ក្លិបនៅលីគកំពូលអង់គ្លេសបានបញ្ជាក់ថា លោក Pep Guardiola បានបន្តកុងត្រានៅឯក្លិប Manchester City រហូតដល់ខែមិថុនា ឆ្នាំ២០២៣។ កិច្ចព្រមព្រៀងរបស់លោក Guardiola ត្រូវផុតកំណត់នៅចុងបញ្ចប់នៃរដូវកាលនេះ ប៉ុន្តែ Man City បានប្រកាសថា លោកបានយល់ព្រមពន្យារការស្នាក់នៅរបស់លោកនៅឯកីឡដ្ឋាន Etihad រយៈពេល២ឆ្នាំទៀត។
ចាប់តាំងពីបានជំនួសលោក Manuel Pellegrini ក្នុងឆ្នាំ២០១៦ លោកPep Guardiola បានដឹកនាំក្លិបឈានទៅរកជ័យជំនះនៃ Premier League ជាលើកទី២ កាលពីរដូវកាលឆ្នាំ២០១៨-២០១៩ ដែលជាផ្នែកមួយនៃការឈ្នះពានរង្វាន់ក្នុងស្រុកមិនធ្លាប់មាននៅប្រទេសអង់គ្លេស។
លោក Khaldoon Mubarak ប្រធានក្លិប Man City បានមានប្រសាសន៍ថា ការបន្តកិច្ចសន្យារបស់ Pep Guardiola គឺជាជំហានបន្ទាប់នៃដំណើរដែលបានវិវត្តក្នុងរយៈពេលជាច្រើនឆ្នាំ។ នេះគឺជាផលិតផលនៃការជឿទុកចិត្តគ្នា និងការគោរពគ្នាដែលមានរវាងគាត់និងក្លិបទាំងមូល។
លោក Pep Guardiola បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា“ខ្ញុំមានអ្វីគ្រប់យ៉ាងដែលខ្ញុំអាចធ្វើបានដើម្បីធ្វើឱ្យបានល្អ ហើយខ្ញុំមានអារម្មណ៍រីករាយចំពោះទំនុកចិត្តពីប្រធានក្លិបឱ្យបន្តកុងត្រារយៈពេល២ឆ្នាំទៀត”។
ទោះបីជាបានឈ្នះពានរង្វាន់តិចក្នុងរដូវកាលដំបូងរបស់លោកក្នុងការទទួលបន្ទុកក្រុម Man City ក៏ដោយក៏លោក Guardiola ក៏បាននាំក្លិបនេះទៅរកកន្លែងថ្មីផងដែរ។ គាត់បានដឹកនាំក្លិបទទួលបានពិន្ទុសរុបមិនធ្លាប់មានគឺ១០០ ពិន្ទុក្នុងកំឡុងពេលជោគជ័យនៃពានរង្វាន់លីគកំពូលអង់គ្លេសរដូវកាល ២០១៧-២០១៨ ដែលក្នុងនោះពួកគេបានបង្កើតកំណត់ត្រាដោយបញ្ចប់១៩ពិន្ទុដាច់ពីក្រុមលេខ២ Manchester United។
ក្លិបបានការពារពានរង្វាន់នៅរដូវកាលបន្ទាប់ហើយបានភ្លក់រសជាតិជោគជ័យក្នុងកម្មវិធី Community Shield, EFL Cup និង FA Cup ប៉ុន្តែត្រូវបានបំបាក់មុខនៅឆ្នាំ២០១៩-២០២០ ខណៈដែលក្រុម Liverpool បានបញ្ចប់ការរង់ចាំរយៈពេល៣០ឆ្នាំរបស់ពួកគេដើម្បីទទួលបានពានរង្វាន់កំពូលអង់គ្លេស ៕ដោយ៖ភារៈ