបញ្ជាក់សារ​នៅ​បណ្ដាញ​សង្គម Twitter យ៉ាងដូច្នេះថា លោក Robert O’Brien ​នឹង​ជួប​ជាមួយ​មេដឹកនាំ​ប្រទេស​ដៃគូ​ទាំងពីរ គឺ​វៀតណាម និង​ហ្វីលីពីន ដើម្បី​បញ្ជាក់​ពី​ភាពរឹងមាំ​ទំនាក់ទំនង​ទ្វេភាគី និង​ពិភាក្សា​កិច្ចសហប្រតិបត្តិការ​ស​ន្តិ​សុខ​ក្នុង​តំបន់​។

បើតាម​ការផ្សាយ​របស់​ទីភ្នាក់ងារ​ព័ត៌មាន Reuters បាននិយាយថា មុន​បន្តដំណើរ​ទៅ​ហ្វីលីពីន​ លោក O’Brien នឹង​ស្នាក់នៅ​វៀតណាម​ពីរ​ថ្ងៃ នៅ​ទីក្រុង​ហាណូយ ។ ដោយមន្ត្រី​ជាន់ខ្ពស់សន្តិសុខ​រូបនេះ នឹង​ជួប​ជាមួយ​នាយករដ្ឋមន្ត្រី ង្វៀន ស៊ួ​ន​ហ្វុ​ក និង​មន្ត្រី​ទទួលបន្ទុក​សន្តិសុខរ​បស់​វៀតណាម​ ។ ហើយក្នុងដំណើរ​ទស្សនកិច្ច​រប​ស់លោក O’Brien កើតឡើង​ពីរ​សប្ដាហ៍​ក្រោយ​ទស្សនកិច្ច​លោក ម៉ៃ ប៉ុ​ម​ប៉េ​អូ រដ្ឋមន្ត្រីការបរទេស ដែល​ធ្វើឡើង​ចំពេល​ខួប​២៥​ឆ្នាំ​នៃ​ការស្ដារ​ទំនាក់ទំនង​ការទូត​។​

​ទាក់ទង​រឿង​សិទ្ធិមនុស្ស​នេះ លោក O’Brien ក៏​អាច​យក​បញ្ហា​នេះ​ទៅតាម​ដែរ​ក្នុង​ដំណើរ​ទស្សនកិច្ច​នៅ​ហ្វីលីពីន​។ ចំណែកទំនាក់ទំនង​អាមេរិក និង​វៀតណាម កាន់តែ​ល្អប្រសើរ​នៅ​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ ស្របពេល​ប្រទេស​ទាំងពីរ​មាន​ត្រូវការ​គ្នា​ដើម្បី​ទប់ទល់​ឥទ្ធិពល​ចិន បើទោះជា​អាមេរិក​បន្ត​រិះគន់​ស្ថានភាព​សិទ្ធិមនុស្ស​នៅ​វៀតណាម​ក្ដី​។

​ដោយឡែកទំនាក់ទំនង​អាមេរិក និង​ហ្វីលីពីន បើទោះបី​ជា​សម្ព័ន្ធមិត្ត​ចាស់​ឆ្នាំ​មែន ប៉ុន្តែមួយរយៈក្រោយនេះក៏ប្រែជា​ល្អក់កករ​ក្នុង​រដ្ឋបាល​លោក រ៉ូ​ឌ្រី​ហ្គោ ឌូ​ទើ​តេ ដែល​កាច់ចង្កូត​ហ្វីលីពីន​ខ្លាំង​ទៅរក​ចិន ដែលជា​គូប្រជែង​ក្នុង​សមុទ្រ​ចិន​ខាងត្បូង​។ ខណៈដែលអាមេរិក ក៏​ធ្លាប់​រិះគន់​ទីក្រុង​ម៉ានីល​រឿង​សង្គ្រាម​ប្រឆាំង​គ្រឿងញៀន​ដែលមាន​មនុស្ស​រាប់ពាន់នាក់​បាត់បង់​ជីវិត​ដែរ​។​

​គួរបញ្ជាក់ថា ចំពោះការប្រឈមមុខ​ជាមួយ​ចិន តម្រូវ​ឲ្យ​វៀតណាម និង​អាមេរិក​ដែលជា​អតីត​គូសត្រូវ​ក្នុង​សង្គ្រាម​វៀតណាម ក៏ដូចជា​ហ្វីលីពីន និង​អាមេរិក​ដែល​កំពុង​មិនត្រូវ​គ្នា បែរមុខ​រកគ្នា​វិញ​។ ព្រោះជាកស្តែង​ហ្វីលីពីន និងវៀតណាម គឺសុទ្ធតែ​ត្រូវការ​ឥទ្ធិពល​អាមេរិក​ ដើម្បី​ទប់ទល់​អានុភាព​របស់​ចិន​ក្នុង​សំណុំរឿង​សមុទ្រ​ចិន​ខាងត្បូង​៕ដោយ៖ស តារា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print