ភ្នំពេញ៖ បើយោងតាម លោកស្រី យក់ សម្បត្តិ រដ្ឋលេខាធិការ ក្រសួងសុខាភិបាលបញ្ជាក់ថា៖ អាកាសយានិក និងអ្នកបច្ចេកទេសរបស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា សរុបចំនួន៣៣នាក់ បានអវិជ្ជមានមេរោគកូវីដ១៩ ក្នុងការធ្វើតេស្តនៅថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២០នេះ។
ក្រសួងសុខាភិបាល នៅថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២០នេះ បានធ្វើតេស្តរកមេរោគកូវីដ១៩ លើមនុស្សប្រមាណជាង២ពាន់នាក់ថែមទៀត ដែលពាក់ព័ន្ធនឹងព្រឹត្តិការណ៍សហគមន៍២៨វិច្ឆិកា ខណៈដែលសំណាកទើបនឹងធ្វើតេស្ដបានចំនួន ២,២៤៧សំណាក់ ក្នុងចំណោម៣,៣៣២សំណាក់។
សូមបញ្ជាក់ថា៖ «ព្រឹត្តិការណ៍ឆ្លងចូលសហគមន៍២៨វិច្ឆិកា» បានកើតឡើងបន្ទាប់ពីកម្ពុជា បានរកឃើញករណីឆ្លងកូវីដ១៩ លើខ្លួនស្រ្តីម្នាក់ដែលជាភរិយារបស់ អគ្គនាយកពន្ធនាគារ ដែលរូបគាត់ពុំអាចដឹងថា បានឆ្លងកូវីដ១៩ ពីនរណានោះឡើយ។ ករណីនេះ បានរាលដាលកាន់តែធំ ដែលរហូតមកដល់ថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២០នេះ កម្ពុជាបានរកឃើញមនុស្សសរុប១៤នាក់ហើយ មានជំងឺកូវីដ១៩ ក្នុងចំណោមអ្នកពាក់ព័ន្ធនឹង អគ្គនាយកពន្ធនាគារ និងភរិយារបស់គាត់រាប់ពាន់នាក់។
រាជរដ្ឋាភិបាល បានចាត់វិធានការនានាជាបន្ទាន់ ដើម្បីទប់ស្កាត់ការរីករាលដាល ក្នុងរយៈពេល១៥ថ្ងៃខាងមុខនេះ។
ដោយឡែក សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា បានមានប្រសាសន៍ អំពីការបញ្ចេញសាច់ប្រាក់ជាង ១០០០លានរៀល ទៅរាជធានីខេត្តនៅទូទាំងប្រទេស ក្នុងនោះសម្តេចក៏ជូនពរបងប្អូនជនរួមជាតិឃ្លាតចាកឆ្ងាយ ពីកូវីដ-១៩នេះ។
សម្តេចតេជោ ហ៊ុន សែន មានប្រសាសន៍ថា៖ បងប្អូនជនរួមជាតិ! ព្រឹកមុិញនេះខ្ញុំសំរេចឱ្យបញ្ចេញសាច់ ប្រាក់ជាង១០០០លានរៀលជូនទៅ រាជធានីខេត្តនៅទូទាំងប្រទេសសម្រាប់ជួយដល់គ្រួសារក្រីក្រដែលត្រូវធ្វើចត្តាឡីស័កដែលគ្រួសារនីមួយៗនឹងទទួលបាន២មុឺនរៀលក្នុងមួយថ្ងៃដែលមានរយៈពេល១៥ថ្ងៃដែលថវិកាសរុបទទួលបាន៣០មុឺនរៀលក្នុងមួយគ្រួសារ។
សូមកុំមានការភាន់ច្រឡំថាខ្ញុំតម្រូវឱ្យធ្វើ
ចត្តាឡីសក័១៥ថ្ងៃ។ការធ្វើចត្តាឡីស័ក
ត្រឹមតែ១៤ថ្ងៃប៉ុណ្ណោះតែខ្ញុំផ្តល់ជូន
ថវិកាសម្រាប់១៥ថ្ងៃក្នុងបំណងជួយដល់
ប្រជាពលរដ្ឋក្រីក្រតែប៉ុណ្ណោះ។
សម្តេច ជូនពរបងប្អូនជនរួមជាតិឃ្លាតចាកឆ្ងាយពីកូវីដ-១៩នេះ៕
ដោយ៖ សុខ ខេមរា