កងទ័ពជើងគោក ទទួលអំណោយរថយន្តពីក្រុមហ៊ុនកម្ពុជាតេលាចំនួន១០គ្រឿង

ចែករំលែក៖

ភ្នំពេញ៖ ក្រុមហ៊ុនកម្ពុជាតេលាបានផ្តល់រថយន្តចំនួន១០គ្រឿង រួមមាន រថយន្តប្រភេទដឹកជញ្ជូនអ្នកដំណើរ ចំនួន ០៤គ្រឿង និងរថយន្តដឹកប្រេងឥន្ធនៈចំនួន០៦គ្រឿងជូនដល់បញ្ជាការដ្ឋានកងទ័ពជើងគោកនិងបញ្ជាការដ្ឋានជាតិកម្លាំងពិសេសប្រឆាំងភេរវកម្ម ។

ពិធីប្រគល់និងទទួលរថយន្តខាងលើកនេះ ត្រូវបានធ្វើឡើង នៅទីបញ្ជាការកងទ័ពជើងគោក នៃកងយោធពលខេមរភូមិន្ទ ដោយលោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក កាលពីព្រឹថ្ងៃទី២៧  ខែវិច្ឆកាឆ្នាំ២០២០ ។

នាឱកាសនោះលោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត បានថ្លែងអំណរគុណដល់ក្រុមហ៊ុនកម្ពុជាតេលា ដែលជានិច្ចកាលតែងតែបានជួយឧត្ថម្ភគាំទ្រដល់កងទ័ព ទាំងការជួយផ្គត់ផ្គង់ប្រេងឥន្ធនៈ និងការជួយដោះស្រាយតម្រូវការផ្សេងៗរបស់កងទ័ពនាពេលកន្លងមក ។

លោកឧត្តមសេនីយ៍ឯក មានប្រសាសន៍ថា ការផ្តល់រថយន្តទាំង១០គ្រឿងនៅពេលនេះ គឺពិតជាបានឆ្លើយតបទៅនឹងសេចក្តីត្រូវការជាក់ស្តែងរបស់អង្គភាពលើមធ្យោបាយដឹកជញ្ជូន ជាពិសេសការធានាម្ចាស់ការចល័តផ្គត់ផ្គង់ប្រេងឥន្ទនៈឱ្យបានទាន់ពេលវេលា នៅពេលមានតម្រូវការបន្ទាន់។ ជាបទពិសោធន៍ជាក់ស្តែងកន្លងទៅនេះ កងទ័ពបានទទួលបទបញ្ជាចេញធ្វើប្រតិបត្តិការជួយសង្គ្រោះប្រជាពលរដ្ឋរងគ្រោះដោយទឹកជំនន់នៅតាមមុខព្រួញនានា ហើយតម្រូវការមធ្យោបាយដឹកជញ្ជូន គឺជាកត្តាចាំបាច់មិនអាចខ្វះបាន ។
ដោយឡែកលោកឧកញ៉ា ឈុន អូន អគ្គនាយកក្រុមហ៊ុនកម្ពុជាតេលា បានសម្តែងនូវទឹកចិត្តរីករាយបំផុត និងបានប្តេជ្ញាបន្តជួយដល់កងទ័ពជានិច្ច ជាពិសេសនៅពេលមានតម្រូវការក្នុងកាលៈទេសៈណាក៏ដោយ គឺក្រុមហ៊ុននឹងត្រៀមជួយដោះស្រាយឱ្យអស់លទ្ធភាព៕

ដោយ៖ សូរិយា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print