ភ្នំពេញ៖ រថយន្តព្រូសមួយគ្រឿងសង្ស័យម្ចាស់ស្រវឹងបើកបរក្នុងល្បឿនលឿនរេចង្កូតទៅបុករបាំងថ្មពុះចែកទ្រូងផ្លូវពេញបណ្តាលឲ្យដាច់កាឡេម្ខាងសំណាងមិនមានមនុស្សរងរបួស។ ហេតុការណ៍នេះបានកើតឡេីងកាលពីវេលាម៉ោង១០និង២០នាទីយប់ ថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០២០ នៅចំណុចស្ពានអាកាសថ្មេីជេីងទី២ ផ្លូវជាតិលេខ៤ ភូមិជម្ពូវ័ន២ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ។
តាមប្រភពព័ត៌មានបានឲ្យដឹងថា មុនពេលកើតហតុគេបានឃើញរថយន្តម៉ាកព្រូស ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខភ្នំពេញBA -7928 ធ្វើដំណើរតាមបណ្តោយផ្លូវជាតិលេខ៤ ក្នុងទិសដៅពីកើតទៅលិចក្នុងល្បឿនលឿនសង្ស័យម្ចាស់ស្រវឹង ខណៈមកដល់ចំណុចកើតហេតុស្រាប់តែរេចង្កូតទៅបុករបាំងថ្មពុះចែកទ្រូងផ្លូវពេញទំហឹងបណ្តាលឲ្យរថយន្តដាច់កាឡេម្ខាងខាងឆ្វេងចំណែករបាំងថ្មវៀចមួយកង់ សំណាងមិនមានមនុស្សរងរបួស។ ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះទៅដល់ចំណុចកេីតហេតុនិងទាក់ទងទៅជំនាញការិយាល័យចរាចរណ៍ផ្លូវគោករាជធានីភ្នំពេញធ្វើការវាស់វែងយករថយន្តទៅរក្សាទុករងចាំដោះស្រាយតាមច្បាប់៕
ដោយ សុខាសែនជ័យ