ជនអនាមិកដែលបានចូលលួចយកទិន្នន័យរបស់ក្រុមហ៊ុន Nintendo ត្រូវបានកាត់ទោសឱ្យជាប់ពន្ធនាគារចំនួន៣ឆ្នាំ

ចែករំលែក៖

ភ្នំពេញ៖ អង្គភាពនាយកដ្ឋាន នគរបាលប្រឆាំងបទល្មើសបច្ចេកវិទ្យា នៅរសៀលថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០២០ បានអោយដឹងថា៖ បុរសម្នាក់ដែលរស់នៅក្នុងរដ្ឋកាលីហ្វរញ៉ា ត្រូវបានតុលាការនៅក្រុង Seattle នៃរដ្ឋវ៉ាស៊ីនតោន កាត់ទោសកាលពីដើមសប្តាហ៍នេះឱ្យជាប់ពន្ធនាគារចំនួន៣ឆ្នាំ និងស្ថិតនៅក្រោមការតាមដានរបស់អាជ្ញាធរចំនួន៧ឆ្នាំទៀត បន្ទាប់ពីគាត់បានចេញពីពន្ធនាគារ។ បន្ថែមលើនេះទៀត តុលាការក៏បានធ្វើការផាកពិន័យ និងបង្គាប់ឱ្យគាត់បង់ប្រាក់ចំនួន ២៥៩,៣២៣ដុល្លារ និងត្រូវចុះឈ្មោះចូលក្នុងបញ្ជីអ្នកបៀតបៀនផ្លូវភេទផងដែរ។

បុរសដែលគេស្គាល់ឈ្មោះថា Ryan S. Hernandez អាយុ២១ឆ្នាំ បានឆ្លើយសារភាពចំពោះមុខតុលាការទាក់ទងនឹងការឆបោកដោយប្រើកុំព្យូទ័រ និងការកាន់កាប់រូបភាពអាសអាភាសរបស់កុមារ។ Hernandez ត្រូវបានរកឃើញថាបានលួចចូលទៅក្នុងប្រព័ន្ធបណ្ដាញរបស់ក្រុមហ៊ុន Nintendo ហើយបានលួចទាញយកទិន្នន័យជាច្រើនកាលពីឆ្នាំ២០១៦។ ដោយសារតែពេលនោះរូបគាត់នៅជាកុមារភាពនៅឡើយ អាជ្ញាធរគ្រាន់តែធ្វើការណែនាំ និងឱ្យរូបគាត់ព្រមទាំងឪពុកម្ដាយធ្វើកិច្ចសន្យាបញ្ឈប់ការជ្រៀតចូលទៅក្នុងប្រព័ន្ធបណ្ដាញរបស់ក្រុមហ៊ុនទៀត។

ផ្ទុយពីការណែនាំរបស់អាជ្ញាធរ នៅក្នុងខែមិថុនា ឆ្នាំ២០១៨ Hernandez បានចាប់ផ្ដើមធ្វើការវាយប្រហារចូលទៅក្នុងប្រព័ន្ធបណ្ដាញរបស់ក្រុមហ៊ុន Nintendo ជាថ្មីម្ដងទៀត ហើយគាត់បានទាញយកទិន្នន័យសម្ងាត់ជាច្រើនទាក់ទងនឹងហ្គេម ឧបករណ៍ហ្គេម និងកម្មវិធីសម្រាប់បង្កើតហ្គេមជាដើម។ នៅពេលដែលអាជ្ញាធរធ្វើការឆែកឆេរផ្ទះរបស់គាត់ ពួកគេបានរកឃើញឯកសារទិន្នន័យរាប់ពាន់របស់ក្រុមហ៊ុន Nintendo និងរូបភាពអាសអាភាសរបស់កុមារក្រោមអាយុផងដែរ៕

...

ដោយ៖ សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print