ខេត្តស្វាយរៀង៖ លោក សុខ រស់ អភិបាលរងខេត្តស្វាយរៀងបានក្រើនរំលឹកដល់អស់លោកលោកស្រីដែលដេញថ្លៃភាស៊ីបានហើយត្រូវអនុវត្តឲ្យខាងតែបាននូវអ្វីដែលមានចែងក្នុងសៀវភៅបន្ទុកនិងត្រូវគិតគូរអំពីបញ្ហា សោភណភាពនៅតាមទីផ្សារ ។
ការថ្លែងបែបនេះរបស់លោកអភិបាលរងខេត្តគឺនៅក្នុងពិធីដេញថ្លៃភាស៊ីគ្រប់ប្រភេទសម្រាប់ការធ្វើអាជីវកម្ម ឆ្នាំ២០២១ នៅព្រឹកថ្ងៃទី៣ ខែធ្នូឆ្នាំ២០២០នៅសាលប្រជុំនៃមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្តស្វាយរៀង ។
ក្នុងពិធីដេញថ្លៃនេះ ក៏មានការអញ្ជើញចូលរួមពី លោក ជា គឹមតុង អនុប្រធាននាយកដ្ឋានចំណូលទ្រព្យសម្បត្តិរដ្ឋ តំណាងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ លោក ជូរ សុធី ប្រធានមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្ត លោក-លោកស្រីដែលជាប្រធាន អនុប្រធានមន្ទីរ អភិបាលក្រុង-ស្រុកពាក់ព័ន្ធ និងអាជីវករជាច្រើននាក់ផងដែរ។
លោកសុខ រស់ អភិបាលរងខេត្តស្វាយរៀងបានមានប្រសាសន៍បន្តទៀតថា ការដេញថ្លៃភាស៊ីនេះ គឺដេញថ្លៃឡើងពីតម្លៃមូលដ្ឋាន វាខុសពីការដេញថ្លៃលទ្ធកម្ម ហើយអស់លោក លោកស្រី ត្រូវយល់ឱ្យកាន់តែច្បាស់អំពីបញ្ហាភាស៊ី ស្គាល់ច្បាស់អំពីផលរបរក្នុងមូលដ្ឋាននីមួយៗដែលខ្លួនមានដាក់ពាក្យ ព្រោះអស់លោក លោកស្រី ត្រូវខិតខំប្រមូលចំណូលមួយផ្នែកបង់ចំណូលចូលថវិកាខេត្ត មួយចំណែកទៀតសម្រាប់ប្រាក់ចំណេញរបស់ខ្លួនផង និងផ្គត់ផ្គង់ភ្នាក់ងារភាស៊ីដែលត្រូវដើរទារភាស៊ីតាមមុខសញ្ញានីមួយៗផង ហើយការដេញថ្លៃធ្វើជាបីដំណាក់កាល។
លោកបានបន្ថែមទៀតថា អស់លោកលោកស្រីដែលដេញថ្លៃភាស៊ីបានហើយ ត្រូវអនុវត្តឲ្យខាងតែបាននូវអ្វីដែលមានចែងក្នុងសៀវភៅបន្ទុកនិងកិច្ចសន្យា គឺទី១-ត្រូវមានភ្នាក់ងារភាស៊ី ទី២-ត្រូវមានបណ្ណសម្គាល់ភ្នាក់ងារភាស៊ីដែលចេញដោយមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុខេត្ត ទី៣-ត្រូវរៀបចំគណ:កម្មការផ្សារ(ការការពារសណ្តាប់ធ្នាប់សន្តិសុខ)ក្នុងទីតាំងរបស់ខ្លួន ទី៤-ត្រូវមានស្នាក់ការភាស៊ី ទី៥-ត្រូវធ្វើអនាម័យឲ្យបានល្អជាប្រចាំ ទី៦-ត្រូវបិទផ្សាយតម្លៃទារភាស៊ីជាសាធារណ: ទី៧-ត្រូវគោរពឲ្យបានទៀងទាត់នូវកាតព្វកិច្ចបង់ចំណូលចូលថវិកាខេត្តតាមខែនីមួយៗ។ល។ ហើយប្រសិនបើលោក លោកស្រីមិនគោរពតាមសៀវភៅបន្ទុកនិងកិច្ចសន្យា ហើយមានការណែនាំអប់រំពីមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុខេត្ត ក៏ដូចជាអាជ្ញាធរនៅមិនរៀងចាលនោះទេ អស់លោក លោកស្រីនឹងត្រូវដកសិទ្ធិធ្វើអាជីវកម្ម និងត្រូវជាប់ពិន័យមិនឲ្យចូលរួមដេញថ្លៃភាស៊ីលើកក្រោយរយ:ពេល៣ឆ្នាំផងដែរ។
លោកអភិបាលរងខេត្តក៏បានជំរុញឲ្យបង ប្អូនដែលជាអាជីវករជាអ្នកលក់ដូរ ទាំងអស់ត្រូវមានទីតាំងលក់ដូរមាន សណ្តាប់ធ្នាប់ ជៀសវាងយកចិញ្ចើមថ្នល់ ធ្វើជាកន្លែងលក់ដូរ ជាហេតុធ្វើឲ្យ បាត់បង់សោភណភាពទីក្រុង ឬក៏ ទីប្រជុំជន។ ម្យ៉ាងវិញទៀត ត្រូវអនុវត្ត ទៅតាមសៀវភៅបន្ទុករបស់រដ្ឋដែលបាន ធ្វើការណែនាំឲ្យបានរលូនស្របទៅតាម ច្បាប់ដែលបានកំណត់រួចជាស្រេច។ ការដាក់ដេញថ្លៃភាស៊ីគ្រប់ប្រភេទសម្រាប់ធ្វើអាជីកម្មឆ្នាំ២០២១ ក្នុងខេត្តស្វាយរៀង ការអនុវត្តការដេញថ្លៃភាស៊ី គណៈកម្មការរៀបចំការដេញថ្លៃភាស៊ីខេត្ត មានសេចក្តីសង្ឃឹមនិងជឿជាក់ថា សាធារណជននិងអតិថិជនទូទាំងខេត្តពិតជាចូលរួមក្នុងដំណើរការដេញថ្លៃភាស៊ីគ្រប់ប្រភេទនាឆ្នាំនេះទទួលបានលទ្ធផលល្អប្រសើរជាក់ជាមិនខានឡើយ។
សូមបញ្ជាក់ថា ចំពោះអ្នកដេញថ្លៃភាស៊ីបាននៅផ្សារវាលយន្តនិងផ្សារតាហោរបានទៅលើឈ្មោះភួង បុប្ផា តម្លៃទទួលយកបាន៤២១លាន២០ម៉ឺនរៀល។
ចំណែកផ្សារស្រុករមាសហែកបានទៅលើឈ្មោះភួង សុវណ្ណ តម្លៃទទួលយកបាន៤៦លាន៩សែនរៀល៕
យឹម សុថាន