វិមានក្រិមឡាំងបានប្រកាសថា ប្រធានាធិបតីរុស្ស៊ី លោកពូទីន មិនទាន់អាចចាក់វ៉ាក់សាំងការពារកូវីដ-១៩បាននៅឡើយទេ ហើយលោកក៏មិនទាន់សម្រេចថានឹងចាក់វ៉ាក់សាំងនៅពេលណាដែរ។
ប្រធានាធិបតីរុស្ស៊ី លោកពូទីន មិនស្ថិតនៅក្នុងចំណោមអ្នកស្ម័គ្រចិត្តចាក់វ៉ាក់សាំងកូវីដ-១៩ដំណាក់កាលចុងក្រោយឡើយ។ សារព័ត៌មាន TASS បានផ្សាយថា «ជាការណ៍ពិតណាស់ ប្រមុខដឹកនាំប្រទេស មិនអាចចូលរួមស្ម័គ្រចិត្តចាក់វ៉ាក់សាំងនៅពេលនេះឡើយ ដោយមានរឿងជាច្រើនត្រូវដោះស្រាយ»។
កន្លងមក លោកពូទីនបានបញ្ជាក់ថា វ៉ាក់សំាងSputnik Vផលិតដោយប្រទេសរុស្ស៊ី ដែលបានអនុម័តដំបូងគេបង្អស់លើពិភពលោក ហើយកូនស្រីរបស់ប្រធានាធិបតីពូទីនក៏បានចាក់វ៉ាក់សាំងការពារខាងលើនោះដែរ។
សារព័ត៌មាន CNN បានផ្សាយថា វ៉ាក់សាំងSputnik V មិនទាន់បញ្ចប់ការសាកល្បងដំណាក់កាលចុងក្រោយនៅឡើយទេ ក្រុមគ្រូពេទ្យកំពុងតែតាមដានពីប្រសិទ្ធភាព និងផលប៉ះពាល់។
តាមសារព័ត៌មាន The Hill មកទល់ពេលនេះមានប្រទេសជាង ៥០ហើយបានបញ្ជាទិញវ៉ាក់សាំងSputnik V របស់រុស្ស៊ី សរុបជាង១,២ពាន់លានដូស។ ជាមួយនឹងលទ្ធផលធ្វើតេស្តមានប្រសិទ្ធភាពជាង ៩០ភាគរយ ហើយវ៉ាក់សាំងខាងលើនឹងប្រើប្រាស់ជាផ្លូវការក្នុងពេលឆាប់ៗ៕ ដោយ៖ធីរីណា