ភ្នំពេញ៖ យោងតាមសេចក្តីរាយការណ៍ពីបងប្អូនប្រជាពលរដ្ឋឲ្យដឹងថា ទីតាំងហ្គេមបាញ់ត្រីមួយកន្លែង ស្ថិតនៅផ្ទះគ្មានលេខ តាមបណ្តោយផ្លូវលំ ៥កា ស្ថិតក្នុងភូមិទួលសង្កែ ខណ្ឌឬស្សីកែវ កំពុងតែបើកលេងយ៉ាងសេរី ដោយមានការឃុបឃិតបិទភ្នែកពីអាជ្ញាធរដែនដី។
ប្រជាពលរដ្ឋបានបញ្ជាក់ថា ទីតាំងហ្គេមបាញ់ត្រីនេះ ត្រូវគេបើកលេង២៤ម៉ោង លើ២៤ម៉ោង ដោយអ្នកចូលទៅលេងទីនោះ ភាគច្រើនសុទ្ធសឹងតែជាក្មេងដែលញៀនថ្នាំ ហើយពួកគេចូលលេងទាំងហ្វូងៗតែម្តង។
សកម្មភាពទាំងនេះ ធ្វើឲ្យពួកគាត់ព្រួយបារម្ភយ៉ាងខ្លាំងចំពោះសុវត្ថិភាពនៅក្នុងមូលដ្ឋានរបស់ពួកគាត់ ដូចជាចោរលួច និងចោរប្លន់ជាដើម ដែលបណ្តាលមកពីការចាញ់ល្បែងហ្គេមទាំងនេះ។
ចំពោះករណីនេះ លោក ហ៊ុយ ហ៊ាន មេប៉ុស្តិ៍ទួលសង្កែបានថ្លែងថា លោកមិនបានដឹង ហើយថា ចាំលោកសិក្សា និងសុំគោលការណ៍ទៅថ្នាក់លើក ដើម្បីចាត់វិធានការបង្ក្រាប។
លោក សយ កុសល ចៅសង្កាត់ទួលសង្កែ មិនអាចសុំការបំភ្លឺបានទេ ដោយទូរស័ព្ទចូល តែពុំមានអ្នកទទួល។
គួររំលឹកថា កាលពីចុងខែមករា កន្លងទៅ អភិបាលរាជធានីភ្នំពេញ លោក ប៉ា សុជាតិវង្ស បានចេញនូវសេចក្តីជូនដំណឹងមួយទៅដល់គ្រប់គណៈអភិបាលខណ្ឌទាំង១២ ឲ្យលុបបំបាត់ចោលឲ្យអស់នូវប្រភេទហ្គេមបាញ់ត្រី និងល្បែងហ្គេមទូបៀរវាយពង់ឲ្យអស់ពីមូលដ្ឋាន៕
ដោយ៖ ហេង សូរិយា