ភ្នំពេញ៖ លោក ហ៊ុយ វណ្ណៈ ប្រធានសហភាពសហព័ន្ធអ្នកសារព័ត៌មានកម្ពុជា (ស.ស.ស.ក) នៅរសៀលថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០២០ បានបង្ហោះលើFacebook ផ្លូវការ របស់លោកថា៖ ពិភពលោកយើង! បើមើលផ្នែកល្អ គឺស្រស់ស្អាត ហើយពោរពេញដោយក្តីសង្ឃឹមក្នុងអនាគតដ៏ប្រសើរ។ ប៉ុន្តែ តាមការស្រាវជ្រាវ នៅផ្នែកម្ខាងទៀតរបស់ពិភពលោក ហើយបើយើងក្រឡេកក្រោយ មើលកំណត់ត្រាប្រវត្តិសាស្ត្រ នោះយើងឃើញច្បាស់ថា ពិភពលោកយើងកើតមានជារឿយៗ និងតាមដំណាក់កាលឥតស្រាកស្រាន្ត នូវគ្រោះថ្នាក់ធំៗ ដែលបង្កដោយធម្មជាតិ និងបង្កដោយមនុស្ស៖
១- «សង្គ្រាមលោក» ២លើក សម្លាប់មនុស្សជាច្រើនលាននាក់។
២- «បដិវត្តន៍វប្បធម៌» កើតមានទាំងនៅអឺរ៉ុប និងអាស៊ី ហើយមនុស្សស្លាប់រយលាននាក់។
៣- «អំពើប្រល័យពូជសាសន៍» កើតមានជាង៤០ប្រទេស ចាប់ផ្តើមពីអឺរ៉ុប បក់មកអាស៊ី ឆ្ពោះទៅអាហ្វ្រិក និងមជ្ឈិមបូព៌ា។ មនុស្សស្លាប់រយលាននាក់។
៤- «ទំនាស់»អារ្យយធម៌ ទំនាស់មនោគមន៍វិជ្ជា ភូមិសាស្ត្រនយោបាយនិងសេដ្ឋកិច្ច ព្រមទាំងសង្គ្រាមឈ្លានពាន កើតមានតាមតំបន់ បានឆក់យកជីវិតមនុស្សច្រើនរាប់មិនអស់។
៥- «សង្គ្រាមទំនើប» រួមមានភេវរកម្ម កុប្បកម្ម គ្រោះថ្នាក់ចរាចរ ក៏បានបន្តសម្លាប់មនុស្សជារៀងរាល់ថ្ងៃ។
៦- «បាតុភូត»គ្រោះរញ្ជួយដី ភ្លើងឆេះព្រៃ ទឹកជំនន់…។
៧- «ជំងឺរាតត្បាតធំៗ» ដូចជា៖ ជំងឺឃ្លង់ ប៉េស អាសន្នរោគ ជំងឺសារ អេសដ៍ ផ្ទុះឡើងសរុបយ៉ាងហោច១១លើកធំៗ ហើយបានសម្លាប់មនុស្សរាប់រយលាននាក់។ ឥឡូវនេះ កូវីដ១៩ កំពុងឆក់យកជីវិតមនុស្សច្រើនគួរសម និងបង្កការលំបាកជាច្រើន ដែលពិបាកប៉ាន់ស្មាន។
•- ពិភពលោក ប្រហែលជាពិបាកនឹងមានសន្តិភាពជាអចិន្ត្រៃយ៍។ ដូច្នេះហើយប្រទេសនីមួយៗត្រូវខិតខំបង្ការ ការពារ ទប់ស្កាត់ ក្នុងកម្រិតផ្ទាល់ខ្លួនផង ព្រមទាំងក្នុងកិច្ចសហការថ្នាក់តំបន់ និងអន្តរជាតិ។
•- កម្ពុជា ធ្លាប់ធ្លាក់ដល់ចំណុចសូន្យកាលពីជាង៤០ឆ្នាំមុនរួចហើយ។ ភាសិតមួយឃ្លាពោលថា៖ «បើអ្នកធ្លាក់ដល់ចំណុចសូន្យ នោះឈប់ភ័យព្រួយ វាអត់មានកន្លែងចុះទៀតទេ គឺអ្វីៗវាមានតែងើបឡើងវិញ»។ យើងបានកំពង់ងើបហើយ ហើយជាសំណាងរបស់កម្ពុជា ដែលយើងមានថ្នាក់ដឹកនាំល្អ ប្រទេសជាតិបានសុខសាន្ត ពេញដោយសន្តិភាព។ កត្តាមេដឹកនាំ ពិតជាសំខាន់ណាស់ នៅកន្លែងនីមួយៗ ប្រទេសជាតិនីមួយៗ ដែលបង្ហាញថា ទីនោះបែកបាក់ ធ្លាក់ចុះ ឬងើបឡើង។ កម្ពុជាយើងបានងើបឡើង! ការចូលរួមរបស់យើង ជាមួយថ្នាក់ដឹកនាំយើង កម្ពុជាពិតជាអាចបញ្ចៀសបាននូវ «ផលប៉ះពាល់នាំចូលពីខាងក្រៅ» ហើយធានាបាននូវភាពសុខសាន្ត ឯករាជ្យ វឌ្ឍនភាព និងអនាគតល្អប្រសើរ 🇰🇭៕
ដោយ៖ សិលា