ភ្នំពេញ៖ លោក សុខ ពេញវុធ អភិបាល នៃគណៈអភិបាលខណ្ឌដូនពេញ បានដាក់ចេញជាផែនការដល់ កម្លាំងគណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌ សង្កាត់ទាំង១១ ត្រូវបន្តចាត់វិធានការយ៉ាងម៉ឺងម៉ាត់បំផុត ចំពោះទីសប្បាយភាពនានា ដែលអាជ្ញាធរខណ្ឌ បានចុះអប់រំណែនាំអោយបិទជាបណ្ដោះអាសន្ន ក្នុងកំឡុងពេល អនុវត្តវិធានការ បង្ការទប់ស្កាត់ការរីករាលដាលនៃជម្ងឺ Covid-១៩ ក្នុងព្រឹត្តិការណ៍ត្តិសហគមន៍២៨វិច្ឆិកា ។
ជាក់ស្តែង កាលចុះអនុវត្តនេះ បានធ្វើឡើងចាប់ពីម៉ោង ១៩ និង០០នាទីយប់ ដល់ម៉ោង ២២ និង៣០នាទីយប់ ថ្ងៃសៅរ៍ ៥ រោច ខែមិគសិរឆ្នាំជូត ទោស័ក ពស ២៥៦៤ត្រូវនឹងថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០២០ ក្រុមការងារចម្រុះថ្នាក់ខណ្ឌចុះត្រួតពិនិត្យ និងណែរនាំទីតាំងអាជីវកម្មភោជនីយដ្ឋាន បារបារាំង និងហាងម៉ាស្សាមួយចំនួនឲ្យបិទទីតាំងជាបណ្តោះអាសន្ន។
ក្នុងប្រតិបត្តិការនេះ ជាលទ្ធផលទទួលបានដូចខាងក្រោម៖
១–សង្កាត់ផ្សារកណ្តាលទី១ ៖ បានត្រួតពិនិត្យ និងណែនាំដល់ម្ចាស់ទីតាំងអាជីវកម្មភោជនីយដ្ឋាន បារបារាំងមួយចំនួនឲ្យបិទទីតាំងជាបណ្តោះអាសន្នសិន និងមួយចំនួនទៀតបានគោរពតាមការណែនាំដោយផ្អាកអាជីវកម្មជាបណ្តោះអាសន្ន។
២–សង្កាត់ផ្សារថ្មីទី៣ ៖ បានត្រួតពិនិត្យ និងណែនាំដល់ម្ចាស់ទីតាំងអាជីវកម្មភោជនីយដ្ឋានមួយចំនួនក្នុងសូរិយាម៉ល និងជុំវិញផ្សារសូរិយាម៉លក្នុងមូលដ្ឋានសង្កាត់ផ្សារថ្មីទី៣ ឲ្យបិទទីតាំងជាបណ្តោះអាសន្ន និងមួយចំនួនទៀតបានគោរពតាមការណែនាំដោយបានផ្អាកអាជីវកម្មជាបណ្តោះអាសន្ន។
ប៉ុន្តែបើក្នុងករណីម្ចាស់អាជីវកម្ម នៅតែបន្តលួចលាក់ប្រកបអាជីវកម្ម នោះរដ្ឋបាលខណ្ឌដូនពេញ និង ចាត់វិធានការ បិទអាជីវកម្មជាស្ថាពរដោយអញ្ជេីញម្ចាស់អាជីវកម្មមកធ្វើការអប់រំណែនាំនៅរដ្ឋបាលខណ្ឌដូនពេញ និង ធ្វើការដក់ហូតសម្ភារៈ ពាក់ព័ន្ធយកមករក្សាទុកនៅរដ្ឋបាលខណ្ឌ ដោយពុំដោះស្រាយជូនវិញឡើយ ។
ទទឹមគ្នានេះ រដ្ឋបាលខណ្ឌដូនពេញ សូមសំណូមពរដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ សូមរក្សាសភាពហ្នឹងនរចូលរួមសហការ និងចូលរួមអនុវត្តវិធានការការពារខ្លួនឲ្យបានត្រឹមត្រូវ (ពាក់ម៉ាស លាងដៃ រក្សាគម្លាតសុវត្ថិភាពបុគ្គលពីមួយម៉ែត្រកន្លះឡើងទៅ) បើមិនមានការចាំបាច់សូមនៅក្នុងផ្ទះ មើលការឃុំគ្រងកូនចៅសមាជិកគ្រួសារខ្លួនឲ្យបានល្អ និងមិនត្រូវមានការជួបជុំគ្នាច្រើនកុះករ (លើសពី ២០នាក់) នោះឡើយ។ ប្រសិនបើមានបញ្ហាសុខភាព ឬសង្ស័យ ករណីជំងឺ កូវីដ–១៩ សូមហៅទៅលេខទូរស័ព្ទទាន់ហេតុការណ៍ ១១៥ ដោយឥតគិតថ្លៃ ឬទូរស័ព្ទលេខ៖ ០១២ ៨២៥៤២៨ ឬ ០១២ ៤៨៨ ៩៨១ ឬ ០១២ ៨៣៦ ៨៦៨៕ដោយ៖ស តារា