ដឹងការពិតហើយ! ករណីអ្នកសង្ស័យពុលដោយសារថ្នាំបាញ់នៅចម្ការឪឡឹកនៅខេត្តកំពង់ឆ្នាំង​

ចែករំលែក៖

ខេត្តកំពង់ឆ្នាំង៖ ករណីអ្នកសង្ស័យពុលដោយសារថ្នាំបាញ់នៅចម្ការឪឡឹកនៅខេត្តកំពង់ឆ្នាំង​ អ្នកនាំពាក្យក្រសួងសុខាភិបាល លោកស្រីឱ វណ្ណឌីន សូមជម្រាបជូនថា​ តាមរបាយការណ៍ស្តីពីករណីសង្ស័យពុលទឹកដែលមានសារធាតុគីមីពុលនៅភូមិជីប្រ៉ង ឃុំជៀប ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង សរុបជនរងគ្រោះចំនួន១៣នាក់ ស្រី៨នាក់​  និងប្រុស៥នាក់ ដែលមានអាយុពី ៤ឆ្នាំ ដល់​ ៥៣ឆ្នាំ​ ដោយមានស្លាប់ចំនួន ២នាក់ ស្រីទាំងពីរនាក់ និង អ្នកសម្រាកសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យខេត្តកំពង់ឆ្នាំងចំនួន​១០នាក់​ ក្នុងនោះ​មានបុរស ១នាក់​ មានសភាពធ្ងន់។   

តាមរបាយការណ៍ពីមន្ទីរសុខាភិបាលខេត្តកំពង់ឆ្នាំង​ ក៏បានរាយការណ៍ដែរថា​ តាមការសាកសួរ អ្នកភូមិជីប្រ៉ង​ទាំងចាស់​ និងក្មេងបានទៅច្រូតស្រូវនៅព្រៃអូរគគីរ ឃុំជៀប ចាប់ពីថ្ងៃទី២៣​ ខែវិច្ឆិកា​ ឆ្នាំ២០២០​ រហូតដល់ថ្ងៃ២៥​ ខែវិច្ឆិកា​ ឆ្នាំ២០២០។  

ពេលព្រឹកថ្ងៃទី២៤​ ប្រហែលម៉ោង១១ថ្ងៃត្រង់​ ពួកគាត់បានអស់ទឹកសម្រាប់បរិភោគ ក៏បានទៅដងទឹកអណ្តូងដែលគេជីកនៅតាមវាលស្រែយកទឹកសម្រាប់ប្រើប្រាស់​ និងយកមកចែកគ្នាបរិភោគពេលបាយថ្ងៃត្រង់ (សូមបញ្ជាក់ថាពេលព្រឹកនោះ​ មានគេឃើញកសិករដាំឪឡឹកក្បែរនោះ​ បានយកធុងថ្នាំលាយ​ និងលាងធុងថ្នាំនៅទីនោះ​ មុន​ និងក្រោយបាញ់ថ្នាំឪឡឹកគាត់)។

 ក្រោយពីពិសាទឹកនោះបន្តិចមក មានស្ត្រីម្នាក់ចេញសញ្ញាក្អួតចង្អោរ​ តែមិនមានអ្នកចាប់អារម្មណ៍ថាពុលថ្នាំ ស្មានថាខ្យល់ចាប់ និងជាបន្តបន្ទាប់មានអ្នកអស់កម្លាំង ឈឺក្បាល ទន់ដៃជើង ពិបាកដកដង្ហើម និងមានរហូតដល់ស្លាប់២នាក់ ហេីយអ្នកធ្ងន់ម្នាក់បញ្ជូនទៅសម្រាកព្យាបាលនៅមន្ទីរពេទ្យខេត្តកំពង់ឆ្នាំង និងតាមដានជាបន្ត ១០នាក់ផ្សេងទៀតនៅថ្ងៃនោះភ្លាមៗ។

 បច្ចុប្បន្ន​ ស្ថានភាពអ្នកពុលទាំង១០នាក់​ មានសភាពបានធូរស្រាលបានចេញត្រឡប់ទៅផ្ទះសម្បែងរៀងៗខ្លួន​នៅថ្ងៃទី២៧​ រួចហេីយ​ តែស្ត្រីម្នាក់អាយ៥៣ឆ្នាំក៏បានធូរស្បេីយពីការពុលនេះហេីយ​ តែត្រូវនៅបន្តព្យាបាលដោយសារគាត់មានជំងឺសួត ដែលក្រុមគ្រូពេទ្យបានពិនិត្យឃេីញ៕

 

...

ដោយ៖សូរិយា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print