អន្តរជាតិ៖ អ្នកស្រី Janet Yellen ត្រូវប្រធានាធិបតីអាមេរិកថ្មីលោក ចូ បៃឌិន ជ្រើសរើសជាបេក្ខភាពរដ្ឋមន្ត្រីរតនាគារ ហើយអ្នកស្រីក៏ក្លាយជាស្ត្រីទីមួយ ដែលនឹងគ្រងតំណែងកំពូលនេះ។ មិនតែប៉ុណ្ណោះប្រធានាធិបតីអាមេរិកថ្មីរូបនេះ ក៏ដាក់បន្ថែមស្ត្រី៣នាក់ទៀត និងបុរសអាមេរិកស្បែកខ្មៅម្នាក់ទៅក្នុងក្រុមការងារសេដ្ឋកិច្ចដ៏ចម្រុះ ក៏ដូចជាប្រកាសក្រុមការងារផ្នែកទំនាក់ទំនងប្រចាំសេតវិមានលោក ដែលសុទ្ធតែជាស្ត្រីផងដែរ។
ជាក់ស្តែងកាលពីថ្ងៃទី៣០ ខែវិច្ឆិកាម្សិលមិញនេះ លោក ចូ បៃឌិន បានប្រកាសតែងតាំងអ្នកស្រី Janet Yellen ឡើងជាបេក្ខភាពសម្រាប់តំណែងរដ្ឋមន្ត្រីរតនាគារអាមេរិក។ ស្ត្រីវ័យ៧៤ឆ្នាំដែលមានបទពិសោធយូរឆ្នាំរូបនេះ ធ្លាប់ធ្វើជាប្រធានធនាគារកណ្ដាលអាមេរិកពីឆ្នាំ២០១៤–១៨ ហើយក៏ធ្លាប់កាន់តំណែងជាប្រធានក្រុមប្រឹក្សានៃអ្នកប្រឹក្សាសេដ្ឋកិច្ចក្រោមអាណត្តិប្រធានាធិបតី Bill Clinton ផងដែរ។ ប៉ុន្តែប្រសិនបើត្រូវអនុម័តដោយព្រឹទ្ធសភាអាមេរិក អ្នកស្រី Yellen នឹងក្លាយជាស្ត្រីដំបូងដែលគ្រងតំណែងរដ្ឋមន្ត្រីរតនាគារអាមេរិក ក្រោយក៏ធ្លាប់បំបែកកំណត់ត្រាស្រដៀងនេះម្ដងហើយ ក្នុងនាមជាស្ត្រីទីមួយដែលកាន់តំណែងជាប្រធានធនាគារកណ្ដាលអាមេរិកនោះ។
បើតាមការបញ្ជាក់នៅលើបណ្ដាញសង្គម Twitter ក្រោយលោក បៃឌិន ប្រកាសការតែងតាំងនេះ អ្នកស្រី Yellen បានលើកឡើងពីបញ្ហាប្រឈមមួយចំនួន ដែលសហរដ្ឋអាមរិកកំពុងជួបប្រទះ។ អ្នកស្រី បានសរសេរយ៉ាងដូច្នេះថា៖ ដើម្បីស្រោចស្រង់សេដ្ឋកិច្ច អនាគតរដ្ឋបាលលោក បៃឌិន ត្រូវតែស្ដារអ្វីដែលហៅថា «ក្តីសុបិនអាមេរិក (American Dream)»។
អ្នកស្រីYellen បានសង្កត់ធ្ងន់ថា៖ «ក្តីសុបិនអាមេរិក» សំដៅលើសង្គមមួយដែលមនុស្សរាល់គ្នាអាចងើបឡើងដើម្បីសម្រេចសក្ដានុពលនិងក្តីសុបិនពួកគេ មិនត្រឹមសម្រាប់ខ្លួនឯងប៉ុណ្ណោះទេ តែក៏សម្រាប់កូនៗពួកគេផងដែរ។ បន្ថែមពីនេះ លោកស្រី«ក្នុងនាមជារដ្ឋមន្ត្រីរតនាគារ ខ្ញុំនឹងធ្វើការរាល់ថ្ងៃ ឆ្ពោះទៅរកការកសាងក្តីសុបិននេះសម្រាប់មនុស្សគ្រប់រូប»។
ដោយឡែកបើនិយាយពីប្រវត្តិការងារវិញ បណ្ឌិតសេដ្ឋកិច្ចមកពីសកលវិទ្យាល័យ Yale រូបនេះ ទទួលការកោតសរសើរចំពោះការជួយជ្រោមជ្រែងក្នុងដំណើរការស្រោចស្រង់សេដ្ឋកិច្ចអាមេរិកឡើងវិញក្រោយវិបត្តិសេដ្ឋកិច្ចឆ្នាំ២០០៧។ ក្នុងឋានៈជាប្រធានធនាគារកណ្ដាលអាមេរិកមួយអាណត្តិពេញ អ្នកស្រីបានយកចិត្តទុកដាក់ខ្លាំងលើផលប៉ះពាល់ដែលបង្កឡើងដោយគោលនយោបាយធនាគារនេះ ទៅលើកម្មករអាមេរិក ក៏ដូចជាការបង់ខាតនៃកំណើនភាពមិនស្មើគ្នារបស់អាមេរិក។
អ្នកស្រី Yellen ចាប់តាំងពីចាកចេញពីតំណែងប្រធានធនាគារកណ្ដាលអាមេរិក បានរិះគន់ខ្លាំងៗពាក់ព័ន្ធនឹងភាពអសកម្មភាពរបស់រដ្ឋបាលលោក ដូណាល់ ត្រាំ ក្នុងការប្រយុទ្ធប្រឆាំងបញ្ហាបម្រែបម្រួលអាកាសធាតុ ក៏ដូចជាទាមទារឲ្យក្រុងវ៉ាស៊ីនតោនបង្កើនកញ្ចប់ថវិកាជំនួយដើម្បីការពារសេដ្ឋកិច្ចអាមេរិក និងពលរដ្ឋ ដែលរងគ្រោះដោយសារជំងឺកូវីដ-១៩។
ក្រុមការងារសេដ្ឋកិច្ចដ៏ចម្រុះរបស់លោក បៃឌិន
ទន្ទឹងនឹងការតែងតាំងអ្នកស្រី Yellen អនាគតប្រធានាធិបតីទី៤៦របស់អាមេរិក ចូ បៃឌិន ក៏អះអាងថា លោកនឹងតែងតាំងលោក Wally Adeyemo ធ្វើជារដ្ឋលេខាធិការរបស់ក្រសួងរតនាគារ។ លោក Adeyemo មានប្រវត្តិធ្វើជាទីប្រឹក្សារងសន្តិសុខជាតិអាមេរិកក្រោមអាណត្តិប្រធានាធិបតី បារ៉ាក់ អូបាម៉ា ហើយក្រោយមកលោកបានក្លាយជាជនជាតិអាមេរិកស្បែកខ្មៅដំបូងឡើងជាប្រធានមូលនិធិអូបាម៉ា។
សូមជម្រាបថា លោកបៃឌិន ដោយមិនក្បត់ពាក្យសន្យាក្នុងការបង្កើ់តគណៈរដ្ឋមន្ត្រីដ៏ចម្រុះសម្រាប់ពលរដ្ឋអាមេរិក ក៏សម្រេចប្រគល់តំណែងកំពូលផ្សេងទៀតក្នុងក្រុមការងារសេដ្ឋកិច្ចរបស់លោកឲ្យទៅដល់ស្ត្រីជើងខ្លាំង៣នាក់ទៀត។ ទីមួយ គឺអ្នកស្រី Neera Tanden ដែលនឹងដឹកនាំការិយាល័យគ្រប់គ្រងនិងកញ្ចប់ថវិកាអាមេរិក (OMB) ដែលជាការិយាល័យធំបំផុតក្នុងចំណោមការិយាល័យដទៃទៀតរបស់ប្រធានាធិបតី។
គុណសម្បត្តិធំរបស់អ្នកស្រី Tanden គឺជួយជ្រោមជ្រែងរដ្ឋបាលអូបាម៉ាបង្កើតច្បាប់ ការថែទាំសុខភាពតម្លៃសមរម្យ ឬ Affordable Care Act ដែលគេស្គាល់ទូលំទូលាយថា «Obamacare»។ សម្រាប់ការតែងតាំងនេះ អ្នកស្រី ដែលបច្ចុប្បន្នជាប្រធានមជ្ឈមណ្ឌលវឌ្ឍនភាពអាមេរិក (Center For American Progress) នឹងក្លាយជាស្ត្រីអាមេរិកកាត់ឥណ្ឌាទីមួយដែលដឹកនាំការិយាល័យនីតិប្រតិបត្តិដ៏ធំនេះ បើនាងឆ្លងផុតព្រឹទ្ធសភាអាមេរិក។
អ្នកស្រី Cecelia Rouse ដែលបច្ចុប្បន្នជាព្រឹទ្ធបុរសមហាវិទ្យាល័យកិច្ចការអន្តរជាតិនិងសាធារណៈនៃសកលវិទ្យាល័យ Princeton ត្រូវបានលោក បៃឌិន ជ្រើសរើសឲ្យធ្វើជាប្រធានក្រុមប្រឹក្សានៃអ្នកប្រឹក្សាសេដ្ឋកិច្ច។ ពីឆ្នាំ២០០៩–២០១១ អ្នកស្រីធ្លាប់ជាសមាជិកនៃក្រុមប្រឹក្សានេះក្រោមអាណត្តិលោក អូបាម៉ា ។ ចំណែក អ្នកស្រី Heather Boushey ដែលជាប្រធានប្រតិបត្តិមជ្ឈមណ្ឌលវ៉ាស៊ីនតោនសម្រាប់កំណើនសមភាព (Washington Center for Equitable Growth) នឹងចូលរួមជាមួយអ្នកស្រី Rouse ក្នុងតួនាទីជាសមាជិកក្រុមប្រឹក្សា។
ក្រុមការងារសេដ្ឋកិច្ច ដែលលោកបៃឌិនរំពឹងបង្ហាញមុខជាផ្លូវការនាថ្ងៃទី ១ ខែធ្នូ នឹងមានការងារស្នូលក្នុងការជួយស្រោចស្រង់សេដ្ឋកិច្ចអាមេរិកដែលរងគ្រោះដោយសារជំងឺរាតត្បាតសកលកូវីដ-១៩ ។ នោះ គឺជួយដោះស្រាយវិបត្តិអត់ការងារធ្វើ ព្រមទាំងជួយសង្គ្រោះអាជីវកម្មអាមេរិកដែលបិទទ្វារ និងហៀបនឹងបិទទ្វារ។
បើតាមទីភ្នាក់ងារព័ត៌មាន Reuters បានដកស្រង់ចេញផ្សាយនៅក្នុងសេចក្តីថ្លែងការណ៍របស់លោក បៃឌិន បានបញ្ជាក់ថា ក្រុមការងារសេដ្ឋកិច្ចលោក បានឆ្លុះបញ្ចាំងពីភាពចម្រុះរបស់អាមេរិក ហើយពួកគេនឹងត្រៀមលក្ខណៈរួចរាល់នៅថ្ងៃទីមួយដើម្បីធ្វើការបម្រើពលរដ្ឋអាមេរិកគ្រប់ស្រទាប់ទាំងអស់។ សម្រាប់ថ្ងៃទីមួយនេះ លោកសំដៅលើថ្ងៃស្បថចូលកាន់តំណែងរបស់លោក ដែលរៀបចំឡើងនាថ្ងៃទី ២០ខែមករា ឆ្នាំ២០២១។
ដោយឡែកផ្ទុយពីលោក ដូណាល់ ត្រាំ ដែលមួយភាគធំបានជ្រើសរើសបុរសស្បែកស សម្រាប់តំណែងកំពូលៗក្នុងគណៈរដ្ឋមន្ត្រីលោកលោក បៃឌិន ត្រូវមើលឃើញថាជាមេដឹកនាំឲ្យតម្លៃខ្ពស់លើស្ត្រី និងភាពចម្រុះនៃរដ្ឋបាលលោក។ កាលពីយប់ថ្ងៃទី ២៩ ខែវិច្ឆិកា អនាគតប្រធានាធិបតីវ័យ៧៨ឆ្នាំរបស់អាមេរិក ប្រកាសក្រុមការងារផ្នែកទំនាក់ទំនងរបស់សេតវិមាន ដែលសុទ្ធសឹងតែជាស្ត្រីទាំងអស់តែម្ដង។
គួរបញ្ជាក់ថា ប្រធានាធិបតីអាមេរិកថ្មីរូបនេះ តែងតាំងអ្នកស្រី Kate Bedingfield ដែលជាអតីតអ្នកនាំពាក្យក្រុមឃោសនាបោះឆ្នោតលោកឡើងធ្វើជាប្រធានផ្នែកទំនាក់ទំនងរបស់សេតវិមានអាមេរិក និងអ្នកស្រី Jen Psaki អ្នកនាំពាក្យជើងចាស់របស់បក្សប្រជាធិបតេយ្យ ធ្វើជាលេខាធិការទទួលបន្ទុកកិច្ចការព័ត៌មាន ។ ចំណែក ទីប្រឹក្សាផ្នែកព័ត៌មានជាន់ខ្ពស់២នាក់របស់អនុប្រធានាធិបតិជាប់ឆ្នោតអាមេរិក កាម៉ាឡាហារីស ក៏ជាស្ត្រីផងដែរ៕ដោយ៖ស តារា