អភិបាលស្រុកវ័យក្មេង ឃឹម ហ្វីណង់ សប្បាយចិត្តណាស់ បានធ្វើផ្លូវថ្មី ៥គីឡូម៉ែត្រ ជូនប្រជាពលរដ្ឋក្នុងមូលដ្ឋាន

ចែករំលែក៖

ខេត្តសៀមរាប៖ នៅព្រឹកថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០២០ លោក ឃឹម ហ្វីណង់ អភិបាលស្រុកបន្ទាយស្រី បានចុះត្រួតពិនិត្យការដ្ឋានបើកផ្លូវថ្មីប្រវែង ៥គីឡូម៉ែត្រមួយខ្សែ និងគម្រោងអភិវឌ្ឍន៏ដីដំបូងបង្អស់នៅក្នុងស្រុកបន្ទាយស្រី ដែលទទួលបានច្បាប់អនុញ្ញាតត្រឹមត្រូវ។

លោកបញ្ជាក់ថា៖ ផ្លូវក្រាលគ្រួសក្រហមទទឹង១០ម៉ែត្រនេះ គឺជាអំណោយរបស់«ក្រុមហ៊ុន ប៊ុនណារិទ្ធិ ឌីណា» ចំពោះប្រជាពលរដ្ឋនៅក្នុងឃុំត្បែង ដែលដំបូងឡើយគ្រោងធ្វើឡើងត្រឹមប្រវែង ១គីឡូម៉ែត្រតែប៉ុណ្ណោះ ប៉ុន្តែឆ្លើយតបតាមការសំណូមពរររបស់រដ្ឋបាលស្រុក ដើម្បីតភ្ជាប់ផ្លូវម៉ាឡេជាមួយនឹងភូមិត្បែង ក្រុមហ៊ុនក៏បានសម្រេចបន្ថែមប្រវែង ៤គីឡូម៉ែត្រទៀតរហូតដល់ព្រៃសហគមន៍ ឱ្យបានជាប្រយោជន៍រួមទៅដល់សហគមន៍ និងធ្វើឱ្យបងប្អូនអ្នកត្បែងមានផ្លូវថ្មីមួយទៀត ដែលចំណេញពេលធ្វើដំណើរដល់ទៅជិត ២០គីឡូម៉ែត្រ។

លោក ឃឹម ហ្វីណង់ថ្លែងថា៖ ក្នុងនាមរដ្ឋបាលស្រុក ខ្ញុំសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះក្រុមហ៊ុន ប៊ុនណារិទ្ធិ ឌីណា ដែលបានបង្ហាញពីឆន្ទៈនៃភាពជាដៃគូអភិវឌ្ឍន៍សាធារណៈ-ឯកជនយ៉ាងពិតប្រាកដ ដោយបានចូលរួមវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធផង និងបំពេញកាតព្វកិច្ចត្រឹមត្រូវតាមផ្លូវច្បាប់ផង។ រដ្ឋបាលស្រុកជំរុញឱ្យក្រុមហ៊ុនអភិវឌ្ឍន៍ដីទាំងអស់នៅក្នុងស្រុកចាប់យកទម្រង់បែបនេះក្នុងការអនុវត្តគម្រោងរបស់ខ្លួន និងលើកទឹកចិត្តឱ្យអតិថិជនទាំងអស់ ទិញឬវិនិយោគលើគម្រោងដែលមានការទទួលខុសត្រូវបែបនេះផងដែរ។

លោក អភិបាលស្រុកវ័យក្មេងបន្តថា៖ ឆ្លៀតក្នុងឱកាសនេះ អនុញ្ញាតឱ្យខ្ញុំបានបកស្រាយបំភ្លឺបន្តិច លើបញ្ហាគម្រោងអភិវឌ្ឍដីទាំងឡាយនៅក្នុងស្រុកបន្ទាយស្រី ដើម្បីជម្រះឱ្យអស់មន្ទិលសង្ស័យ និងឆ្លើយតបចំពោះការចោទប្រកាន់ណាមួយមកលើរដ្ឋបាលស្រុក។

កន្លងមក រដ្ឋបាលស្រុកបន្ទាយស្រីបានផ្អាករាល់គម្រោងអភិវឌ្ឍដីទាំងអស់នៅក្នុងស្រុកជាបណ្តោះអាសន្នសិន ដោយសារតែបានរកឃើញថាសុទ្ធតែមិនទាន់មានច្បាប់អនុញ្ញាតត្រឹមត្រូវ។ ការហាមឃាត់នេះ គឺដើម្បីធានា និងការពារផលប្រយោជន៍របស់ប្រជាពលរដ្ឋតែប៉ុណ្ណោះ ជៀសវាងទទួលរងផលប៉ះពាល់ ខាតបង់ទ្រព្យសម្បត្តិ ពីការទិញ ឬវិនិយោគទៅលើគម្រោងដែលមិនមានបទដ្ឋានត្រឹមត្រូវ ឬជាគម្រោងដែលជាប់គាំងមិនដំណើរការ។

លោកថា៖ ជំហរតឹងរុឹងរបស់រដ្ឋបាលស្រុក គ្រាន់តែដើម្បីធានាភាពគ្រប់ជ្រុងជ្រោយនៃគោលការណ៍បច្ចេកទេស និងលក្ខខណ្ឌតម្រូវនៃច្បាប់តែប៉ុណ្ណោះ មិនមែនមានន័យថាស្រុកបន្ទាយស្រីមិនស្វាគមន៍អ្នកវិនិយោគនោះទេ ហើយក៏មិនមានន័យថា គ្រប់គម្រោងអភិវឌ្ឍន៍ដីទាំងអស់សុទ្ធតែជាគម្រោងដែលមានបញ្ហានោះដែរ។ តួយ៉ាង ដូចជាគម្រោងរបស់ក្រុមហ៊ុន អង្គរលែនម៉ាក ក្រុមហ៊ុន ឡេង ណាវ៉ាត្រា ក្រុមហ៊ុនក្រវ៉ាន់សៀមរាបរេសុីដិន និងក្រុមហ៊ុនមួយចំនួនទៀត ដែលសុទ្ធសឹងតែជាគម្រោងខ្នាតធំ មានភាពច្បាស់លាស់ត្រឹមត្រូវ និងបានផ្តល់ការសហការយោគយល់តាមសំណូមពររបស់រដ្ឋបាលស្រុក និងយល់ព្រមរង់ចាំបំពេញនីតិវិធីខាងផ្លូវច្បាប់រួចជាមុនសិន មុននឹងប្រកាសលក់ជាផ្លូវការ។

រដ្ឋបាលស្រុកតែងព្យាយាមលើកទឹកចិត្តដល់រាល់ការវិនិយោគមកក្នុងបន្ទាយស្រី និងផ្តល់កិច្ចសហប្រតិបត្តិការជាដៃគូយ៉ាងជិតស្និទ្ធ ព្រោះគោលដៅចុងក្រោយនៃការអភិវឌ្ឍ គឺគ្មានអ្វីក្រៅពីការទាក់ទាញអ្នកវិនិយោគមកក្នុងស្រុក ដើម្បីផ្លាស់ប្តូរជីវភាពរបស់ប្រជាពលរដ្ឋតាមរយៈការបង្កើតការងារ និងមុខរបរនោះឡើយ។ ហេតុដូច្នេះហើយទើបរដ្ឋបាលស្រុកបានសម្រួល និងអនុញ្ញាតឱ្យក្រុមហ៊ុនអភិវឌ្ឍន៍ដីមួយចំនួន ដាក់ពាក្យស្នើសុំសាងសង់សំណង់ក្រោម ៥០០ម៉ែត្រការ៉េ នៅលើដីកម្មសិទ្ធិរបស់ខ្លួន ព្រមទាំងរៀបចំប្រព័ន្ធផ្លូវ-ភ្លើងនៅក្នុងបរិវេណដីគម្រោងរបស់ខ្លួនជាបណ្តើរៗ ដើម្បីចំណេញពេលវេលា ក្នុងអំឡុងពេលដែលត្រូវរង់ចាំលិខិតអនុញ្ញាតជាផ្លូវការ។

សូមបញ្ជាក់ថា ដរាបណារដ្ឋបាលស្រុកមិនបានអនុញ្ញាតឱ្យលើកផ្លាកផ្សព្វផ្សាយ ប្រកាសលក់ជាផ្លូវការ ឬផ្ទេរកម្មសិទ្ធិជូនក្នុងទម្រង់ដីឡូតិ៍ ការសម្របសម្រួលជូនលើការរៀបចំទីតាំងមុនគឺត្រឹមត្រូវស្របទៅតាមនីតិវិធីច្បាប់ និងស្ថិតនៅក្រោមដែនសមត្ថកិច្ចរបស់រដ្ឋបាលស្រុកទាំងស្រុង ហើយក៏ជាសិទ្ធិស្របច្បាប់របស់ក្រុមហ៊ុនក្នុងការស្នើសុំធ្វើលើដីកម្មសិទ្ធិរបស់ខ្លួនផងដែរ៕

ដោយ៖ សិលា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print