អន្តរជាតិ៖ បើទោះបីជាករណីឆ្លងក្នុងប្រទេសប្រេស៉ីល នៅតែកើនឡើង នៅថ្ងៃទី ២៦ ខែវិច្ឆិកា ឆ្នាំ២០២០ ប្រធានាធិបតីប្រេស៊ីលលោក ជែបុលសូណារ៉ូ (Jair Bolsonaro) បានបញ្ជាក់ថា លោកនឹងមិនចាក់ថ្នាំវ៉ាក់សាំងកូវីដ–១៩ឡើយ។ ហើយនេះជាការលើកឡើងចុងក្រោយដែលបង្ហាញការមិនទុកចិត្តចំពោះកម្មវិធីចាក់វ៉ាក់សាំងកូវីដ–១៩។ មិនតែប៉ុណ្ណោះលោកក៏ធ្លាប់និយាយលេងសើចថា នឹងយកវ៉ាក់សាំងទៅចាក់ឲ្យឆ្កែខ្លួន។
លោក ជែ បុលសូណារ៉ូ លើកឡើងក្នុងសេចក្តីថ្លែងការណ៍មួយ ដែលចុះផ្សាយដោយទីភ្នាក់ងារព័ត៌មាន Reuters ថា៖«ខ្ញុំប្រាប់អ្នក ខ្ញុំនឹងអត់ចាក់វា[ថ្នាំវាក់សាំងកូវីដ–១៩]ឡើយ។ នេះជាសិទ្ធិខ្ញុំ»។។ បន្ថែមពីនេះ លោកនគូសបញ្ជាក់ថា សភាប្រេស៊ីល ក៏ទំនងមិនតម្រូវឲ្យពលរដ្ឋប្រេស៊ីលចាក់ថ្នាំវ៉ាក់សាំងផងដែរ។
ជាថ្មីម្តងទៀត ប្រធានាធិបតីប្រេស៊ីលរូបនេះ សង្កត់ធ្ងន់ថា ពលរដ្ឋប្រេស៊ីល នឹងមិនតម្រូវឲ្យចាក់ថ្នាំវ៉ាក់សាំងកូវីដ–១៩ឡើយ នៅពេលវ៉ាក់សាំងកូវីដ–១៩ មានឲ្យប្រើប្រាស់ទូលំទូលាយនោះ។ ព្រោះកាលពីខែតុលាកន្លងទៅនេះ លោកក៏ធ្លាប់និយាយលេងសើចលើបណ្ដាញសង្គម Twitterលោកថា ការចាក់វ៉ាក់សាំងកូវីដ–១៩ នឹងតម្រូវឲ្យចាក់តែសម្រាប់សត្វឆ្កែលោកប៉ុណ្ណោះ។
ជាមួយគ្នានេះ លោក ជែ បុលសូណារ៉ូ ក៏បានបង្ហាញការមិនទុកចិត្តចំពោះប្រសិទ្ធភាពនៃការពាក់ម៉ាស់ ដោយអះអាងថា វាមានភស្តុតាងប្រាកដប្រជាតិចតួចណាស់ដែលបញ្ជាក់ពីប្រសិទ្ធភាពនៃការពាក់ម៉ាស់ ជួយបង្ការការចម្លងវីរុសកូរ៉ូណា។
បច្ចុប្បន្ន ប្រេស៊ីល មានករណីអ្នកស្លាប់ដោយសារជំងឺកូវីដ–១៩ខ្ពស់លំដាប់លេខ២លើពិភពលោក ហើយលោកប្រធានាធិបតី បុលសូណារ៉ូនៅតែបន្តមើលស្រាលភាពធ្ងន់ធ្ងរនៃជំងឺរាតត្បាតសកលកូវីដ–១៩ បើទោះជាធ្លាប់ឆ្លងជំងឺនេះកាលពីខែកក្កដាក៏ដោយក្តី។
បើគិតត្រឹមថ្ងៃទី ២៧ ខែវិច្ឆិកានេះ ប្រេស៊ីល មានករណីឆ្លងកូវីដ–១៩រហូតដល់ ៦,២លានករណី ក្នុងនោះជាសះស្បើយជាង៥,៥៣លាននាក់ខណៈអ្នកស្លាប់មានជាង១៧,១ម៉ឺននាក់៕ដោយ៖ស តារា