ភ្នំពេញ៖ អាជីវកម្មបូមខ្សាច់ទន្លេនៅតាមបណ្ដោយផ្លូវជាតិលេខ៥ ក្នុងសង្កាត់គីឡូម៉ែត្រលេខ៦ខណ្ឌឫស្សីកែវ មួយកន្លែងត្រូវបានគេស្គាល់ថាជាទីតាំងដ៍ធំរបស់អ្នកមានលុយ និងមានអំណាចម្នាក់ឈ្មោះចាន់ ណា មានតួរនាទីជាអង្គរក្សសម្ដេចតេជោ ហ៊ុន សែន ដែលមានរថយន្ដតូចធំបើកទៅមកដឹកខ្សាច់ទន្លេបាននិងកំពុងចរាចរណ៍ប្រមូលផលយ៉ាងគគ្រឹកគគ្រេងជារៀងរាល់ថ្ងៃ ដោយមិនគិតពីផលប៉ះពាល់ ដល់ប្រជាពលរដ្ឋជាអាជីវករលក់បាយសម្លរម្ហូបអាហារផ្សេងៗ ដែលរស់នៅតាមបណ្ដោយផ្លូវជាតិលេខ៥ ក៏ដូចជាផ្លូវ៥៩៨ និងផ្លូវលំផ្សេងៗជាច្រើនខ្សែរក្នុងភូមិសាស្ត្រខណ្ឌឫស្សីកែវ នោះទេ។
បុរសវ័យជិត៦០ឆ្នាំម្នាក់ ជាប្រជាពលរដ្ឋរស់នៅសង្កាត់គីឡូម៉ែត្រលេខ៦ ខណ្ឌឫស្សីកែវបានបង្ហើបថា រាល់ថ្ងៃគាត់តែងឃើញមានរថយន្ដតូចធំដឹកដីដឹកខ្សាច់ហុយទ្រលោម។ ពេលខ្លះស្ទើរមិនអាចហូបបាយកើតទៀតផង។ លើសពីនេះទៀត ដីខ្សាច់បានជ្រុះធ្លាក់ដីរប៉ាត់រប៉ាយពេញផ្លូវ ដែលធ្វើឱ្យប៉ះពាល់ដល់បរិស្ថាន និងបង្កឱ្យហិនហោចផ្លូថ្នល់។
បុរសវ័យចំណាស់ដដែលនេះ បានចោទប្រកាន់ថា ទង្វើបែបនេះហាក់មានការខុបឃិតរវាងអាជ្ញាធរ និងម្ចាស់អាជីវកម្មបូមខ្សាច់ ទើបពុំមានការហាមឃាត់បែបនេះ ។
ដោយឡែកស្ដ្រីម្នាក់ទៀតក៏បានលើកឡើងដែរថា រាល់ថ្ងៃគាត់ដូចជារស់នៅក្នុងស្ថាននរកអញ្ចឹង ព្រោះថា រកតែដង្ហើមដកមិនចង់ឃើញ ផ្លូវថ្នល់ក៏ហុយ ហើយចំណីចំណុកក៏សុទ្ធតែដីបរិភោគសឹងមិនកើត។ កន្លងមកពួកគាត់ក៏ធ្លាប់បានរអ៊ូរទមប្រាប់អាជ្ញាធរដែរ តែមើលទៅដូចជាគ្មានបានការអីទេ ម្លោះហើយក៏ទ្រាំរស់តាមយថាកម្មទៅ មិនដឹងធ្វើម៉េច។
អាជ្ញាធរខណ្ឌឫស្សីកែវ លោក ធុយ សុខន អភិបាលនៃគណៈអភិបាលខណ្ឌឫស្សីកែវ មិនអាចសុំការបំភ្លឺបានឡើយ ខណៈទូរស័ព្ទចូលតែពុំមានអ្នកលើក។
បើទោះបីជាយ៉ាងណា ប្រជាពលរដ្ឋបានសំណូមពរឱ្យអាជ្ញាធរមេត្តាគិតគូរលើករណីនេះផង ព្រោះថា បើនៅតែបែបនេះទៀត មិនយូរមិនឆាប់អ្នករស់នៅក្នុងភូមិសាស្ដ្រនេះ និងកើតជំងឺសួតគ្រប់គ្នាហើយ៕
ដោយ៖ វិបុល