មីយ៉ាន់ម៉ា ចោទរបាយការណ៍របស់អង្គការសហប្រជាជាតិ រឿងវិបត្តិរ៉ូហ៊ីងយ៉ាថា៖ ដូចបញ្ឆេះភ្លើងជម្លោះឲ្យកាន់តែខ្លាំង

ចែករំលែក៖

អន្តរជាតិ៖ បើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន The Irrawaddy បានបញ្ជាក់ក្នុងសេចក្តីថ្លែងការណ៍របស់អ្នកតំណាងអចិន្ត្រៃយ៍មីយ៉ាន់ម៉ាប្រចាំអង្គការសហប្រជាជាតិថ្ងៃ២០ ខែវិច្ឆិកាថ្មីៗនេះថា រដ្ឋាភិបាលមីយ៉ាន់ម៉ា បានថ្កោលទោសយ៉ាងខ្លាំងទៅសេចក្តីព្រាងសេចក្តីសម្រេចអង្គការសហប្រជាជាតិ ដែលធ្វើដោយក្រុមប្រទេសឥស្លាម និងសហភាពអឺរ៉ុបស្តីពីស្ថានភាពនៅក្នុងរដ្ឋរ៉ាខានរបស់មីយ៉ាន់ម៉ា។

ជាក់ស្តែងរដ្ឋាភិបាលក្រុងណៃពិដោ បានបង្ហាញការមិនអស់ចិត្តទៅលើសេចក្តីព្រាងសេចក្តីសម្រេចរបស់អង្គការសហប្រជាជាតិស្តីពីវិបត្តិរ៉ូហ៊ីងយ៉ា ដែលសេចក្តីព្រាងនោះ ទម្លាក់ការទទួលខុសត្រូវទាំងអស់ទៅលើកងកម្លាំងស្របច្បាប់ និងរដ្ឋាភិបាល។ សម្រាប់ក្រុងណៃពិដោ ការធ្វើសេចក្តីសម្រេចរបៀបនេះ មិនបានជួយឲ្យបញ្ហាធូរស្បើយនោះទេ តែមានតែកាន់តែស្មុគស្មាញទៅវិញនោះទេ។

នៅក្នុងសេចក្តីព្រាងនោះ មហាសន្និបាតបានបង្ហាញក្តីបារម្ភយ៉ាងខ្លាំងអំពីរបាយការណ៍ស្តីពីការរំលោភសិទ្ធិមនុស្សធ្ងន់ធ្ងរដែលប្រព្រឹត្តដោយយោធា និងកងកម្លាំងសន្តិសុខ ក៏ដូចជា៖ការរំលោភច្បាប់មនុស្សធម៌អន្តរជាតិ នៅមីយ៉ាន់ម៉ា ប្រឆាំងនឹងជនជាតិភាគតិចរ៉ូហ៊ីងយ៉ា និងជនជាតិភាគតិចមួយចំនួនផ្សេងទៀត។

សេចក្តីព្រាងដដែលនោះ បានបញ្ជាក់ដោយចំហស្តីពីការរំលោភបំពាននៅមីយ៉ាន់ម៉ា ពាក់ព័ន្ធនឹងការចាប់ខ្លួនយ៉ាងយង់ឃ្នង ការធ្វើទារុណកម្ម ការប្រើប្រាស់កុមារក្នុងពលកម្មដោយបង្ខំ ការរើសអើងជនស៊ីវិលតាមតំបន់ និងការដុតកម្ទេច និងបង្ខំឲ្យចាកចេញពីលំនៅដ្ឋានរបស់ជនជាតិភាគតិចរ៉ូហ៊ីងយ៉ាងជាង ៨៦០ ០០០ នាក់ទៅកាន់បង់ក្លាដែស។

សូមជម្រាបថា ក្រៅពីមិនអាចទទួលយកការលើកឡើងនេះ តំណាងអចិន្ត្រៃយ៍មីយ៉ាន់ម៉ាប្រចាំអង្គការសហប្រជាជាតិ បានចាត់ទុកសេចក្តីព្រាងនេះថា បានបង្ហាញពីភាពបរាជ័យមួយក្នុងការគោរពសិទ្ធិអធិបតេយ្យ និងភាពស្មើភាពរបស់រដ្ឋ ហើយជាការអនុវត្តស្តង់ដារពីរជាន់ផងដែរ។ តំណាងអចិន្ត្រៃយ៍មីយ៉ាន់ម៉ារូបនេះ បានចោទប្រកាន់ថា សេចក្តីសម្រេចរបៀបនេះ មានចរិកលក្ខណៈនយោបាយ ស្តាប់តែម្ខាង និងមិនឆ្លុះបញ្ចាំងពីកិច្ចខិតខំប្រឹងប្រែងរបស់មីយ៉ាន់ម៉ាក្នុងការដោះស្រាយបញ្ហា។

ជាមួយគ្នានេះ អ្នកតំណាងអចិន្ត្រៃយ៍មីយ៉ាន់ម៉ា បានសង្កត់ធ្ងន់ថា សេចក្តីសម្រេចនេះ នឹងក្លាយជាផ្នែកមួយក្នុងការជំរុញឲ្យក្រុមប្រដាប់អាវុធបន្តវាយប្រហាររដ្ឋាភិបាល ដែលប្រៀបប្រដូចនឹងការបញ្ឆេះរងើកភ្លើងនៃជម្លោះឲ្យកាន់តែឆាបឆេះយ៉ាងដូច្នេះឯង៕ដោយ៖ស តារា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print