ភ្នំពេញ៖ បុរស២នាក់បានរងរបួសធ្ងន់បន្ទាប់ពីពួកគេបាននាំគ្នាចូលទៅរាំងលេងកំសាន្តនៅក្នុងក្លឹបកំសាន្តយីហោ Relax ហើយត្រូវសន្តិសុខក្លឹបដេញវាយរហូតដល់ក្នុងផ្ទះបណ្តាលបែកក្បាលហូរឈាមស្រោចខ្លួន បង្កអោយមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង ៨.០០នាទីយប់ថ្ងៃទី ១៧ ខែកុម្ភៈ ឆ្នាំ២០១៦ នៅក្នុងក្លឹបកំសាន្តតែម្តងដែលស្ថិតនៅតាមបណ្តោយផ្លូវ ២០១១ ភូមិតាងួន សង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ ។
ជនរងគ្រោះទាំង២នាក់ដែលរងរបួសធ្ងន់នោះមានឈ្មោះ ទី១.ផល មុន្នីទិត្យា ភេទប្រុស អាយុ២៥ឆ្នាំ មានមុខរបរ ជាអ្នកបើករថយន្ត ជួលដឹកអីវ៉ាន និងមានទីលំនៅផ្ទះលេខ៣១០ ផ្លូវ២០១១ សង្កាត់កាកាប ខណ្ឌពោធសែនជ័យ រងរបួសបែកក្បាល ដោយសារក្រុមសន្តិសុខវាយមួយអាយកូម ចំកណ្តាលក្បាល ទី២.ឈ្មោះហុត កក្តដា ភេទប្រុស អាយុ២៤ឆ្នាំមុខរបរលក់ឈើនៅផ្ទះដែលមានអាស័យដ្ឋានផ្ទះគ្មានលេខ ស្ថិតតាមបណ្តោយផ្លូវរថភ្លើង ភូមិតាងួន សង្កាត់កាកាប ខណ្ឌពោធិសែនជ័យ រងរបួសពកក្បាល ហើយសន្លប់ ។
បើតាមសម្តីរបស់ជនរងគ្រោះឈ្មោះមុន្នីទិត្យា ដែលរងរបួសបែកក្បាលបានអោយដឹងថា មុនពេលកើតហេតុ រូបគេនិងមិត្តភក្តិម្នាក់ទៀត (ជនរងគ្រោះដែលសន្លប់) បាននាំគ្នាចូលរាំលេងកំសាន្តក្នុងក្លឹប Relax លុះពេលចូលផឹកសីុនិងរាំលេងបានមួយសន្ទុះ ស្រាប់តែមានសន្តិសុខចូលមកចាប់ក្រៀកមិត្តរបស់គេចេញមកក្រៅដោយចោតថារាំរញ៉េរញ៉ៃ ឃើញដូចនេះរូបគេបានចូលទៅឃាត់ និងបានសួរថាមានរឿងអ្វីបានជាចាប់ក្រៀកមនុស្សទាំងរស់ដូចនេះ ស្រាប់តែមានសន្តិសុខម្នាក់ក្នុងចំណោមសន្តិសុខទាំងអស់ប្រហែលជាង១០នាក់ បានវាយរូបគេមួយដៃ ទើបធ្វើអោយមានការប្រទូសសារ៉ាយគ្នាមួយប្រាវ ។
ជនរងគ្រោះបានបន្តទៀតថា ដោយមើលឃើញស្ថានភាពមិនស្រួល ព្រោះគេមានគ្នាច្រើនជាងខ្លួន ទើបរូបគេបានស្រែកប្រាប់មិត្តភក្តិគេថា រត់ទៅផ្ទះទៅ ទើបរូបគេបានរត់គេចចេញពីបរិវេណក្លឹបសំដៅមកផ្ទះដែលនៅក្បែរនោះដែរ តែពេលរត់ចូលដល់ផ្ទះហើយក្រុមសន្តិសុខនៅតែរត់តាមមកពីក្រោយរហូតវាយក្បាលគេមួយអាយកូមបែកហូរឈាមស្រោចពេញខ្លួន ថែមទាំងស្រែកថាចោរៗទៀតផង ។
បើតាមសម្តីជនរងគ្រោះម្នាក់ទៀតដែលសន្លប់នោះវិញបានអោយដឹងថា ពេលមានរឿងភ្លាម រូបគេប្រឹងរត់គេចចេញពីក្លឹបសំដៅមកផ្ទះ នៅក្បែរផ្លូវរថភ្លើង តែត្រូវក្រុមសន្តិសុខមានគ្នាច្រើនរត់តាមពីក្រោយដោយស្រែកថាចោរៗ ធ្វើអោយរូបគេភ័យរត់ចូលបូរីមួយកន្លែងដែលនៅក្បែរនោះ ហើយត្រូវក្រុមសន្តិសុខតាមទាន់ព្រួតវាយរហូតសន្លប់ និងត្រូវបានបងប្អូនជនរងគ្រោះយកទៅក្លីនិចក្បែរនោះភ្លាមៗដែរ ។
ក្រោយពេលកើតហេតុជនរងគ្រោះទាំង២បានមកដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍កាកាប ឯជនដៃដល់មិនត្រូវបានសមត្ថកិច្ចឃាត់ខ្លួនបានទេ តែជនរងគ្រោះបានអះអាងថាបានស្គាល់ភិនភាគជនដៃដល់អស់ហើយ ៕
...
ដោយ៖ សុខាសែនជ័យ