ភ្នំពេញៈនៅវេលាម៉ោង៩ព្រឹកថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០១៦ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា នៃព្រះរាជា ណាចក្រកម្ពុជា អនុញ្ញាតឲ្យ ឯកឧត្តម ឌីមីទ្រី ធ្វេតកូហ្វ (HE. Mr. DMITRY Tsvitkov ) ឯកអគ្គរដ្ឋទូតសហព័ន្ធរុស្ស៊ី ប្រចំានៅព្រះរាជាណាចក្រកម្ពុជា ចូលជួបពិភាក្សាការងារ នៅវិមានរដ្ឋសភា។
នៅក្នុងជំនួបនេះ សម្តេចប្រធាន បានវាយតម្លៃខ្ពស់ចំពោះបេសកកម្មការទូត របស់ឯកឧត្តម ឯកអគ្គរដ្ឋទូតរុស្សី ដែលបានធ្វើឲ្យទំនាក់ទំនង រវាងប្រទេសទាំងពីរ កាន់តែពង្រឹង ពង្រីកឥតឈប់ឈរ។
ជាមួយគ្នានេះ ឯកឧត្តមឯកអគ្គរដ្ឋទូតរុស្សី ក្នុងនាមតំណាងឲ្យ ប្រធានសភាឌុយម៉ារុស្សី បានអញ្ជើញសម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា នៃ ព្រះរាជាណាចក្រកម្ពុជា ទៅចូលរួមកិច្ចប្រជុំលើក ដំបូងរបស់ប្រធានសភា នៃតំបន់អាស៊ី និងអ៊ឺរ៉ុប នៅទីក្រុងមូស្កូ ប្រទេសរុស្សី។
គំនិតផ្តួចផ្តើមនៃកិច្ចប្រជុំនេះ សំដៅដល់៖
– ការពង្រឹងកិច្ចសហប្រតិបត្តិការ ផ្នែកសេដ្ឋកិច្ចនិងសិទ្ធិមនុស្ស
– ការកសាងសន្តិសុខស្មើភាពគ្នា ដែលមិនអាចបំបែកបាន និងសន្តិសុខក្នុងតំបន់
– ការប្រមូលផ្តុំរួមគ្នាប្រឆាំង និងភាវរកម្ម
ជាការឆ្លើយតប សម្តេចប្រធានរដ្ឋសភា ក៏បានយល់ព្រម នឹងដឹកនាំគណៈប្រតិភូជាន់ខ្ពស់ រដ្ឋសភា ទៅចូលរួមក្នុងកិច្ចប្រជុំលើកដំបូងរបស់ប្រធានសភា នៃតំបន់អាស៊ី និងអ៊ឺរ៉ុប ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី១៩-២០ ខែមេសា ឆ្នាំ២០១៦ នាទីក្រុងមូស្កូ ប្រទេសរុស្សីដោយភ្ជាប់ជាមួយដំណើរទស្សនៈកិច្ចជាផ្លូវការផងដែរ ៕
ដោយ៖ សុខ ខេមរា