មន្រ្តីជានខ្ពស់ចក្រភពអង់គ្លេស កំពុងពិចារណាដកចៅក្រមរបស់ខ្លួន ចេញពីតុលាការកំពូលនៅក្រុងហុងកុង

ចែករំលែក៖

អន្តរជាតិ៖ វាជាការឆ្លើយតបចុងក្រោយចំពោះអ្វីដែលចក្រភពអង់គ្លេសចាត់ទុកថា ចិនបានរំលោភលើកាតព្វកិច្ចអន្តរជាតិរបស់ខ្លួននៅក្នុងទឹកដីទីក្រុងហុងកុង នៃអតីតអាណានិគមអង់គ្លេស ស្រាប់តែនៅថ្ងៃចន្ទទី២៣ ខែវិច្ឆិកា ឆ្នាំ២០២០ម្សិលមិញនេះ លោក ដូមីនីក រ៉ាអ៊ែប(Dominic Raab) រដ្ឋមន្រ្តីការបរទេសចក្រភពអង់គ្លេស បាននិយាយថា ចក្រភពអង់គ្លេសកំពុងពិចារណាដកចៅក្រម របស់ខ្លួនចេញពីតុលាការកំពូលរបស់ក្រុងហុងកុង

បើតាមសារព័ត៌មាន CNA បានចុះផ្សាយនៅថ្ងៃអង្គារ ទី២៤ ខែវិច្ឆិកា ឆ្នាំ២០២០នេះថា ចក្រភពអង់គ្លេស ដែលគ្រប់គ្រងទីក្រុងហុងកុងអស់រយៈពេលជាង១៥០ឆ្នាំ រហូតដល់ប្រទេសនេះបានប្រគល់ឲ្យចិនវិញនៅឆ្នាំ១៩៩៧នោះ បានបញ្ជាក់ថា ច្បាប់សន្តិសុខថ្មី ដែលបានដាក់ដោយទីក្រុងប៉េកាំង នៅមុនពាក់កណ្តាលអធ្រាត្រថ្ងៃទី៣០ ខែមិថុនាកន្លងទៅនេះ គឺជាការរំលោភលើសេចក្តីប្រកាសរួមចិនអង់គ្លេសឆ្នាំ១៩៨៤។ជាមួយគ្នានេះ ទីក្រុងឡុងដ៍ ក៏បានជំទាស់ទៅនឹងច្បាប់ថ្មី ដែលបានកំណត់ដោយចិនដីគោក ដើម្បីដកហូតសមាជិកភាពនៃសមាជិកសភាជាប់ឆ្នោត ក្នុងទីក្រុងហុងកុងផងដែរ។

លោក Dominic Raab រដ្ឋមន្រ្តីការបរទេសចក្រភពអង់គ្លេស បានគូសបញ្ជាក់យ៉ាងដូច្នេះថា៖ «ខ្ញុំបានចាប់ផ្តើមពិគ្រោះយោបល់ជាមួយប្រធានតុលាការកំពូលចក្រភពអង់គ្លេស លោក Lord Reed ទាក់ទងនឹងពេលវេលាដែលត្រូវត្រួតពិនិត្យមើលឡើងវិញថា តើវាជារឿងសមស្របឬទេ ដែលចៅក្រមអង់គ្លេសក្លាយជាចៅក្រម មិនអចិន្រ្តៃយ៍នៅតុលាការទីក្រុងហុងកុង»

សូមជម្រាបថា កាលពីខែមិថុនាកន្លងទៅនេះ រដ្ឋាភិបាលក្រុងប៉េកាំង បានដាក់ចេញនូវច្បាប់សន្តិសុខថ្មីមួយលើទីក្រុងហុងកុង ដែលជាការដាក់ទណ្ឌកម្មលើការអបគមន៍, ការបះបោរ និងការគប់គិត ជាមួយកងកម្លាំងបរទេស រហូតដល់ទោសជាប់ពន្ធនាគារ បន្ទាប់ពីមួយឆ្នាំនៃការធ្វើបាតុកម្មដោយហិង្សា។ រដ្ឋាភិបាលលោកខាងលិច និងក្រុមសិទ្ធិមនុស្សអន្តរជាតិបានសម្តែង ការព្រួយបារម្ភថា ច្បាប់នេះនឹងបំបាត់សេរីភាពនៅទីក្រុងហុងកុង។

គួរបញ្ជាក់ថា ចក្រភពអង់គ្លេស ក៏បានប្រកាសរួចហើយជាស្រេចផងដែរ នូវច្បាប់អន្តោប្រវេសន៍ថ្មីដែលធ្វើឱ្យប្រជាជនហុងកុងមានភាពងាយស្រួល ក្នុងការរស់នៅក្នុងចក្រភព អង់គ្លេស ដោយបានព្យួរសន្ធិសញ្ញាធ្វើបត្យាប័នជាមួយទីក្រុងហុងកុង និងបានពង្រីកការដាក់ទណ្ឌកម្មអាវុធរបស់ចិនទៅលើទីក្រុងហុងកុងជាដើម៕ដោយ៖ស តារា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print