បណ្តាប្រទេស​នឹងចាក់វ៉ាក់សាំងដល់ពលរដ្ឋ​ដោយឥតគិតថ្លៃ

ចែករំលែក៖

ប្រទេសដែលមានចំនួនអ្នកឆ្លងច្រើនបំផុតគឺអាមេរិក និងឥណ្ឌា បានប្រកាសថា​នឹងចាក់វ៉ាក់សាំងប្រឆាំងកូវីដ​-១៩​ដល់ពលរដ្ឋរបស់ខ្លួនដោយឥតគិតថ្លៃ ។ ប្រធានាធិបតីទើបតែជាប់ឆ្នោតអាមេរិកលោកបៃឌិន បានប្រកាសថា លោកនឹងពង្រីកគម្រោង ចាក់វ៉ាក់សំាងដល់ពលរដ្ឋដោយឥតគិតថ្លៃ ដែលលោកត្រាំបានលើកឡើង។ លោកបៃឌិនបានស្នើសុំចំណាយប្រាក់​២៥ពាន់លានដុល្លារ​ ធានាដល់ការផ្គត់ផ្គង់វ៉ាក់សាំងសម្រាប់ពលរដ្ឋអាមេរិក​។
នៅខែធ្នូនេះ​អាមេរិក នឹងចាក់វ៉ាក់សាំងដល់ពលរដ្ឋ​ប្រមាណ​២០ លាននាក់ ដែលរងផលប៉ះពាល់ខ្លាំងជាងគេ ។ ​ប៉ុន្តែក្នុងចំណោមពលរដ្ឋអាមេរិកមានរហូតដល់ទៅ​៤០ ភាគរយ​បានបញ្ចេញមតិថានឹងមិនចាក់វ៉ាក់សាំង​ប្រឆាំងកូវីដ​-១៩ឡើយ​។
ក្រៅពីអាមេរិក​រដ្ឋាភិបាលប្រទេសន័រវេសក៏បានប្រកាសថានឹងចាក់វ៉ាក់សាំង​ដល់ពលរដ្ឋដោយឥតគិតថ្លៃផងដែរ ។ នាយករដ្ឋមន្ត្រីន័រវេស លោក​Erna Solberg ​បញ្ជាក់ថា​ «យើងចង់ឲ្យពលរដ្ឋ ទទួលបានវ៉ាក់សាំងដែលមានប្រសិទ្ធភាព ហើយការចាក់វ៉ាក់សាំងនឹងមិនយកប្រាក់នោះឡើយ»។
ប្រទេសជប៉ុនក៏បានប្រកាសថានឹងចាក់វ៉ាក់សាំងដល់ពលរដ្ឋជាង​​១២៦លាននាក់ដោយឥតគិតថ្លៃ​ ។​នាយករដ្ឋមន្ត្រីជប៉ុន បានប្រកាសថា​ ប្រទេសជាតិកំពុងស្ថិតនៅក្នុងដំណាក់កាលអាក្រក់បំផុត ការចាក់វ៉ាក់សាំង​នឹងទប់ស្កាត់ការឆ្លងកូវីដ​-១៩​បាន ហើយសេដ្ឋកិច្ចនឹងដំណើរការធម្មតាវិញ។ បច្ចុប្បន្នជប៉ុនមានអ្នកឆ្លង​​១៥០ពាន់នាក់ និងស្លាប់​២១០០នាក់​។
ឥណ្ឌា ក៏បានប្រកាសចាក់វ៉ាក់សាំង ដោយអត់គិតថ្លៃផងដែរ ។ នាយករដ្ឋមន្ត្រី ម៉ូឌី​បានប្រកាសថា ពលរដ្ឋទាំងអស់នឹងទទួលបានការចាក់ វ៉ាក់សាំង​ដោយឥតគិតថ្លៃ​។ តាមការបញ្ជាក់ឱ្យដឹង វ៉ាក់សាំង​១ដូសនៅឥណ្ឌាមានតម្លៃ​៧ដុល្លារអាមេរិក​។ឥណ្ឌាជាប្រទេសមានអ្នកឆ្លងកូវីដ​-១៩ លំដាប់ទីពីរលើពិភពលោក ដោយមានអ្នកឆ្លងជាង ៩,៥លាននាក់​​ និងស្លាប់​១៣៨ពាន់នាក់ ៕

...

ដោយ៖ធី រីណា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print