ស្ថានទូតម៉ាឡេស៊ី ឧបត្ថម្ភគ្រឿងឧបភោគបរិភោគ ១៦មុខ ជូនដល់កាកបាទក្រហមកម្ពុជា សម្រាប់ប្រតិបត្តិការជួយប្រជាពលរដ្ឋងាយរងគ្រោះបំផុតក្រោយទឹកជំនន់

ចែករំលែក៖

ភ្នំពេញ៖ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ ស្ថានទូតម៉ាឡេស៊ីប្រចាំព្រះរាជាណាចក្រកម្ពុជា ដែលបានជួយឧបត្ថម្ភគ្រឿងឧបភោគបរិភោគចំនួន ១៦មុខ ដល់កាកបាទក្រហមកម្ពុជា សម្រាប់ប្រតិបត្តិការជួយដល់ប្រជាពលរដ្ឋងាយរងគ្រោះបំផុតក្រោយគ្រោះទឹកជំនន់រហ័ស ឆ្នាំ២០២០នេះ។ កាកបាទក្រហមកម្ពុជា នឹងចាត់ចែងនាំយកអំណោយនេះទៅចែកជូនដល់ប្រជាពលរដ្ឋងាយរងគ្រោះបំផុតដែលរងគ្រោះដោយទឹកជំនន់ និងគ្រោះមហន្តរាយផ្សេងៗដោយផ្ទាល់ដៃ។

កាកបាទក្រហមកម្ពុជា ក៏សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ លោក Colonel HAzmi Hamid អនុព័ន្ធយោធាម៉ាឡេស៊ីប្រចាំនៅកម្ពុជា ដែលបានដឹកនាំគណៈប្រភិភូ តំណាងឱ្យស្ថានទូត និងប្រជាជនម៉ាឡេស៊ី អញ្ជើញចូលរួមជាកិត្តិយសក្នុងឱកាសនៃពិធីប្រគល់-ទទួលអំណោយខាងលើនេះ ដែលជាសក្ខីភាពនៃទឹកចិត្តជ្រះថ្លារបស់សប្បុរសជនជាតិ-អន្តរជាតិ ដោយបានបង្ហាញពីស្មារតីនៃការចែករំលែក និងកម្លាំងសាមគ្គី ស្រឡាញ់គ្នាក្នុងគ្រាក្រ ស្គាល់មិត្តល្អក្នុងគ្រាមានអាសន្ន ជាពិសេសបានឆ្លុះបញ្ចាំងពីកិច្ចសហប្រតិបត្តិការ និងចំណងមិត្តភាពរឹងមាំយូរអង្វែង រវាងប្រជាជន និងប្រទេស កម្ពុជា-ម៉ាឡេស៊ី។

សូមបញ្ជាក់ថា ចាប់តាំងពីខែមករា ដល់ខែវិច្ឆិកា ឆ្នាំ២០២០នេះ កាកបាទក្រហមកម្ពុជា ដែលមាន សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន បានផ្តល់អំណោយមនុស្សធម៌ជូនប្រជាពលរដ្ឋរងគ្រោះ និងងាយរងគ្រោះបំផុត បានសរុបចំនួន ៩៨.៣៥០គ្រួសារ។ ដោយឡែក ចាប់ពីថ្ងៃទី ១ ខែតុលា ដល់ថ្ងៃទី ២៧ ខែវិច្ឆិកា ឆ្នាំ២០២០នេះ បានផ្តល់អំណោយមនុស្សធម៌ជូនប្រជាពលរដ្ឋរងគ្រោះដោយទឹកជំនន់ និងប្រជាពលរដ្ឋងាយរងគ្រោះបំផុត បានសរុបចំនួន ៣៤.០០២គ្រួសារ រស់នៅភូមិចំនួន១.០០២ ឃុំចំនួន៤៣៦ ស្រុកចំនួន១៧១ និងរាជធានី-ខេត្តចំនួន២៥ (ក្នុងនោះឆ្លើយតបដោយទីស្នាក់ការថ្នាក់កណ្តាលចំនួន ១៤.៩៧៦គ្រួសារ និងដោយសាខាចំនួន ១៩.០២៦គ្រួសារ)៕

ដោយ៖ សិលា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print