ខេត្តព្រះសីហនុ៖ រថយន្តពីរគ្រឿងនិងម៉ូតូសណ្តោងរ៉ឺម៉ក១គ្រឿងបានបុកបន្តកន្ទុយគ្នាបណ្តាលឲ្យបុរសម្នាក់រងរបួសធ្ងន់។ ហេតុហេតុការណ៍នេះបានកើតឡើងនៅម៉ោងជាង៣រសៀលថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២០ នៅលើកំណាត់ផ្លូវជាតិលេខ៤ត្រង់ចន្លោះគីឡូម៉ែត្រលេខ១៤៨-១៤៩ ស្ថិតក្នុងភូមិគីិរីវ័ន ឃុំស្ទឹងឆាយ ស្រុកកំពង់សិលា ខេត្តព្រះសីហនុ។
សមត្ថកិច្ចបានឱ្យដឹងថា ហេតុការណ៍នេះបង្កឡើងដោយរថយន្តធុនធំម៉ាកHyundai ពណ៌ត្រួយចេក ពាក់ស្លាកលេខ កំពង់ស្ពឺ 3A-2618 (អ្នកបើកបរមិនទាន់ស្គាល់អត្តសញ្ញាណ) បើកតាមផ្លូវជាតិលេខ៤ក្នុងទិសដៅពីខេត្តព្រះសីហនុទៅរាជធានីភ្នំពេញបានបុកពីក្រោយរថយន្តម៉ាក Hyundai starex ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 2AY-2481 (អ្នកបើកបរមិនទាន់ស្គាល់អត្តសញ្ញាណដូចគ្នា) រួចជ្រុលទៅបុកម៉ូតូសណ្តោងរ៉ឺម៉ក១គ្រឿងទៀតម៉ាកហុងដា វ៉េវ ពាក់ស្លាកលេខ ព្រៃវែង 1M-0011 បើកបរដោយបុរសម្នាក់ឈ្មោះ ឆន សំអូន អាយុ៣០ឆ្នាំ មានទីលំនៅ ភូមិអង្កាញ់ ឃុំប្រធាតុ ស្រុកកំពង់ត្របែក ខេត្តព្រៃវែង បណ្តាលឱ្យអ្នកបើកបរម៉ូតូរ៉ឺម៉ករងរបួសធ្ងន់ ត្រូវបញ្ជូនទៅកាន់មន្ទីរពេទ្យបង្អែកស្រែអំបិលភ្លាមៗ។
បន្ទាប់ពីកើតហេតុអ្នកបើកបររថយន្តទាំង២គ្រឿងបានរត់គេចខ្លួនបាត់ស្រមោល ចំណែកវត្ថុតាងទាំង៣គ្រឿង ផ្នែកជំនាញបានយកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកកំពង់សិលា រង់ចាំដោះស្រាយគ្នានៅពេលក្រោយ៕ជ្រោយពេជ្រ