ក្លិប Borussia Dortmund គ្រោងនឹងមានអនាគតវែងឆ្ងាយជាមួយតារាឆ្នើម Erling Haaland ខណៈនាយកកីឡាលោក Michael Zorc បានច្រានចោលការរំពឹងទុកនៃការចាកចេញរបស់ខ្សែប្រយុទ្ធរូបនេះដែលអាចកើតមាននៅទីផ្សារដោះដូរកីឡាករខាងមុខ។ នេះបើយោងតាមការចុះផ្សាយរបស់ livescore.com កាលពីម្សិលមិញ។
Erling Haaland រីករាយនឹងការលេងយ៉ាងខ្លាំងនៅក្លិប Dortmundដោយបានបង្ហាញខ្លួនក្នុងនាមជាខ្សែប្រយុទ្ធដ៏គ្រោះថ្នាក់ម្នាក់ចាប់តាំងពីបានផ្លាស់ពីក្លិប Salzburg មក Dortmund កាលពីខែមករាចំពេលបច្ចុប្បន្នមានក្លិប Real Madrid, Manchester United និង Juventus កំពុងមានទំនាក់ទំនងជាមួយកីឡាកររូបនេះ។
កីឡាករវ័យ២០ឆ្នាំរូបនេះបានក្លាយជាម្ចាស់ជើងឯកពានរង្វាន់ Golden Boy ឆ្នាំ២០២០ ក្លាយជាកីឡាករដែលលឿនជាងគេក្នុងការរកបាន១៥គ្រាប់នៅក្របខ័ណ្ឌ Champions League ក្នុងប្រវត្តិសាស្ត្រនៃការប្រកួត បន្ទាប់ពីបានរកគ្រាប់បាល់ជ័យជម្នះ ៣-០ លើក្លិប Bruggeកាលពីថ្ងៃអង្គារ។
គួររំលឹកថា Erling Haaland បានបំបែកកំណត់ត្រាជាខ្សែប្រយុទ្ធវ័យក្មេងរកបានគ្រាប់បាល់ច្រើនជាងគេក្នុងប្រកួតក្នុងក្របខ័ណ្ឌ Champions League វគ្គជម្រុះដោយយកឈ្នះលើអតីតខ្សែប្រយុទ្ធRuud van Nistelrooy និង Roberto Soldado ក្នុងការបង្ហាញខ្លួនចំនួន៧លើក រកបាន៦គ្រាប់។ កីឡាករអន្តរជាតិន័រវេសរូបនេះរកបាន១០គ្រាប់តាមរយៈការប្រកួតក្របខ័ណ្ឌ Bundesligaក្នុងចំណោម៧ប្រកួតនៅរដូវកាលនេះ និងរកបាន១៧គ្រាប់នៅរាល់ការប្រកួតទាំងអស់ក្នុងឆ្នាំ២០២០-២០២១ ។ ចាប់តាំងពីចូលរួមជាមួយ Dortmund នៅដើមឆ្នាំ២០២០ Haaland បានស៊ុតបញ្ចូលទីបាន ៣៣គ្រាប់ក្នុងការបង្ហាញខ្លួនតែ៣១ដងសម្រាប់ក្រុមយក្សអាល្លឺម៉ង់មួយនេះ ៕ដោយ៖ភារៈ