រដ្ឋបាលខេត្តព្រះសីហនុ អំពាវនាវឲ្យប្រជាពលរដ្ឋរស់នៅជុំវិញមន្ទីរពេទ្យបង្អែកខេត្ត សហការជាមួយអាជ្ញាធរ ដើម្បីរៀបចំឲ្យមានសុវត្ថិភាពនិងសោភ័ណភាព ដើម្បីបម្រើផលប្រយោជន៍រួម

ចែករំលែក៖

ខេត្តព្រះសីហនុ៖ បើយោងតាមគណនីហ្វេសប៊ុកផ្លូវការរបស់រដ្ឋបាលខេត្តព្រះសីហនុ បានបង្ហោះនៅលើបណ្ដាញសង្គម នៅរសៀលថ្ងៃទី៤ខែធ្នូ ឆ្នាំ២០២០នេះថា យោងតាមប្លង់ប្រព័ន្ធសុរិយោដីផ្លូវលេខ២០០ ដែលស្ថិតនៅព័ទ្ធជុំវិញមន្ទីរពេទ្យបង្អែកខេត្ត មានទទឹង៤០ម៉ែត្រ ប្រវែងជាង៨០០ម៉ែត្រ កន្លងមកត្រូវបានប្រជាពលរដ្ឋមួយចំនួន បានមករំលោភកាន់កាប់ ដោយសាងសង់សំណង់មិនរៀបរយនៅសងខាងផ្លូវ ដែលសំណង់ខ្លះសង់រំលោភយកដីផ្លូវចន្លោះពី១២ម៉ែត្រទៅ២២ម៉ែត្រ សរុបសងខាងផ្លូវគឺចូលដីផ្លូវអស់ប្រមាណ៣១ម៉ែត្រ ទៅ៣២ម៉ែត្រ

រដ្ឋបាលខេត្ត បន្តថា ដូច្នេះសាច់ផ្លូវបច្ចុប្បន្ននៅសល់តែចន្លោះពី៨ម៉ែត្រទៅ៩ម៉ែត្រប៉ុណ្ណោះ  ហើយដីផ្លូវដែលនៅសេសសល់នេះ ក៏ត្រូវបានបងប្អូនប្រជាពលរដ្ឋយកមកដាក់តាំងសម្ភារៈលក់ដូរ របស់របរប្រើប្រាស់ ហាលសម្លៀកបំពាក់ ដាំស្លរ សំណល់សំរាម និងចតយានជំនៈផ្សេងៗ ដែលធ្វើឱ្យទទឹងផ្លូវនេះ កាន់តែមានការរួមតូចថែមទៀត បង្កឱ្យបាត់បង់នូវសណ្តាប់ធ្នាប់ របៀបរៀបរយសាធារណៈ សន្តិសុខ បរិស្ថាន និងសុវត្ថិភាព ព្រមទាំងធ្វើអោយបងប្អូនប្រជាពលរដ្ឋផ្សេងទៀតដែលប្រើប្រាស់ផ្លូវនេះពិបាកក្នុងការធ្វើដំណើរ និងជាពិសេសងាយនឹងបង្កគ្រោះថ្នាក់ដែល អាចកើតឡើងដោយយថាហេតុផងដែរ។

ដូច្នេះរដ្ឋបាលខេត្ត សូមអំពាវនាវឲ្យបងប្អូនប្រជាពលរដ្ឋដែលកំពុងរស់នៅលើទីតាំងនេះ មេត្តាពិចារណាឡើងវិញ និងត្រូវចូលរួមសហការជាមួយអាជ្ញាធរពាក់ព័ន្ធ ដើម្បីធ្វើការរៀបចំ ទីតាំងផ្លូវលេខ២០០នេះ ឱ្យមានសុវត្ថិភាព និងសោភ័ណភាព ដើម្បីបម្រើផលប្រយោជន៍រួម និងទុកជាសម្បតិ្តសាធារណៈដល់កូនចៅ របស់បងប្អូនប្រជាពលរដ្ឋទូទៅ ពិសេសគឺបងប្អូនអ្នកខេត្តព្រះសីហនុយើងទាំងមូល៕ដោយ៖ស តារា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print