រដ្ឋបាលរាជធានីភ្នំពេញសម្រេចយក បញ្ហាលិចលង់ដោយទឹកជំនន់នៅខណ្ឌ ដង្កោជាបញ្ហាអាទិភាពក្នុងការដោះ ស្រាយមុនគេ

ចែករំលែក៖

ភ្នំពេញ៖ លោកប៉ា សុជាតិវង្ស ប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញបានបញ្ជាក់ថា សម្រាប់ខណ្ឌដង្កោយើងផ្ដោតប្រមូលផ្ដុំបញ្ហាជាអាទិភាពមួយនោះ គឺដោះស្រាយបញ្ហាលិចលង់ដោយទឹកជំនន់ ក្រោយពីខណ្ឌនេះបានទទួលរងការលិចលង់យ៉ាងធ្ងន់ធ្ងរនាពេលកន្លងមកនេះ ដោយបានធ្វើឱ្យលំនៅឋាននិងស្រែចម្ការរបស់ប្រជាពលរដ្ឋទទួលរងការលិចលង់យ៉ាងធ្ងន់ធ្ងរ។
ការបញ្ជាក់បែបនេះរបស់លោកប៉ា សុជាតិវង្ស បានធ្វើឡើងនាព្រឹកថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២០ នៅក្នុងវេទិកាផ្សព្វផ្សាយនិងពិគ្រោះយោបល់របស់ក្រុមប្រឹក្សារាជធានីភ្នំពេញ អាណត្តិទី៣ នៅសាលាខណ្ឌដង្កោ ។
លោក ប៉ា សុជាតិវង្ស បានមានប្រសាសន៍ថា សម្រាប់ខណ្ឌដង្កោ យើងសម្រេចជ្រើសរើសបញ្ហាធំមួយជាអាទិភាពក្នុងការដោះស្រាយ នោះគឺដោះស្រាយបញ្ហាលិចលង់លំនៅឋានរបស់ប្រជាពលរដ្ឋដោយទឹកជំនន់។ លោកថា បញ្ហាលិចលង់នេះជាបញ្ហាចម្បងដែលទាំងថ្នាក់ជាតិនិងថ្នាក់ក្រោមជាតិរួមគ្នាដោះស្រាយឲ្យបានល្អប្រសើរ យើងនឹងដាក់បញ្ហានេះជាកញ្ចប់មួយដើម្បីសិក្សាធ្វើការដោះស្រាយ ។ ទី១-ការពង្រីកទំនប់សណ្តស្ទឹងព្រែកត្នោតឱ្យធំជាងមុន ពង្រីកកុំឱ្យមានរន្ធនាគ ការលើកកម្ពស់ទំនប់សណ្តស្ទឹងឱ្យខ្ពស់ជាងមុន ។ ទំនប់សណ្តស្ទឹងព្រែកត្នោតពិតជាមានសារៈសំខាន់ បើទំនប់នេះបាក់ឬលិចនោះ វាមិនត្រឹមតែលិចលង់ក្នុងខណ្ឌដង្កោប៉ុណ្ណោះទេ តែវាអាចប្រឈមដល់បណ្ដាខណ្ឌមួយចំនួនផ្សេងទៀតផងដែរ។
លោកបន្តថា៖ បញ្ហាដោះស្រាយការលិចលង់នេះយើងមិនត្រឹមតែលើកកម្ពស់ទំនប់សណ្តស្ទឹងព្រែកត្នោតឲ្យធំជាងមុននិងខ្ពស់ជាងមុនប៉ុណ្ណោះទេ តែយើងនៅបន្តពង្រីកប្រព័ន្ធប្រឡាយ លូឱ្យធំជាងមុនផងដែរ។ ដោយហេតុថា ការលិចលង់មិនត្រឹមតែធ្វើឲ្យខាតបង់ទ្រព្យសម្បត្តិប៉ុណ្ណោះទេ គឺវាប្រឈមជាមួយនឹងជំងឺតម្កាត់ផងដែរ។
លោកក៏បានបញ្ជាក់ថា ជាទិសដៅ យើងនឹងអនុវត្តការងារឱុ្យបានជោគជ័យចំនួន៤ចំណុចថែមទៀត ក្នុងនោះទី១- អនុវត្តឲ្យបានល្អនូវគោលនយោបាយភូមិសង្កាត់មានសុវត្ថិភាព ។ទី២-ការទប់ស្កាត់នូវជំងឺកូវីដ–១៩ ខណៈដែលជំងឺនេះមិនទាន់បានសាបរលាបនៅឡើយ។ ទី៣-ដោះស្រាយផលប៉ះពាល់ប្រជាពលរដ្ឋដោយជំងឺកូវីដ-១៩ ពោលគឺអាជ្ញាធរត្រូវចុះពិនិត្យតាមដានប្រជាពលរដ្ឋដែលទទួលរងផលប៉ះពាល់ ដោយមិនឱ្យមានប្រជាពលរដ្ឋណាម្នាក់ស្លាប់ដោយការអត់បាយទេ ។លោកសង្ឃឹមថា ជំងឺកូវីដ-១៩នេះអាចនឹងបញ្ចប់នៅខែ៣ឬខែ៤ ឆ្នាំ២០២១ ខណៈដែលវ៉ាក់សាំងការពារជំងឺនេះបានចេញជាផ្លូវការ ។ទី៤-ដោះស្រាយបញ្ហាស្រូវនៅខណ្ឌដង្កោ ដោយសារតែខណ្ឌដង្កោគឺជាខណ្ឌមួយដែលមានផ្ទៃដីសម្រាប់ធ្វើកសិកម្មច្រើន។ ដូច្នេះអាជ្ញាធរត្រូវតាមដានពិនិត្យមើល បើប្រជាពលរដ្ឋអត់មានស្រូវពូជត្រូវផ្តល់ស្រូវពូជឲ្យពួកគាត់ បើមិនមានទឹកគ្រប់គ្រាន់ត្រូវដោះស្រាយបញ្ហាទឹកជូនពួកគាត់។
សូមបញ្ជាក់ថា៖ ក្នុងវេទិកាផ្សព្វផ្សាយនិងពិគ្រោះយោបល់ខាងលើនេះ ប្រជាពលរដ្ឋបានលើកឡើងជាសំណើផ្ទាល់មានចំនួន១៧នាក់ និងលើកសំណើជាលាយលក្ខណ៍អក្សរចំនួន២៩សំបុត្រ ហើយក្នុងសំណើនិងសំណូមពរទាំងនោះភាគច្រើនគឺប្រជាពលរដ្ឋបានលើកឡើងពី បញ្ហាទឹកលិចលង់លំនៅឋានរបស់ពួកគាត់ ការសុំស្ថាបនាផ្លូវដាក់គំនូសចរាចរណ៍ ការមានវិធានការចំពោះឡានធំៗដឹកដីបង្កគ្រោះថ្នាក់ ហើយការសូមផ្ដល់សៀវភៅស្នាក់នៅក៏ត្រូវបានលើកឡើងនៅក្នុងវេទិកានេះផងដែរ៕ សំរិត


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print