ប្រធានាធិបតីអាមេរិក លោកបារ៉ាក់ អូបាម៉ា នឹងបំពេញទស្សនកិច្ចទៅកាន់ប្រទេសគុយបានៅសប្តាហ៍ឆាប់ៗខាងមុខ ហើយដែលដំណើរទស្សនកិច្ចនេះត្រូវគេមើលឃើញថា ដើម្បីស្តារទំនាក់ទំនងល្អប្រសើរឡើងវិញរវាយអាមេរិក នឹងគុយ ដែលជាប្រទេសធ្លាប់ជាសត្រូវស៊ីសាច់ហូតឈាមកាលពីអំឡុងសម័យសង្គ្រាមត្រជាក់ ។ នេះបើតាមការប្រកាសឲ្យដឹងពីមន្ត្រីអាមេរិកកាលពីថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០១៦ ។
វាជាដំណើរទស្សនកិច្ចលើកដំបូងបំផុតសម្រាប់ប្រធានាធិបតីអាមេរិកទៅកាន់ទឹកដីគុយបា បន្ទាប់ពីបដិវត្តន៍គុយបាឆ្នាំ១៩៥៩រៀងរហូតមក ។ ប្រធានាធិបតីអាមេរិកដែលធ្វើទស្សនកិច្ចនៅគុយបាចុងក្រោយគេបំផុតក្នុងឆ្នាំ១៩៨២ គឺលោកប្រធានាធិបតី Calvin Coolidge ។
ប្រទេសដែលជាសត្រូវនឹងគ្នាកាលពីអំឡុងសម័យសង្គ្រាមត្រជាក់ បានភ្ជាប់ទំនាក់ទំនងល្អប្រសើររវាងគ្នានឹងគ្នាឡើងវិញកាលពីខែកក្កដា ឆ្នាំ២០១៥ បន្ទាប់ពីមេដឹកនាំប្រទេសទាំងពីរគឺលោកប្រធានាធិបតីបារ៉ាក់ អូបាម៉ា និងប្រធានាធិបតីគុយបា លោក រ៉ូល កាស្ត្រូ(Raul Castro) បានរលាក់ចាប់ដៃគ្នាជាប្រវត្តិសាស្ត្រនោះ ។
ចាប់តាំងពីពេលនោះមក ការដាក់ទណ្ឌកម្មរបស់អាមេរិកទៅលើប្រទេសគុយបាក៏មានការបន្ធូរបន្ថយមក ខណៈដែលប្រទេសនេះបានទទួលរងការដាក់ទណ្ឌកម្មសេដ្ឋកិច្ចពីអាមេរិកអស់រយៈពេលជាងពាក់កណ្តាលសតវត្សរ៍ ។
រដ្ឋបាលលោកបារ៉ាក់ អូបាម៉ា បានផ្តោតផងដែរលើកលែងការរឹតបន្តឹងការធ្វើដំណើរ និងការធ្វើពាណិជ្ជកម្មរវាងប្រទេសទាំងពីរ ។ មានពលរដ្ឋគុយបាកាត់អាមេរិករហូតដល់១.៨លាននាក់ ក្នុងចំណោមពលរដ្ឋគុយបាសរុប១១លាននាក់ ។
កាលពីថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០១៦ អាមេរិក និងគុយបានចុះហត្ថលេខាលើកិច្ចព្រមព្រៀង ឈានដល់ការអនុញ្ញាតឲ្យមានការហោះហើរពាណិជ្ជកម្មប្រចាំថ្ងៃពីអាមេរិកទៅកាន់ប្រទេសគុយបា ដែលមិនធ្លាប់មានក្នុងរយៈពេលជាង៥០ឆ្នាំកន្លងមកនោះ ៕
ប្រែសម្រួល៖ ថាច់ យ៉ាត