នៅពេលនេះ ក្រុមហ៊ុនផលិតឱសថ Pfizer បានបញ្ជូនលិខិតជាផ្លូវការទៅកាន់រដ្ឋបាលចំណីអាហារនិងឱសថអាមេរិក (FDA) ស្នើប្រើប្រាស់ជាបន្ទាន់វ៉ាក់សាំងប្រឆាំងកូវីដ-១៩ ក្រោយពេលទទួលបានជោគជ័យជាង៩៥% ក្នុងការធ្វើតេស្ត ហើយមិនមានផលប៉ះពាល់ណាមួយនោះឡើយ។ សំណើខាងលើ ក្នុងគោលដៅទប់ស្កាត់ការស្លាប់ដោយកូវីដ-១៩កាន់តែច្រើន។
សារព័ត៌មានChannel News Asia (CNA) បានផ្សាយថា លិខិតបានបញ្ជូនទៅកាន់(FDA) រួចរាល់រង់ចាំតែការអនុញ្ញាតឲ្យប្រើប្រាស់និងលក់នៅលើទីផ្សារអាមេរិកប៉ុណ្ណោះ។ នេះជាជំហានដ៏សំខាន់ដើម្បីទប់ស្កាត់ការឆ្លងរាលដាលកាន់តែច្រើន ប៉ះពាល់យ៉ាងខ្លាំងដល់ជីវភាពរស់នៅរបស់ពលរដ្ឋ និងសេដ្ឋកិច្ចជាតិ។
សំណើខាងលើកើតឡើងក្រោយពេលក្រុមហ៊ុនPfizer របស់អាមេរិក និងក្រុមហ៊ុនBioNTech ប្រកាសថាវ៉ាក់សាំងរបស់ខ្លួនមានប្រសិទ្ធភាពដល់ទៅជាង៩៥ភាគរយ ហើយមិនប៉ះពាល់ដល់សុខភាពរបស់ពលរដ្ឋនោះឡើយ។ ក្រុមហ៊ុនទាំងពីរក៏មានគម្រោងបញ្ចេញវ៉ាក់សាំង ឲ្យប្រើប្រាស់នៅចុងឆ្នាំ២០២០នេះ ។
ក្រុមហ៊ុន Pfizer និង BioNTech សង្ឃឹមថា FDA នឹងអនុញ្ញាតឲ្យផ្គត់ផ្គង់វ៉ាក់សាំងប្រឆាំងកូវីដ-១៩ EUA នៅពាក់ណ្តាលខែធ្នូ ខាងមុខ ដើម្បីចែកចាយទៅកាន់មន្ទីរសុខាភិបាលនានា ៕ ដោយ៖ធីរីណា