ភ្នំពេញ៖ ដើម្បីឲ្យការដ្ឋានដាក់បណ្តាញលូផ្លូវលេខ២៨៧ នឹងដាក់លូឆ្លងកាត់ផ្លូវប្រសព្វជាមួយនឹងផ្លូវលេខ៦១៤ ក្នុងសង្កាត់បឹងកក់ទី១ ខណ្ឌទួលគោក
ទទួលបានជោគជ័យដោយគ្មានការរំខាន នោះ អាជ្ញាធររាជធានីភ្នំពេញ បានសម្រេចបិទការធ្វើចរាចរណ៍ជាបណ្តោះអាសន្ននៅផ្លូវលេខ៦១៤ចាប់ពីផ្លូវលេខ២៨៧ដល់ផ្លូវលេខ៦០៨ ហើយការបិទផ្លូវធ្វើចរាចរណ៍នេះនឹងធ្វើឡើងក្នុងរយៈពេល១ខែចាប់ពីថ្ងៃទី២៨ខែវិច្ឆិកា ដល់ថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២០ ។ ដោយហេតុនេះសូមបងប្អូនប្រជាពលរដ្ឋមេត្តាយោគយល់និងអធ្យាស្រ័យ ។ មន្រ្តីរដ្ឋបាលរដ្ឋបាលរាជធានីភ្នំពេញបានឱ្យដឹងថា ខណៈនេះគឺក្រុមការងាររបស់ចៃកាជប៉ុន បាននិងកំពុងដំណើរការការដ្ឋានដាក់បណ្តាញលូផ្លូវលេខ២៨៧ និងដាក់លូឆ្លងកាត់ផ្លូវប្រសព្វជាមួយនឹងផ្លូវលេខ៦១៤ ក្នុងខណ្ឌទួលគោក ហើយដោយសារផ្លូវលេខ២៨៧ មានទទឹងផ្លូវតូចចង្អៀត ការដ្ឋានបានសម្រេចបិទការធ្វើចរាចរណ៍ជាបណ្តោះអាសន្ននៅផ្លូវលេខ៦១៤ចាប់ពីផ្លូវលេខ២៨៧ដល់ផ្លូវ លេខ៦០៨ មានរយៈពេល ១ខែ ដោយចាប់ពីថ្ងៃទី២៨ខែវិច្ឆិកា ដល់ថ្ងៃទី២៨ខែធ្នូឆ្នាំ២០២០ ។
សូមបញ្ជាក់ថា៖ គម្រោងការពារទឹកជំនន់ និងកែលម្អប្រព័ន្ធប្រឡាយលូក្នុងរាជធានីភ្នំពេញជំហានទី៤នេះ មានទឹកប្រាក់សរុបប្រមាណ៣០លានដុល្លារអាមេរិក ដែលជាជំនួយឥតសំណងរបស់រដ្ឋាភិបាលជប៉ុនតាមរយៈទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុនJICA ។ គម្រោងនេះនឹងត្រូវអនុវត្តការដ្ឋានដូចខាងក្រោម ក្នុងនោះរួមមាន៖ ១-ដាក់បណ្តាញលូមេនៅក្នុងភូមិសាស្ត្រខណ្ឌទួលគោក ប្រវែង ៨.២គីឡូម៉ែត្រ។ ២-ដាក់បណ្តាញលូមេ នៅក្នុងភូមិសាស្ត្រខណ្ឌដូនពេញប្រវែង ៤.៤គីឡូម៉ែត្រ។ ៣-សាងសង់អាងស្តុកទឹកក្រោមដី និងសាងសង់ស្ថានីយបូមទឹកនៅសួនច្បារមុខក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា CDC។៤-ដំឡើងរបារមេកានិកស្វ័យប្រវត្តិដើម្បីប្រមូលសំរាមនៅមុខផ្លូវបង្ហូរទឹកនៅស្ថានីយបូមទឹកចតុមុខ ព្រះគន្លង់១ ព្រះគន្លង់២ និងផ្សារចាស់។ ៥-ផ្តល់រថយន្តបូមទឹកចល័តចំនួន២គ្រឿង៕សំរិត