ពលរដ្ឋថៃរាប់ពាន់នាក់បាននាំគ្នាដង្ហែក្បួននៅថ្ងៃទី២៧ខែវិច្ឆិកា អំពាវនាវឲ្យបញ្ចប់ការធ្វើរដ្ឋប្រហារនៅក្នុងប្រទេសនេះក្រោយពេលមានពាក្យចចាមអារ៉ាមថា នឹងមានការធ្វើរដ្ឋប្រហារជាថ្មីទម្លាក់រដ្ឋាភិបាលរបស់លោកប្រាយុទ្ធ ចាន់អូចា។
សារព័ត៌មាន Channel News Asia បានផ្សាយថា ក្រុមបាតុករបានទាមទារឱ្យនាយករដ្ឋមន្ត្រីប្រាយុទ្ធ ចាន់អូចា អតីតមេទ័ពដែលដឹកនាំធ្វើរដ្ឋប្រហារក្នុងឆ្នាំ២០១៤ លាលែងចេញពីតំណែង ។ ប៉ុន្តែក្រុមបាតុករទាមទារឲ្យលាលែងចេញពីតំណែងដោយសន្តិភាព មិនមានការធ្វើរដ្ឋប្រហារទម្លាក់ ហើយមេទ័ពផ្សេងឡើងដឹកនាំបន្តនោះឡើយ។
តាំងពីខែកក្កដាមកទល់ពេលនេះថៃមានបាតុកម្មកើតឡើងរាល់សប្តាហ៍ប្រឆាំងរដ្ឋាភិបាល និងទាមទារកែទម្រង់ កាត់បន្ថយអំណាចរបស់ព្រះមហាក្សត្រ។ បាតុករមួយរូបបាននិយាយទៅកាន់សារព័ត៌មាន AFPថា «នេះជាពេលវេលាដែលមានវិបត្តិក្នុងទីក្រុងបាងកកនិងប្រទេសថៃ ។ ខ្ញុំចង់ឲ្យមានការបោះឆ្នោតថ្មីដើម្បីផ្លាស់ប្តូរនាយករដ្ឋមន្ត្រីដែលចេះស្តាប់ពលរដ្ឋ»។
ចាប់តាំងពីផ្លាស់ប្តូររបបដឹកនាំប្រជាធិបតេយ្យនៅឆ្នាំ១៩៣២មកទល់ពេលនេះ ថៃបានឆ្លងកាត់ការធ្វើរដ្ឋប្រហារ បានសម្រេចដល់ទៅ១៣លើកមកហើយ៕ដោយ៖ធី រីណា