ភ្នំពេញ÷លោកអ៊ិតសំហេង រដ្ឋមន្ត្រីក្រសួងការងារនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ខណៈដែលលោកបានដឹកនាំកិច្ចប្រជុំ គណៈកម្មាធិការ ផ្ដល់ភាពស្របច្បាប់ជូនពលករខ្មែរនៅប្រទេសថៃ នៅទីស្តីការក្រសួងថ្មីៗនេះបានមានប្រសាសន៍ថា កម្ពុជានឹងបញ្ជូនក្រុមការងារបច្ចេកទេស ទៅប្រទេសថៃ ដើម្បីបន្តពន្យារលិខិតធ្វើដំណើរ និងបណ្ណការងារពលករធ្វើការនៅក្រៅប្រទេស ជូនពលករ ឲ្យ បន្តការងារដោយស្របច្បាប់ និងសុវត្ថិភាព។
លោករដ្ឋមន្ត្រី បានបន្តថា ការងារនេះ កម្ពុជានឹងសហការជាមួយសមភាគីថៃ ដើម្បីធ្វើយ៉ាងណាឲ្យពលករខ្មែរដែលកំពុងស្នាក់នៅ និងធ្វើការនៅប្រទេសថៃ ទទួលបាននូវការគាំពារផ្នែកផ្លូវច្បាប់ និងអត្ថប្រយោជន៍ផ្សេងៗដូចពលករដទៃទៀតដែរ ខណ:ដែលកម្ពុជា‑ថៃ បានឯកភាពគ្នាបន្តកិច្ចសន្យាការងាររយៈពេលពីរឆ្នាំថែមទៀតចំពោះពលករដែលបានបញ្ជូនតាមរយៈអនុស្សរណៈនៃការយោគយល់គ្នាហើយត្រូវបញ្ចប់កិច្ចសន្យាការងាររយៈពេល៤ឆ្នាំ ចាប់ពីថ្ងៃទី១ខែវិច្ឆិកា ឆ្នាំ២០២០ រហូតដល់ការរីករាលដាល នៃជំងឺកូវីដ-១៩ អាចគ្រប់គ្រងបានដោយពុំចាំបាច់ធ្វើមាតុភូមិនិវត្តន៍ មកកម្ពុជាវិញ។លោករដ្ឋមន្រ្តីបញ្ជាក់ទៀតថា ប៉ុន្តែបន្ទាប់ពីបញ្ចប់កិច្ចសន្យាការងារបន្តរយៈពេលពីរឆ្នាំហើយ ពលករទាំងនោះនឹងត្រូវត្រឡប់មកកម្ពុជាវិញ ដោយមិនអនុញ្ញាតឲ្យបន្តកិច្ចសន្យាទៀតទេ។
សូមរំលឹកថា កាលពីខែកញ្ញា ឆ្នាំ២០១៧កន្លងទៅ រាជរដ្ឋាភិបាលកម្ពុជា បានបញ្ជូនក្រុមការងារអន្តរក្រសួង ចំនួន៣៦០នាក់ ចែកជា៣ក្រុម ទៅកាន់ប្រទេសថៃ ដើម្បីចុះទៅធ្វើលិខិតបញ្ជាក់អត្តសញ្ញាណជូនដល់ពលករខ្មែរ ដែលកំពុងស្នាក់នៅ និងធ្វើការនៅប្រទេសថៃ ឲ្យមានភាពស្របច្បាប់ ខណៈបច្ចុប្បន្នមានពលករកម្ពុជា កំពុងធ្វើការ និងស្នាក់ប្រទេសថៃ ច្រើននាក់ទៅហើយនោះ ៕
ដោយ÷ប្រាថ្នា