សារ​របស់សម្ដេច​ក្រឡា​ហោម​ ស​ ខេង​ ឧបនាយករដ្ឋមន្ត្រី​ រដ្ឋមន្ត្រី​ក្រសួង​មហា​ផ្ទៃ​ ជូន​ចំពោះ​ជន​រួម​ជាតិ​ និង​មន្ត្រី​រាជការ​គ្រប់​លំដាប់​ថ្នាក់​!

ចែករំលែក៖

ភ្នំពេញ៖ សម្ដេច​ក្រឡា​ហោម​ ស​ ខេង​ ឧបនាយករដ្ឋមន្ត្រី​ រដ្ឋមន្ត្រី​ក្រសួង​មហា​ផ្ទៃ​ ជូន​ចំពោះ​ជន​រួម​ជាតិ​ និង​មន្ត្រី​រាជការ​គ្រប់​លំដាប់​ថ្នាក់​! បានមានប្រសាសន៍ថា៖ បងប្អូនជនរួមជាតិជាទីគោរពស្រលាញ់ដ៏ជ្រាលជ្រៅ!

ថ្នាក់ដឹកនាំមន្រ្តីរាជការស៊ីវិល និងនគរបាលជាតិ នៃក្រសួងមហាផ្ទៃ និងថ្នាក់ដឹកនាំរដ្ឋបាលថ្នាក់ក្រោមជាតិជាទីរាប់អាន! 

ខ្ញុំសូមជម្រាបជូនថា ខ្ញុំត្រូវបានក្រុមគ្រូពេទ្យយកសំណាកទៅធ្វើតេស្តរកមេរោគ កូវីដ១៩ ដោយសារតែកាលពីម៉ោង ៨ និង៣០នាទី ថ្ងៃទី២៤ ខែវិច្ឆិកា កន្លងទៅ ខ្ញុំបានដឹកនាំកិច្ចប្រជុំអន្តរក្រសួង ពិភាក្សាលើសេចក្ដីព្រាងព្រះរាជក្រឹត្យស្ដីពីការបន្ធូរបន្ថយទោស និងលើកលែងទោស ដោយមានការចូលរួមពីថ្នាក់ដឹកនាំ និងមន្រ្តីនៃក្រសួងមហាផ្ទៃ ក្រសួងយុត្តិធម៌ និងទីស្ដីការគណៈរដ្ឋមន្រ្តី ។ 

នៅក្នុងកិច្ចប្រជុំអន្តរក្រសួងនាថ្ងៃនោះ ឯកឧត្តម ឆែម សាវុធ អគ្គនាយកនៃអគ្គនាយកដ្ឋានពន្ធាគារ ក្រសួងមហាផ្ទៃ ក៏បានចូលរួមដែរ ដោយគាត់បានពាក់ម៉ាស់ ឆ្លងកាត់ការវាស់កំដៅ និងបាញ់អាល់កុលសម្លាប់មេរោគ ដូចរូបខ្ញុំ ព្រមទាំងអ្នកចូលរួមអង្គប្រជុំផ្សេងទៀតដែរ។ ប៉ុន្តែនៅក្នុងអំឡុងពេលប្រជុំនោះ គាត់បានបង្ហើបម៉ាស់ចេញពីមាត់ចំនួន១ដងដើម្បីមានមតិខ្លីមួយ។ 

បន្ទាប់ពីបញ្ចប់កិច្ចប្រជុំ ខ្ញុំក៏បានដើរចេញពីបន្ទប់ប្រជុំ ដោយឆ្លងកាត់ពីក្រោយខ្នង ឯកឧត្តម ឆែម សាវុធ ហើយពេលនោះដែរ គាត់ក៏បានក្រោកឈរ និងមានការឆ្លើយឆ្លងគ្នាខ្លីមួយម៉ាត់ពីរ មុនពេលខ្ញុំចាកចេញពីបន្ទប់ប្រជុំ។ 

ក្រោយពីកិច្ចប្រជុំនោះដែរ តាមព័ត៌មានដែលខ្ញុំទទួលបាន ឯកឧត្តម ឆែម សាវុធ ក៏បានបន្តបំពេញការងារជាធម្មតា និងបានធ្វើដំណើរទៅខេត្តបន្ទាយមានជ័យ ដើម្បីត្រួតពិនិត្យដំណើរការផ្ទេរអ្នកទោសដែលបានផ្ទេរចេញមួយរយៈដោយសារជំនន់ទឹកភ្លៀងនោះចូលមកកាន់ពន្ធនាគារខេត្តបន្ទាយមានជ័យវិញផងដែរ។ 

ជាប្រការគួរឱ្យសោកស្ដាយណាស់ នៅថ្ងៃទី២៨ ខែវិច្ឆិកា ម្សិលមិញនេះ ភរិយាឯកឧត្តម ឆែម សាវុធ ត្រូវបានរកឃើញថាមានជំងឺកូវីដ-១៩ បន្ទាប់ពីមានអាការៈមិនស្រួលខ្លួនរយៈពេលជាងមួយសប្ដាហ៍ ហើយលទ្ធផលជាបន្តបន្ទាប់ក៏បង្ហាញថាឯកឧត្តម ឆែម សាវុធ និងសមាជិកគ្រួសារមួយចំនួនទៀតក៏បានឆ្លងជំងឺនេះដែរ។ 

ដូច្នេះគឺជាការចាំបាច់បំផុតដែលខ្ញុំត្រូវធ្វើចត្តាឡីស័ករយៈពេល១៤ថ្ងៃ តាមវិធានរបស់ក្រសួងសុខាភិបាល។  ទោះបីជាយ៉ាងណា ខ្ញុំនៅតែបន្តបំពេញភារកិច្ចពិនិត្យសម្រេចលើសំណើរ និងសំណូមពរនានាពីថ្នាក់ដឹកនាំក្រសួង និងបងប្អូនជនរួមជាតិជាធម្មតាតាមរយៈគេហទំព័រហ្វេសប៊ុកនេះ ពីបន្ទប់ដាច់ដោយឡែកនៅផ្ទះរបស់ខ្ញុំ។ 

ខ្ញុំសូមអំពាវនាវថ្នាក់ដឹកនាំ មន្រ្តីរាជការស៊ីវិល និងនគរបាលជាតិ ដែលមានការពាក់ព័ន្ធដោយផ្ទាល់ និងប្រយោលទាំងអស់ សូមធ្វើតេស្តរកជំងឺកូវីដ១៩ និងអនុវត្តការដាក់ខ្លួនឱ្យនៅដាច់ដោយឡែកដើម្បីតាមដានសុខភាពក្នុងរយៈពេល១៤ថ្ងៃឱ្យបានច្បាស់លាស់បំផុត ។  

ដោយឡែកចំពោះថ្នាក់ដឹកនាំ មន្រ្តីរាជការ និងនគរបាលជាតិ ដែលមិនមានការជាប់ពាក់ព័ន្ធសូមបន្តបំពេញភារកិច្ចជាធម្មតា ដោយត្រូវប្រកាន់ខ្ជាប់វិធានការអនាម័យ ពាក់ម៉ាស់ លាងដៃ រក្សាគម្លាត ចៀសវាងការប្រមូលផ្ដុំ និងតាមដានសុខភាពជាប្រចាំ។ 

ខ្ញុំក៏សូមថ្លែងអរគុណយ៉ាងជ្រាលជ្រៅបំផុតជូនចំពោះបងប្អូនជនរួមជាតិទាំងអស់ដែលបានផ្ញើសារជូនពរខ្ញុំ ព្រមទាំងក្រុមគ្រួសារ។ ខ្ញុំក៏សូមជូនពរបងប្អូនជនរួមជាតិទាំងអស់ សូមមានសុខភាពល្អ និងចៀសផុតពីគ្រោះចង្រៃជំងឺកូវីដ-១៩។ សូមអរគុណ! ៕

ដោយ៖ សិលា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print