រដ្ឋាភិបាលវៀតណាម គំរាមបិទ​ហ្វេ​ស​ប៊ុ​ក​ទាំងស្រុង​ ចំពោះការផ្សព្វផ្សាយ​ព័ត៌មាន​រំលោភ​លើ​ទំនៀមទម្លាប់​ប្រពៃណីរបស់​ខ្លួន និង​រំលោភ​លើ​ផលប្រយោជន៍​រដ្ឋ​

ចែករំលែក៖

អន្តរជាតិ៖ បើតាមទីភ្នាក់ងារ​ព័ត៌មាន Reuters ដកស្រង់មន្ត្រីជាន់ខ្ពស់​របស់​ក្រុមហ៊ុន​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​ដែលមាន​មូលដ្ឋាន​នៅ​ស​.​រ​.​អា​. បាន​ប្រាប់​ថា ប្រទេស​វៀតណាម​បាន​គំរាម​បិទ​ហ្វេ​ស​ប៊ុ​កនៅ​ក្នុងប្រទេស ប្រសិនបើ​ក្រុមហ៊ុន​នេះ​មិន​ធ្វើតាម​សម្ពាធ​របស់​រដ្ឋាភិបាល​វៀតណាម ក្នុងការ​ត្រួតពិនិត្យ​ខ្លឹមសារ​នយោបាយ​ក្នុងស្រុក​បន្ថែមទៀត​ដែលមាន​ផ្សាយ​តាម​ហ្វេ​ស​ប៊ុ​ក​។​

​ដោយសារ​ជា​បញ្ហា​រសើបមន្ត្រី​រូបនេះ​ដែល​សុំ​មិន​បញ្ចេញ​ឈ្មោះ​ បាន​និយាយថា ក្រុមហ៊ុន​ហ្វេ​ស​ប៊ុ​កបាន​អនុវត្តតាម​ការស្នើសុំរ​បស់​រដ្ឋាភិបាល​វៀតណាម កាលពី​ខែមេសា ដើម្បី​បង្កើន​ការត្រួតពិនិត្យ​លើ​ការ​បង្ហោះ​ខ្លឹមសារ ដែល «​ប្រឆាំងនឹង​រដ្ឋ​» ដោយ​អ្នកប្រើប្រាស់​ក្នុងប្រទេស​វៀតណាម ប៉ុន្តែ​នៅ​ខែសីហា អាជ្ញាធរ​វៀតណាម​បាន​ស្នើសុំ​ម្តងទៀត​ឲ្យ​ក្រុមហ៊ុន​នេះ​បង្កើន​ការ​រឹតត្បិត​លើ​ការផ្សាយ​រិះគន់​។​

​មន្ត្រី​រូបនេះ បន្តថា ការគំរាមកំហែង​រួមមាន​ការបិទ​ហ្វេ​ស​ប៊ុ​ក​ទាំងស្រុង​នៅ​វៀតណាម ដែលជា​ទីផ្សារ​ដ៏​ធំ​មួយ​សម្រាប់​ក្រុមហ៊ុន​ប្រព័ន្ធ​ផ្សព្វផ្សាយ​សង្គម​នេះ ដែលជា​កន្លែង​រកចំណូលបាន​ជិត ១ ពាន់​លាន​ដុល្លារ​។ នេះ​បើ​យោងតាម​ប្រភព​ចំនួន​ពីរ​ដែល​ដឹង​ពី​តួលេខ​នេះ​។​

​សូមជម្រាបថា ហ្វេ​ស​ប៊ុ​ក​ដែលមាន​អ្នកប្រើប្រាស់​ប្រមាណ ៦០ លាន​នាក់​នៅក្នុង​ប្រទេស​វៀតណាម ហើយ​ផ្តល់​សេវា​សំខាន់​សម្រាប់​ពាណិជ្ជកម្ម​តាម​អន​ឡាញ និង​ជា​វេទិកា​សម្រាប់​ទស្សនៈ​នយោបាយ​ប្រឆាំង​នោះ កំពុង​ស្ថិតក្រោម​ការពិនិត្យ​ពិច័យ​ជាប្រចាំ​ដោយ​រដ្ឋាភិបាល​។​

​ជាក់ស្តែងប្រទេស​វៀតណាម ​ឈរ​នៅ​លំដាប់​ទី ៥ ពី​បាត​តារាង​នៃ​ចំណាត់ថ្នាក់​ពិភពលោក​អំពី​សេរីភាព​សារព័ត៌មាន ដែល​ចងក្រង​ដោយ​អង្គការ​អ្នកសារព័ត៌មាន​គ្មាន​ព្រំដែន​។​ បើទោះបី​មានការ​កំណែទម្រង់សេដ្ឋកិច្ច​និង​បង្កើន​ការបើកចំហ​ចំពោះ​ការផ្លាស់ប្តូរ​សង្គម​ក៏ដោយ ក៏​បក្សកុម្មុយនិស្ត​ដែល​កំពុង​កាន់អំណាច​នៅតែ​រក្សា​ការត្រួតពិនិត្យ​យ៉ាង​តឹងរ៉ឹង​លើ​ប្រព័ន្ធ​ផ្សព្វផ្សាយ និង​អត់ធ្មត់​តិចតួច​ចំពោះ​ការប្រឆាំង​។

​ទាក់ទិននឹងបញ្ហានេះដែរ ដើម្បី​ឆ្លើយតប​ទៅនឹង​សំណួរ​របស់ Reuters ក្រសួងការបរទេស​វៀ​ត​ណា​ម​ បានបញ្ជាក់ថា ហ្វេ​ស​ប៊ុ​ក​គួរតែ​គោរព​តាមច្បាប់​ក្នុងស្រុក​និង​បញ្ឈប់ «​ការផ្សព្វផ្សាយ​ព័ត៌មាន​ដែល​រំលោភ​លើ​ទំនៀមទម្លាប់​ប្រពៃណី​របស់​វៀតណាម និង​រំលោភ​លើ​ផលប្រយោជន៍​រដ្ឋ​»៕ដោយ៖ស តារា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print