ខេត្តបាត់ដំបងៈនៅសាលប្រជុំសាលាខេត្តបាត់ដំបង នាព្រឹកថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០១៦ ក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៤ បានរៀបចំពិធីបិទវេទិកាថ្នាក់ខេត្តស្តីពី “លើកកម្ពស់ និងជំរុញការអភិវឌ្ឍឃុំ សង្កាត់” ក្រោមអធិបតីភាពលោក ឆាត់ លឿម ប្រធានក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៤។
លោក ឆាត់ លឿម ប្រធានក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៤បានមានប្រសាសន៍ ថ្លែងក្នុងពិធីបិទអង្គវេទិកាថ្នាក់ខេត្ត ថា ឆ្លងតាមកិច្ចដំណើរការរយៈពេលមួយថ្ងៃកន្លះ ដែលពោរពេញទៅដោយកម្មវិធីមមាញឹកនេះ អង្គវេទិកាទាំងមូលសូមកោតសរសើរ និងសូមវាយតម្លៃខ្ពស់ចំពោះការចូលរួមមានមតិយោបល់ចែករំលែកចំណេះដឹង បទពិសោធន៍ការជួយណែនាំពន្យល់បកស្រាយ បំភ្លឺប្រកបដោយវិជ្ជាជីវៈ និងអនុសាសន៍ល្អៗពីអង្គវេទិកា ដែលបានផ្តោតសំខាន់ទៅលើការងារសេវាសាធារណៈនៅថ្នាក់ឃុំ-សង្កាត់ ការអនុវត្តតួនាទីភារកិច្ចរបស់ក្រុមប្រឹក្សាឃុំ សង្កាត់ ការងារភូមិ ឃុំមានសុវត្ថិភាព ការគាំទ្រពីថ្នាក់ក្រុង ស្រុកចំពោះឃុំ សង្កាត់ និងការងារសំខាន់ៗផ្សេងទៀត ដែលទាំងនេះគឺជាទុនដ៏មានសារសំខាន់ ជាជំនួយស្មារតីសម្រាប់សមាជិកសមាជិកាព្រឹទ្ធសភា រដ្ឋសភា អាជ្ញាធរពាក់ព័ន្ធ និងជាការលើកកម្ពស់សមត្ថភាពបន្ថែមដល់ក្រុមប្រឹក្សាឃុំ-សង្កាត់ និងស្មៀន។
លោក បានមានប្រសាសន៍បន្តថា តាមរយៈមតិយោបល់របស់ក្រុមប្រឹក្សាឃុំ-សង្កាត់ និងសមាជិក សមាជិកានៃអង្គវេទិកា បានផ្តល់លទ្ធផលល្អជាផ្លែផ្កាយ៉ាងច្រើន ដោយបានប្រមូលផ្តុំបញ្ហាជាក់ស្តែងដែលជាកង្វល់ ឬសំណូមពរនានា ដើម្បីរួមគ្នាស្វែងយល់ និងចែករំលែកចំណេះដឹង និងបទពិសោធន៍ល្អៗពីគ្នាទៅវិញទៅមក ជួយដល់កិច្ចអភិវឌ្ឍសមត្ថភាពរបស់ក្រុមប្រឹក្សាឃុំ-សង្កាត់ និងស្មៀនឲ្យមានការរីកចម្រើនថែមទៀត ស្របតាមបរិបទកំណែទម្រង់ស៊ីជម្រៅរបស់រាជរដ្ឋាភិបាល នីតិកាលទី៥នៃរដ្ឋសភា។
ជាចុងបញ្ចប់ លោក បានមានប្រសាសន៍ផ្តាំផ្ញើរដល់សិក្ខាកាមទាំងអស់ និងអាជ្ញាធរពាក់ព័ន្ធ បន្តយកចិត្តទុកដាក់ខ្ពស់ធ្វើការសម្របសម្រួលសហការគ្នា ដោយស្មារតីទទួលខុសត្រូវខ្ពស់ ដើម្បីអនុវត្តការងារឲ្យបានកាន់តែល្អប្រសើរឡើងសម្រាប់ជាប្រយោជន៍ជាតិទាំងអស់គ្នា។ ពិសេសកត្តាសាមគ្គី និងសេចក្តីព្យាយាមរបស់ក្រុមប្រឹក្សាឃុំ-សង្កាត់ ស្មៀន និងអ្នកពាក់ព័ន្ធទាំងអស់ក្នុងការគោរពច្បាប់បទដ្ឋានគតិយុត្ត និងគោលនយោបាយនានា ការយកចិត្តទុកដាក់ក្នុងការពង្រឹងសមត្ថភាព និងការរៀនសូត្របទពិសោធន៍ល្អពីគ្នាទៅវិញទៅមក គឺជាកត្តាគន្លឹះក្នុងការពង្រឹង និងពង្រីកកិច្ចអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅមូលដ្ឋាន៕