អតីតខ្សែបម្រើសញ្ជាតិសេណេហ្គាល់លេងនៅ Fulham និងPortsmouth បានទទួលមរណភាពក្នុងអាយុ៤២ឆ្នាំ

ចែករំលែក៖

អតីតខ្សែបម្រើសញ្ជាតិសេណេហ្គាល់ ធ្លាប់ធ្វើការនៅ Fulham និងក្លិបPortsmouth គឺកីឡាករ Papa Bouba Diop បានទទួលមរណភាពក្នុងអាយុ៤២ឆ្នាំ។ នេះបើយោងតាមការចុះផ្សាយរបស់ BBC Sport នៅព្រឹកថ្ងៃទី៣០ វិច្ឆិកានេះ។

កីឡាករ Papa Bouba Diop បានបង្ហាញខ្លួនបាន១២៩ប្រកួតនៅក្របខ័ណ្ឌ Premier League ហើយក៏ធ្លាប់លេងក្លិបនៅអង់គ្លេសជាមួយWest Ham United និង Birmingham City ផងដែរ

កីឡាកររូបនេះបានលេងឱ្យជម្រើសជាតិសេណេហ្គាល់នៅព្រឹត្តិការណ៍បាល់ទាត់ពិភពលោកឆ្នាំ ២០០២ ដោយរកគ្រាប់បាល់ឈ្នះនៅក្នុងការប្រកួតបើកឆាកនៃការប្រកួត ពេលដែលប្រទេសរបស់គាត់បានយកឈ្នះបារាំង ១-០ ។

ស្ថាប័នបាល់ទាត់ពិភពលោក FIFA បានបង្ហោះលើបណ្តាញសង្គមដោយបានបង្ហាញពីការសោកស្តាយ និងចាត់ទុកកីឡាករ Papa Bouba Diopជាវីរបុរសរបស់សេណេហ្គាល់។

សេណេហ្គាល់បានឈានដល់វគ្គ ១/៤ ផ្តាច់ព្រ័ត្រនៃព្រឹត្តិការណ៍ World Cup ឆ្នាំ២០០២ ដោយកីឡាករ Papa Bouba Diop រកគ្រាប់បាល់បាន២គ្រាប់ ក្នុងការប្រកួតជម្រុះតាមពូលស្មើ ៣-៣ ជាមួយអ៊ុយរ៉ាហ្គាយ

គាត់ក៏ធ្លាប់ចូលរួមក្នុងការប្រកួតទ្វីបអាហ្រ្វិកចំនួន៤ដងនៃការប្រកួត រួមមានពេលដែលសេណេហ្គាល់ជាជើងឯករងក្នុងឆ្នាំ២០០២ ហើយគាត់បានចូលនិវត្តន៍នៅឆ្នាំ ២០១៣ ។ Papa Bouba Diop បានជួយ Portsmouth ក្រោមការដឹកនាំរបស់លោក Harry Redknapp នៅពេលនោះឈ្នះពានរង្វាន់ FA Cup ក្នុងឆ្នាំ ២០០៨ ។

លោក Redknapp បានប្រាប់ទូរទស្សន៍ BBC ថា គាត់គឺជាមនុស្សអស្ចារ្យម្នាក់។ គាត់ពិតជាអស្ចារ្យសម្រាប់ខ្ញុំដែលជាចរិតដ៏អស្ចារ្យម្នាក់តែងតែរីករាយ ហើយតែងតែមានស្នាមញញឹមនៅលើមុខគាត់

លោក Macky Sall ប្រធានសហព័ន្ធបាល់ទាត់សេណេហ្គាល់បានហៅការស្លាប់របស់ Diop ថា ជាការបាត់បង់ដ៏ធំធេងសម្រាប់សេណេហ្គាល់ខណៈដែលខ្សែបម្រើសេណេហ្គាល់ កីឡាករ Sadio Mane បានសរសេរនៅលើ Instagram របស់គាត់ថា “ ពួកយើងខូចចិត្តនៅពេលដែលបានឮពីដំណឹងមរណភាពរបស់ Pape Bouba។ អ្នកនឹងស្ថិតក្នុងបេះដូងរបស់យើងជារៀងរហូតទោះបីអ្នកចាកចេញដោយមិននិយាយលាដល់យើងក៏ដោយ” ។

ពាក់ព័ន្ធដំណឹងមរណភាពកីឡាករខាងលើសារព័ត៌មាន BBC Sport មិនបានបង្ហាញពីមូលហេតុច្បាស់លាស់នៃការស្លាប់នេះនៅឡើយទេ ប៉ុន្តែបើតាមការអះអាងរបស់សហព័ន្ធបាល់ទាត់សេណេហ្គាល់ គាត់ស្លាប់ដោយសារគាំងបេះដូង ៕

...

ដោយ៖ភារៈ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print