ខេត្តកណ្ដាល៖ជនសង្ស័យជាជនជាតិចិនម្នាក់បានយកកន្ត្រៃចាក់កូនខ្លួនឯង បណ្ដាលឲ្យស្លាប់គួរឲ្យអាសូរ គឺក្រោយពីមានទំនាស់ជាមួយប្រពន្ធ ។ ករណីឃាតកម្មនេះ បានកើតឡើងនៅថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២០ វេលាម៉ោង១៩និង១០នាទី នៅចំណុចក្នុងបន្ទប់លេខ១០១ ផ្ទះសំណាក់មង្គល ក្នុងភូមិថ្មី សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល។
មន្ត្រីនគរបាលក្រុងតាខ្មៅបានឲ្យដឹងថា ជនសង្ស័យឈ្មោះ ភីន ភីន ភេទប្រុស អាយុ៣០ឆ្នាំ ជនជាតិចិន(ជាឪពុកកុមារីរងគ្រោះ) មានប្រពន្ធឈ្មោះធុង ចាន់រះ អាយុ៣០ឆ្នាំ ជនជាតិខ្មែរ ។ ចំណែកកុមារីរងគ្រោះឈ្មោះ ទ័រ ទ័រ អាយុជាង១ឆ្នាំ ជនជាតិខ្មែរ រស់ក្នុងបន្ទុកឪពុកម្តាយ។ ជនសង្ស័យនិងកុមារីរងគ្រោះមានទីលំនៅភូមិសង្កាត់កើតហេតុ។ ចំណែកវត្ថុតាងដកហូតបានមាន កន្រ្តៃដែកដងជ័រ ពណ៌ផ្ទៃមេឃ ប្រវែង១៩សង់ទីម៉ែត្រ ចំនួន១(ជារបស់ជនសង្ស័យ)។
ប្រភពដដែលបន្តថា មុនពេលកើតហេតុ ស្ត្រីជាម្តាយរបស់កុមារីរងគ្រោះ បានចាកចោលប្តីជាជនជាតិចិននិងកូនស្រីតូចរបស់ខ្លួននៅភូមិសង្កែរោង ឃុំរហាស់ ស្រុករវៀង ខេត្តព្រះវិហារ មកជួលផ្ទះសំណាក់មង្គល បន្ទប់លេខ១០១ស្ថិតនៅក្នុងភូមិថ្មី សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល អស់រយៈពេលជាង១ខែមកហើយ។ លុះស្ត្រីជាប្រពន្ធ
បានចាកចេញពីប្តីបានប្រហែល១០ថ្ងៃក្រោយមក ជនសង្ស័យជាប្តីបាននាំកូនស្រីតូចរបស់ខ្លួនមករកម្ដាយឃើញនៅផ្ទះសំណាក់ខាងលើ ហើយបានរស់នៅជាមួយគ្នារហូតមក។លុះមកដល់វេលាម៉ោង១៤និង០០នាទីថ្ងៃទី២៤ខែវិច្ឆិកាឆ្នាំ២០២០ ស្រាប់តែគេឮជនសង្ស័យបានឈ្លោះប្រកែកជាមួយប្រពន្ធយ៉ាងខ្លាំង ហើយស្ត្រីជាប្រពន្ធក៏បានចេញពីបន្ទប់ផ្ទះសំណាក់បាត់ទៅ។
លុះមកដល់វេលាកើតហេតុខាងលើ ស្រាប់តែជនសង្ស័យបានយកកន្រ្តៃចាក់កូនខ្លួនឯងជាច្រើនកន្រ្តៃបណ្តាលឲ្យដេកស្លាប់លើពូក ហើយចាក់ខ្លួនឯងបណ្តាលឲ្យមានរបួសស្នាម។បន្ទាប់មកពូរបស់កុមារីរងគ្រោះបានឃើញក្មួយមានឈាមច្រើននៅក្នុងបន្ទប់ទឹក ក៏បានដឹកកុមារីរងគ្រោះយកទៅសង្គ្រោះនៅមន្ទីរពេទ្យជ័យជំនះ ប៉ុន្តែកុមារីរងគ្រោះ បានស្លាប់បាត់ទៅហើយ។ បច្ចុប្បន្ន ជនសង្ស័យត្រូវបានសមត្ថកិច្ចជំនាញកសាងសំណុំរឿងចាត់ការតាមនីតិវិធីច្បាប់៕
ដោយស្អាងជ័យ