ភ្នំពេញ៖ ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក រួមជាមួយនឹងមេបញ្ជាការកងទ័ពជើងគោក នៃបណ្តាប្រទេសអាស៊ានទាំង ០៩ ផ្សេងទៀត បានចូលរួមកិច្ចប្រជុំពហុភាគីមេបញ្ជាការកងទ័ពជើងគោកអាស៊ានលើកទី២១ (21st ACAMM) តាមរយៈប្រព័ន្ធ Virtual Conference ដែលរៀបចំឡើងក្រោមការសម្របសម្រួលរបស់កងទ័ពជើងគោកប្រ៊ុយណេ ជាប្រធាននៃកិច្ចប្រជុំ និងក្រោមប្រធានបទ “ភាពស្អិតរមួត និងការឆ្លើយតបរបស់កងទ័ពជើងគោក នៃបណ្តាប្រទេសអាស៊ាន នៅចំពោះមុខការប្រែប្រួលបញ្ហាសន្តិសុខតំបន់ ស្របតាមគន្លងបែបបទថ្មីក្រោយការរាតត្បាតនៃជំងឺកូវីដ-១៩”នៅថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២០ នៅទីបញ្ជាការកងទ័ពជើងគោក នៃកងយោធពលខេមរភូមិន្ទ។
នៅក្នុងកិច្ចប្រជុំនេះ មេបញ្ជាការកងទ័ពជើងគោក នៃបណ្តាប្រទេសអាស៊ាន បានកត់សម្គាល់អំពីបញ្ហាប្រឈមរួមរបស់កងទ័ពនៅចំពោះមុខវិបត្តិនៃជំងឺរាតត្បាតសាកលកូវីដ-១៩ ដែលធ្វើឱ្យកងទ័ពនៃប្រទេសនីមួយៗត្រូវរ៉ាប់រងទទួលខុសត្រូវលើការងារច្រើនក្នុងពេលតែមួយ។ ក្នុងនោះ ក្រៅពីការខិតខំបំពេញភារកិច្ចស្នូលជាប្រចាំ ដោយត្រូវធ្វើយ៉ាងណារក្សាឱ្យការបំពេញការងារប្រព្រឹត្តទៅជាធម្មតាទាំងការងារប្រតិបត្តិការ, ការងារហ្វឹកហ្វឺន និងកិច្ចសហការផ្សេងៗ ស្របតាមគន្លងបែបបទថ្មីនៃជំងឺកូវីដ-១៩ កងទ័ពក៏ត្រូវមានភារកិច្ចចូលរួមជាមួយរដ្ឋាភិបាលក្នុងការប្រយុទ្ធប្រឆាំងនឹងការរាតត្បាតនៃជំងឺនេះ ដើម្បីការពារសុខភាព និងអាយុជីវិតប្រជាជនផងដែរ។
ឆ្លងតាមបទបង្ហាញរបស់កងទ័ពជើងគោកនៃប្រទេសសមាជិកអាស៊ាននីមួយៗលើបទពិសោធន៍នៃការឆ្លើយតបចំពោះជំងឺកូវីដ-១៩ កិច្ចប្រជុំក៏បានកត់សម្គាល់អំពីជោគជ័យក្នុងកម្រិតផ្សេងៗគ្នា នៃការចូលរួមរបស់កងទ័ពក្នុងការគាំទ្រដល់រដ្ឋាភិបាលនៃប្រទេសរៀងៗខ្លួនលើការបង្ការ និងប្រយុទ្ធប្រឆាំងជំងឺរាតត្បាតសាកលនេះ ក្នុងនោះកងទ័ពបានដើរតួនាទីយ៉ាងសំខាន់ទាំងនៅក្នុងការចូលរួមរៀបចំផែនការ, ការផ្តល់នូវសម្ភារៈ និងការដឹកជញ្ជូន, ការប្រើប្រាស់កម្លាំងសុខាភិបាល, ការសហការជាមួយស្ថាប័ននគរបាលនៅក្នុងការត្រួតពិនិត្យនៅតាមច្រកព្រំដែន និងការអនុវត្តដោយម៉ឺងម៉ាត់នូវរាល់វិធានការសុខាភិបាលទប់ស្កាត់បាននូវការចម្លងនៅក្នុងអង្គភាពជាដើម។ ជាពិសេស ទោះនៅក្នុងកាលៈទេសៈនៃវិបត្តិនេះ កងទ័ពក៏នៅតែខិតខំព្យាយាមរក្សាបាននូវសមត្ថភាពពេញលេញ និងការត្រៀមលក្ខណៈគ្រប់ពេលវេលា អាចបំពេញភារកិច្ច និងប្រតិបត្តិការស្ទើរដូចធម្មតា។ ជាក់ស្តែង ខណៈដែលបណ្តាប្រទេសអាស៊ានភាគច្រើនទទួលរងនូវវិបត្តិគ្រោះទឹកជំនន់ និងខ្យល់ព្យុះដែលកន្លងទៅថ្មីៗនេះ កងទ័ពបានចូលរួមយ៉ាងសកម្មក្នុងប្រតិបត្តិការជួយសង្គ្រោះប្រជាពលរដ្ឋបានទាន់ពេលវេលា និងប្រកបដោយប្រសិទ្ធភាពខ្ពស់។
ជារួម នៅចំពោះមុខវិបត្តិនៃការរាតត្បាតនៃជំងឺកូវីដ-១៩ ដែលមិនទាន់លុបបំបាត់បាននៅឡើយ កិច្ចប្រជុំបានកត់សម្គាល់អំពីតម្រូវការនៃការជំរុញកិច្ចសហប្រតិបត្តិការរួមគ្នារវាងកងទ័ពជើងគោក នៃបណ្តាប្រទេសសមាជិកអាស៊ាន ដើម្បីដោះស្រាយបញ្ហាសន្តិសុខទាំងប្រពៃណី និងមិនមែនប្រពៃណី រួមទាំងបញ្ហាជំងឺកូវីដ-១៩ ដែលជាបញ្ហាកំពុងប្រឈមថ្មីនេះ តាមរយៈការពិចារណារៀបចំសកម្មភាពសហប្រតិបត្តិការមួយចំនួនដូចជា ការជួបប្រជុំ, ការផ្លាស់ប្តូរបទពិសោធន៍របស់នាយទាហានគ្រប់ជាន់ថ្នាក់ និងការធ្វើលំហាត់លើតុតាមប្រព័ន្ធ ICT ទន្ទឹមនឹងការយកចិត្តទុកដាក់លើការពង្រឹងសមត្ថភាពនៅក្នុងវិស័យសន្តិសុខព័ត៌មានវិទ្យា ដើម្បីឱ្យការទំនាក់ទំនងតាមប្រព័ន្ធបច្ចេកវិទ្យាទាំងនេះរក្សាបាននូវសុវត្ថិភាពខ្ពស់។
ក្នុងអំឡុងពេលកិច្ចប្រជុំនេះ ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត ក៏បានគូសបញ្ជាក់អំពីភាពជោគជ័យរបស់កម្ពុជានៅក្នុងការគ្រប់គ្រងស្ថានភាពនៃវិបត្តិជំងឺកូវីដ-១៩ ស្របពេលដែលថ្មីៗនេះ ការិយាល័យចក្ខុវិស័យសេដ្ឋកិច្ចរបស់ប្រទេសសេណេហ្គាល់ បានចាត់ចំណាត់ថ្នាក់កម្ពុជាជាប្រទេសលេខ ៣ ក្នុងចំណោម ១៦៦ ប្រទេសក្នុងពិភពលោក និងជាប្រទេសលេខ ១ នៅក្នុងទ្វីបអាស៊ី ចំពោះប្រសិទ្ធភាពនៃការគ្រប់គ្រងការរីករាលដាលនៃជំងឺកូវីដ-១៩ និងផលប៉ះពាល់ និងបានសង្កត់ធ្ងន់ថា ភាពជោគជ័យនេះ មិនមែនជាការចៃដន្យនោះទេ។ ជាក់ស្តែងណាស់ គឺជាជោគជ័យដែលកើតឡើងដោយសមត្ថភាពនៃការគ្រប់គ្រងប្រកបដោយប្រសិទ្ធភាព និងទាន់ពេលវេលា របស់រាជរដ្ឋាភិបាលកម្ពុជាលើស្ថានភាពនៃវិបត្តិនេះ តាមរយៈការដាក់ចេញនូវវិធានការឆ្លើយតបជាច្រើនប្រកបដោយភាពម៉ឺងម៉ាត់។
គួរបញ្ជាក់ថា កិច្ចប្រជុំនេះ គឺជាការជួបប្រជុំលើកទី២ តាមរយៈប្រព័ន្ធ Virtual Conference រវាងមេបញ្ជាការកងទ័ពជើងគោក នៃបណ្តាប្រទេសអាស៊ាន បន្ទាប់ពីជំនួបពិសេសកាលពីខែកញ្ញា ឆ្នាំ២០២០ កន្លងទៅ ៕ ដោយ៖ សូរិយា