ខេត្តសៀមរាបៈ ប្រាសាទព្រះគោត្រូវបានសាងសង់ឡើងនៅក្នុងរាជ្ជកាលព្រះបាទឥន្រ្ទវរ័្មនទី១ (៨៧៧-៨៨៦) ដោយសាងសង់មុនប្រាសាទបាគង ២ឆ្នាំ។ ប្រាសាទនេះ សាងសង់ពីឥដ្ឋ បែរមុខទៅទិសខាងកើត មានកំពែង៣ជាន់ កំពែងខាងក្រៅមានទំហំ៥០០ម៉ែត្រ×៤០០ម៉ែត្រ និងមានគោបុរៈនៅខាងលិច និងខាងកើត ដោយស្ថិតនៅភាគអាគ្នេយ៍ចម្ងាយ ១៥គីឡូម៉ែត្រ ពីតំបន់ប្រាសាទអង្គរ។
នៅផ្នែកកណ្ដាលខាងកើតមានរូបគោនិន្ទ៣ បែរទៅរកប្រាសាទ។ ចំណែកឯតួប៉មប្រាសាទទាំងអស់៦ សង់លើខឿនតែមួយ ចែកជាពីរជួរ ដោយជួរមុខមានប្រាសាទចំនួន៣ និងជួរក្រោយមានប្រាសាទចំនួន៣ ដូចគ្នា។ ប្រាសាទទាំង៦ នេះគឺព្រះបាទឥន្ទ្រវរ្ម័នទ្រង់សាងឡើង ដើម្បីឧទ្ទិសថ្វាយដល់ព្រះឥសូរផង និងដល់បុព្វការីរបស់ទ្រង់ផងដូចជា ប្រាង្គមួយឈ្មោះស្រីប ឬថិវីទ្រ្ទេស្វរៈ សម្រាប់ថ្វាយដល់ព្រះបិតារបស់ទ្រង់។
ប្រាង្គស្រីប ឬទ្រ្ទេទេវី សម្រាប់ថ្វាយដល់ព្រះមាតារបស់ទ្រង់។ ប្រាង្គស្រីបរមេស្វរៈ សម្រាប់ថ្វាយដល់ព្រះបិតុលារបស់ទ្រង់ គឺព្រះបាទជ័យវរ្ម័នទី២ ក្សត្រដំបូងនៃសម័យអង្គរ។ ប្រាង្គស្រីធរណិន្ទ្រទេវី សម្រាប់ថ្វាយដល់ព្រះមហេសីរបស់ជ័យវរ្ម័នទី២។ ប្រាង្គស្រីរុទ្រេស្វរៈ សម្រាប់ថ្វាយដល់ជីតាខាងព្រះមាតាហើយប្រាង្គចុងក្រោយមិនស្គាល់ឈ្មោះ សម្រាប់ថ្វាយដល់ជីដូនខាងព្រះមាតា។
សូមបញ្ជាក់ថា គេគ្រាន់តែស្គាល់ឈ្មោះប្រាង្គដូចបានរៀបរាប់ប៉ុណ្ណោះ ប៉ុន្តែចំពោះឈ្មោះទាំងនេះត្រូវនឹងប្រាង្គណាមួយឱ្យពិតប្រាកដនោះ ពុំទាន់មានឯកសារណាមួយកត់ត្រានៅឡើយទេ។
ម្យ៉ាងទៀត គោនិន្ទ គឺជាជំនិះរបស់ទ្រង់ព្រះឥសូរ ដែលតែងតែទៅណាមកណាជាមួយទ្រង់ជាប់រហូត ដូចនេះប្រាសាទនេះក៏ជាតង្វាយចំពោះព្រះសូរ ផងដែរ ដូចដែលមានរូបសំណាកគោនិន្ទ ទាំង៣ បែរមុខទៅប្រាសាទជាសក្ខីភាពស្រាប់៕
ដោយ៖ សុខដេត,សុណ្ណារ៉ា និងដើម្បីប្រជាជន