រកឃើញអ្នកជំងឺកូវីដ១៩ម្នាក់ទៀត ដែលឆ្លងពីបុគ្គលិកហាង Pedro ខណៈមានអ្នកជាសះស្បើយម្នាក់

ចែករំលែក៖

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០២០នេះ ក្រសួងសុខាភិបាល បានចេញសេចក្តីប្រកាសព័ត៌មានបញ្ជាក់ពីការរកឃើញអ្នកឆ្លងកូវីដ១៩ថ្មីម្នាក់ទៀត ដែលជាប់ពាក់ព័ន្ធនឹងព្រឹត្តិការណ៍ «សហគមន៍២៨ វិច្ឆិកា» ។
ក្រសួងសុខាភិបាលបានបញ្ជាក់ថា៖ អ្នកវិជ្ជមានកូវីដ១៩នេះ គឺលោក សាយ សៅលាង អាយុ២១ឆ្នាំ ស្នាក់នៅជិតវត្តសន្សំកុសល សង្កាត់បឹងទំពន់ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ជាបុគ្គលិកហាង Carl’s Jr Burger ទួលទំពូង ធ្លាប់រស់នៅជាមួយអ្នកជំងឺឈ្មោះ ញិល សុខកូឡា ភេទប្រុស អាយុ២២ឆ្នាំ មុនថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២០ ដែលធ្វើការនៅហាង Pedro ផ្លូវព្រះសីហនុ ដែលបានរកឃើញវិជ្ជមានកូវីដ១៩ កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យមិត្តភាពខ្មែរ សូវៀត។ ចំណែកឯអ្នកជាសះស្បើយម្នាក់ គឺបុរសជនជាតិនេប៉ាល់ ឈ្មោះ ហ្គូរ៉ុង កាម៉ា ស៊ុលទីម អាយុ៣៧ឆ្នាំ ស្នាក់នៅសង្កាត់ជ័យជម្នះ ខណ្ឌដូនពេញ រាជធានីភ្នំពេញ បានធ្វើដំណើរមកពីប្រទេសនេប៉ាល់ ទៅដូហា និងបន្តជើងយន្តហោះនៅប្រទេសកូរ៉េខាងត្បូង មកដល់កម្ពុជា នៅថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២០ បានជាសះស្បើយ កូវីដ១៩ ត្រូវបានអនុញ្ញាឲ្យចេញពីមន្ទីរពេទ្យមិត្តភាព-ខ្មែរសូវៀត។

គិតត្រឹមម៉ោង៧ព្រឹកថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០២០នេះ កម្ពុជាបានរកឃើញអ្នកឆ្លងកូវីដ១៩ សុរបចំនួន ៣៤៦នាក់ ក្នុងនោះព្យាបាលជាសះស្បើយ ៣០៦នាក់ និងកំពុងសម្រាកនៅមន្ទីរពេទ្យចំនួន៤០នាក់។

ពាក់ព័ន្ធនឹងព្រឹត្តិការណ៍ «សហគមន៍២៨វិច្ឆិកា» ក្រសួងសុខាភិបាលបានបញ្ជាក់ថា គិតពីថ្ងៃទី២៩ ខែវិច្ឆិកាដល់ ថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០២០ ក្រសួងបានធ្វើតេស្តអ្នកប៉ះពាល់សរុបទាំងអស់ចំនួន ១០៧៧២សំណាក ដែលក្នុងចំនួននេះ មានអ្នកជំងឺវិជ្ជមានវីរុសកូវីដ១៩ ថ្មី ចំនួន៣០នាក់ ដែលកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យមិត្តភាពខ្មែរ សូវៀត និងមណ្ឌលសុខភាពចាក់អង្រែ។ ម្យ៉ាងវិញទៀត សូមអ្នកដែលប៉ះពាល់នឹងព្រឹត្តិការណ៍ «សហគមន៍២៨វិច្ឆិកា» ទាំងអស់ អញ្ជើញមកធ្វើតេស្តលេកទី២ នៅថ្ងៃទី០៨ ខែធ្នូ ឆ្នាំ២០២០ ខាងមុខនេះ ដែលក្រសួងសុខាភិបាល នឹងរៀបចំទីតាំងនៅបរិវណក្រសួងមហាផ្ទៃ ពហុកីឡដ្ឋានជាតិអូឡាំពិក និងតាមមន្ទីរសុខាភិបាលរាជធានីខេត្ត ៕

...

ដោយ៖ សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print