បទអត្ថាធិប្បាយ​៖ ជោគជ័យ​ថ្មី​មួយ​ទៀត​ នៃ​ដំណើរ​ទស្សនៈកិច្ច​របស់សម្តេច ហ៊ុន សែន​នៅ​សហរដ្ឋអាមេរិក​

ចែករំលែក៖

តប​តាម​ការអញ្ជើញ​របស់​លោក​ប្រធានាធិបតី​សហរដ្ឋអាមេរិក​ បារ៉ាក់​ អូបាម៉ា​ ប្រមុខ​នៃ​រាជ​រដ្ឋាភិបាល​​​កម្ពុជា​ សម្តេច ហ៊ុន សែន​ បាន​អញ្ជើញ​ចូល​រួម​ក្នុង​កិច្ចប្រជុំ​កំពូល​ពិសេស​អាស៊ាន​-សហរដ្ឋ អាមេរិក​ ចាប់​ពី​ថ្ងៃទី​១៥​-១៦ ខែកុម្ភៈ ឆ្នាំ២០១៦​ នៅមជ្ឈមណ្ឌល Sunnylands ក្នុងទីក្រុង Rancho Mirage រដ្ឋកាលីហ្វ័រញ៉ាសហរដ្ឋ​អាមេរិក។

នេះ​ជាជោគជ័យ​ថ្មី​មួយ​ទៀត​របស់​រាជ​រដ្ឋាភិបាល ​ដែល​ដឹក​នាំ​ដោយ​គណបក្ស​ប្រជាជន​កម្ពុជា​ នៅលើ​ឆាក​អន្តរជាតិ​។​ ភាព​ស្មើ​មុខ ​ស្មើ​មាត់ និងស្មើសិទ្ធិ​​គ្នា​ទាំង​នៅ​ក្នុង​តំបន់​ និង​ក្នុង​ពិភព​លោក​នេះ​ បានបញ្ជាក់​យ៉ាង​ច្បាស់​ថា​ ព្រះ​រាជាណាណាចក្រ​កម្ពុជា​ត្រូវ​បាន​ទទួល​ស្វាគមន៍​ដោយ​ប្រទេស​មហា​អំណាច​ ​ក្នុង​នាម​​ជា​ប្រទេស​មួយ​ ដែលបាន​​ប្រកាន់​​យក​នូវ​ដំណើរ​ការ​នៃ​លទ្ធិ​ប្រជាធិបតេយ្យ​ សេរី​ពហុបក្ស​ និង​ការ​គោរព​សិទ្ធិ​មនុស្ស​ យ៉ាង​ខ្ជាប់​ខ្ជួន​ បើទោះបី​ជា​គណបក្ស​សង្រ្គោះជាតិ​ និង​ក្រុម​សង្គម​ស៊ីវិល​ដែល​មាន​និន្នាការ​ប្រឆាំង​នៅក្នុង​ប្រទេស ​​ខំ​បំភ្លៃ​ការ​ពិត​ថា​មាន​​ការ​រំលោភ​សិទ្ធិ​មនុស្ស​ធ្ងន់​ធ្ងរ​ ឬ​ដំណើរ​ការ​នៃ​លទ្ធី​ប្រជា​ធិប​​តេយ្យ​​​ដើរ​ថយ​ក្រោយ​យ៉ាង​ណាក៏ដោយនោះ​​។​

ដំណើរ​ទស្សនៈកិច្ច​ជាផ្លូវ​ការ​នេះ​ បាន​បង្ហាញ​ឲ្យ​ឃើញ​កាន់​តែ​ច្បាស់​ពី​ការពង្រីកកិច្ចសហ​ប្រតិបត្តិ​ការលើ​វិស័យសេដ្ឋកិច្ច​ឲ្យ​បាន​កាន់​តែ​ប្រសើរ​ជាងមុន​ ពិសេស​ធ្វើយ៉ាងណា​​ឲ្យ​ទំហំពាណិជ្ជកម្ម​នៃ​​ប្រទេស​ទាំង​ពីរ​មានការកើន​ឡើង ​និងជាពិសេស​គឺ​ការ​ណែនាំ​​ឲ្យ​មានអ្នកវិនិយោគទុន​របស់​សហរដ្ឋ​អាមេរិក​ មក​ធ្វើការ​វិនិយោគក្នុង​ប្រទេសកម្ពុជា​កាន់តែមាន​ការ​កើន​ឡើង​ទ្វេដង​ថែម​ទៀត​។

ជាលទ្ធផល​ផ្លែផ្កា​ មេដឹកនាំ​ទាំងអស់នៅក្នុង​កិច្ច​ប្រជុំពិសេស​នេះ​​​បាន​ព្រមព្រៀងគ្នា ដោយ​សម្រេច​​​​បាន​នូវ​សេចក្តីថ្លែងការណ៍​រួមមួយ ​ដែល​បានដាក់​បញ្ចូល​​ទាំង​ការបន្ត​កិច្ចសហប្រតិបត្តិការ​សេដ្ឋ​កិច្ច ការលើកកម្ពស់​នីតិរដ្ឋ និង​បញ្ហា​ប្រឈម​របស់សកលលោកពេល​​បច្ចុប្បន្ន​​នេះ។

​ទាក់ទិន​នឹង​ការជំរុញ​សេដ្ឋកិច្ចនេះ​ មេដឹកនាំ​អាមេរិក​-អាស៊ាន​ ក៏​បានទទួល​ស្គាល់​នូវ​សារៈសំខាន់​ ​ក្នុងការ​បង្កើតនូវ​​គោលនយោបាយ​ ដែល​នាំ​ដល់​ការបើកចំហ​ការប្រកួតប្រជែងខាង​​សេដ្ឋកិច្ច​​។ គោល​នយោបាយ​នេះ ​នឹង​ជួយ​ជំរុញ​កំណើន​សេដ្ឋកិច្ច ការបង្កើន​​ការងារដល់​ប្រជាពលរដ្ឋ​ ព្រមទាំង​​ជួយ​​ដល់​សហគ្រាស​ធុន​តូច​ និង​មធ្យម ក៏ដូចជា​បង្រួម​គម្លាត​អភិវឌ្ឍន៍រវាង​គ្នា​​ផងដែរ​។

កិច្ច​ទទួល​ស្វាគមន៍​យ៉ាង​កក់​ក្តៅ​ដោយ​លោក​ប្រធានាធិបតី​សហរដ្ឋអាមេរិក​លើក​នេះ​ ចំពោះ​សម្តេច​ ហ៊ុន​ សែន​ ហាក់​ដូច​ជាព្រនង់​មួយ​សំពងយ៉ាង​ធ្ងន់​ធ្ងរ​​​ទៅ​ដល់គណបក្ស​សង្គ្រោះជាតិ ក៏​ដូច​ជា​ក្រុម​​សង្គម​ស៊ីវិល​មួយ​ចំនួន​តូច​ ដែល​ពួក​គេ​តែង​តែ​មើល​មិន​ឃើញ​ពី​កិច្ច​ខិតខំ​ប្រឹង​ប្រែង​កសាង​ និង​អភិវឌ្ឍ​ប្រទេស​របស់​រាជ​រដ្ឋាភិបាល​ ហើយ​តែង​តែ​រិះគន់​នូវ​ចំណុច​អវិជ្ជមាន​​បន្តិបន្តួច​នៅក្នុង​សង្គម​។​

ប្រសិន​បើ​ការ​ដឹក​នាំ​របស់សម្តេច ហ៊ុន សែន​ ពិត​ជាអាក្រក់​ដូច​ការ​លើក​ឡើង​របស់​ក្រុម​ប្រឆាំង​ទាំង​នោះ​មែន​នោះ​ ចុះ​ហេតុអ្វីបាន​ជា​​ប្រទេស​មហាអំណាច​នានា​នៅលើ​ពិភព​លោក​ និង​ប្រទេស​នៅ​ក្នុង​​តំបន់​ រួម​ទាំង​អង្គការ​នានារបស់​អង្គការ​សហប្រជាជាតិ​យល់​ព្រម​ចាប់​ដៃ​ធ្វើ​កិច្ច​សហប្រតិ​បត្តិ​ការ​​ ទាំង​​ផ្នែក​សេដ្ឋកិច្ច ​ ​សន្តិសុខ​ ​ និង​ទាំងផ្នែកសុខាភិបាល​ ជាមួយ​សម្តេច​ ហ៊ុន សែន​?​

ដូច្នេះ​ សច្ចៈធម៌​ និង​​យុត្តិធម៌​ នៃ​ភាព​ត្រឹម​ត្រូវ​ក្នុង​ការ​ដឹក​នាំ​ប្រទេសរបស់​រាជ​រដ្ឋាភិបាល​​ គឺ​ត្រូវ​បាន​វិនិឆ្ឆ័យ​ដោយ​អន្តរជាតិ​ ហើយ​អំពើ​អយុត្តិធម៌ ដែល​កើត​ឡើង​ពី​ការ​បំពុល​ បំភ្លៃ​ការពិត​ នៃ​ក្រុម​ប្រឆាំង​​គឺ​ត្រូវបាន​​បកអាក្រាត ព្រម​ទាំង​បាន​ផ្តល់​នូវ​ភាព​អាម៉ាស់​ចំពោះ​ពួក​គេ​វិញ​​ជាក់​ជាមិន​ខាន​​​៕​

​​ដោយ​៖ ពង្ស សុក្រឹត្យ

...

 

 


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print