កសិករនៅសង្កាត់និមិ្មត ក្រុងប៉ោយប៉ែតទទួលបានគ្រាប់ពូជដំណាំគ្រប់ប្រភេទពីក្រុមការងារចុះជួយមូលដ្ឋានខេត្ដបន្ទាយមានជ័យ

ចែករំលែក៖

ខេត្តបន្ទាយមានជ័យ៖ ដើម្បីស្ដារការដាំដុះឡើងវិញនៅសហគមន៍និមិ្មត ប្រជាកសិករចំនួន១៣គ្រួសារ ដែលទទួលរងការខូចខាតដោយសារគ្រោះធម្មជាតិជំនន់ទឹកភ្លៀងកាលពីខែតុលា កន្លងមកនេះ នៅភូមិសុខសាន្ត សង្កាត់ និម្មិត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ បានទទួលគ្រាប់ពូជ ដំណាំគ្រប់ប្រភេទជាអំណោយរបស់ លោកឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន ប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន និងជាប្រធានក្រុមការងារចុះជួយមូលដ្ឋានខេត្តបន្ទាយមានជ័យ ដើម្បីស្តារការដាំដុះឡើងវិញ។
អំណោយនេះត្រូវបានលោកឧត្តម សេនីយ៍ឯក ឡាយ គឹមលី នាយកខុទ្ទកាល័យឧបនាយករដ្ឋមន្ត្រី កែ គឹម
យ៉ាន និងជាអនុប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានក្រុងប៉ោយប៉ែត និងក្រុមការងារថ្នាក់ជាតិ ថ្នាក់ក្រោមជាតិ ព្រមទាំងអាជ្ញាធរមូលដ្ឋានក្រុងប៉ោយប៉ែតបាននាំយកទៅចែកជូនដល់កសិករកាលពីព្រឹកថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២០នេះ ។
ក្នុងឱកាសនោះ លោក ឡាយ គឹមលី បាននាំនូវការសាកសួរសុខទុក្ខពី សំណាក់ថ្នាក់ដឹកនាំ ជាពិសេសលោកឧបនាយករដ្ឋមន្ត្រី កែ គឹម យ៉ាន ដែលតែងតែគិតគូរពីសុខទុក្ខ ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋទាំងអស់គ្នាគ្រប់កាលៈទេសៈ ដោយលោកនិងលោកស្រី ជាភរិយាបានផ្សារភ្ជាប់សុខទុក្ខរបស់ប្រជាពលរដ្ឋគឺជាសុខទុក្ខរបស់លោក។
ក្នុងនាមលោកឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តបន្ទាយមានជ័យ លោក ឡាយ គឹមលី បានថ្លែងអំណរគុណដល់ប្រជាពលរដ្ឋ ដែលបានបន្តចូលរួមថែរក្សាសន្តិភាពជាមួយរាជរដ្ឋាភិបាលក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា ដើម្បីបន្តការអភិវឌ្ឍមូលដ្ឋានឱ្យមានការរីកចម្រើនកាន់តែឆាប់រហ័សនោះ។
លោកក៏បានក្រើនរម្លឹកដល់ប្រជាពល រដ្ឋបន្តថែរក្សាសុខភាព ចូលរួមឱ្យបាន សកម្មបង្ការរោគរាតត្បាតផ្សេងៗ ពិសេសជំងឺកូវីដ-១៩ ត្រូវតែអនុវត្តឱ្យបានខ្ជាប់ខ្ជួនតាមវិធានការរបស់ក្រសួងសុខាភិបាល និងបន្តប្រយុទ្ធប្រឆាំងបញ្ហាគ្រឿងញៀន នៅសហគមន៍មូលដ្ឋាន។
សូមបញ្ជាក់ថា៖ អំណោយដែលផ្តល់ជូនប្រជាពលរដ្ឋនាឱកាសនោះរួមមាន ផ្ទះចាំចម្ការចំនួន៤ខ្នង អង្ករ មី ត្រីខ ទឹកត្រី ភួយ ទឹកបរិសុទ្ធ និងគ្រាប់ពូជដំណាំជាច្រើនទៀតផងដែរ៕ សំរិត


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print