ភ្នំពេញ៖ បន្ទាប់ពីមានអង្គភាពសារព័ត៌មានមួយចំនួន និងការផ្សព្វផ្សាយតាមបណ្ដាញសង្គមហ្វេសប៊ុកកាលពីថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២០ដោយចោទប្រកាន់លោកឧកញ៉ា នួន អក ជាម្ចាស់ក្រុមហ៊ុន អិមស៊ី នេតឈ័រ ផ្លេនីត ឯ.ក និងបក្ខពួកថា៖ បានធ្វើការលក់ ផលិតផលក្លែងក្លាយគ្មានច្បាប់ត្រឹមត្រូវតាមច្បាប់ ដែលធ្វើឲ្យប៉ះពាល់សុខភាពអ្នកប្រើប្រាស់ធ្ងន់ធ្ងរ ហើយត្រូវពលរដ្ឋសម្រេចដាក់ពាក្យបណ្ដឹងទៅសមត្ថកិច្ចនគរបាលក្រសួងមហាផ្ទៃ ។ ជាការឆ្លើយតបទៅវិញភ្លាមៗ លោកឧកញ៉ា នួន អក ដែលជាម្ចាស់រីស៊តកំពតឋានសួគ៌ បានឲ្យមេធាវីចេញលិខិតឆ្លើយបំភ្លឺ និងបដិសេធទាំងយប់ថ្ងៃដដែលថា លោកមិនមែនជាម្ចាស់ក្រុមហ៊ុន អិមស៊ី នេតឈ័រ ផ្លេនីត ឯ.ក ដូចសារព័ត៍មានមួយចំនួនផ្សព្វផ្សាយនោះទេ ។
ជាក់ស្តែងនៅក្នុងលិខិតឆ្លើយបំភ្លឺរបស់លោកឧកញ៉ា នួន អក បានបង្ហាញឲ្យដឹងថា៖ ខ្ញុំបាទ នួន អក ភេទប្រុស ជនជាតិខ្មែរ សញ្ជាតិខ្មែរ មានអាស័យដ្ឋានបច្ចុប្បន្នភូមិញរ សង្កាត់កណ្ដោលដុំ ក្រុងច្បារមន ខេត្តកំពង់ស្ពឺ សូមធ្វើការឲ្យឆ្លើយបំភ្លឺពាក់ព័ន្ធជាមួយសារព័ត៌មានមួយចំនួនដែលបានបង្ហោះជាប់ជាមួយរូបថតរបស់ខ្ញុំបាទថាខ្ញុំបាទជាម្ចាស់ភាគហ៊ុននៅក្រុមហ៊ុន អិមសុី នេតឈ័រ ផ្លេនីត ឯ.ក គឺមិនពិតនោះទេ។
លោកឧកញ៉ាម្ចាស់រីស៊តកំពតឋានសួគ៌បានបន្តថាជាក់ស្ដែងកន្លងមកខ្ញុំបាទពិតជាបានចូលរួមជួយផ្សព្វផ្សាយឱ្យក្រុមហ៊ុន អិមសុី នេតឈ័រ ផ្លេនីត ឯ.កនេះពិតប្រាកដមែនប៉ុន្តែខ្ញុំបាទពុំមានភាគហ៊ុនឬចំណែកណាមួយក្នុងក្រុមហ៊ុននោះទេ។ហើយខ្ញុំបាទនិងចូលរួមសហការជាមួយផ្លូវច្បាប់ជានិច្ចពីព្រោះខ្ញុំបានមិនបានពាក់ព័ន្ធនឹងអំពើដូចសារព័ត៌មានយកទៅចុះផ្សាយនោះទេ។
លោកឧកញ៉ាបានបញ្ជាក់ទៀតថា ដោយការផ្សព្វផ្សាយព័ត៌មានខាងលើនេះ បានធ្វើឱ្យប៉ះពាល់ដល់សេចក្ដីថ្លៃថ្នូរកិត្តិយសនិងធ្វើឲ្យមហាជនមានការភាន់ច្រឡំមកលើរូបខ្ញុំបាទ ជាពិសេសបានធ្វើឱ្យប៉ះពាល់ដល់ផលប្រយោជន៍អាជីវកម្មរបស់ខ្ញុំបាទយ៉ាងធ្ងន់ធ្ងរផងដែរ។
ជាមួយគ្នានោះដែរលោកឧកញ៉ា នួន អក ក៏បានលើកឡើងយ៉ាងដូច្នេះទៀតថា ដូច្នេះស្នើសុំសារព័ត៌មានទាំងអស់មេត្តាធ្វើការលុបរូបថតនិងព័ត៌មានដែលពាក់ព័ន្ធជាមួយខ្ញុំបាទចោលទាំងអស់និងបញ្ឈប់ជាបន្ទាន់នូវរាល់សកម្មភាពទាំងឡាយណាដែលធ្វើឲ្យប៉ះពាល់ដល់រូបខ្ញុំបាទក្នុងករណីមិនព្រមបញ្ឈប់ ខ្ញុំបាទនិងចំណាត់ការតាមផ្លូវច្បាប់ដោយមិនមានការលើកលែងឡើយ។ អាស្រ័យដូចបានជម្រាបជូនខាងលើសូមសារព័ត៌មានទាំងអស់ទទួលជ្រាបជាព័ត៌មាននិងទទួលនូវការគោរពរាប់អានអំពីខ្ញុំបាទ៕ដោយ៖ស តារា