ភ្នំពេញ៖ ខណៈដែលវីរុសកូរ៉ូណាកូវីដ–១៩ កំពុងតែរាតត្បាតលើពិភពលោក បានធ្វើឱ្យវិស័យជាច្រើនកំពុងតែរងគ្រោះ ប៉ុន្តែវិស័យកសិកម្មមិនមានផលប៉ះពាល់ធ្ងន់ធ្ងរនៅឡើយ ហើយថែមទាំងអាចជំរុញវិស័យនេះឱ្យបង្កើនសង្វាក់ផលិតកម្មបន្ថែមទៀត ដែលការអភិវឌ្ឍវិស័យកសិកម្មដែលអាចជួយស្តារសេដ្ឋកិច្ចបានទៀតផង។
ជាក់ស្តែង បច្ចុប្បន្ននេះ វិស័យកសិកម្មនៅកម្ពុជា ដែលមានផលិតផលកសិ–ឧស្សហកម្មនាំមុខរួមមាន៖ អង្ករ–ស្រូវ កៅស៊ូ ដំឡូងមី ម្រេច ស្ករជាដើមដែលបាននឹងកំពុងនាំចេញ តែមិនទាន់អាចប្រកួតប្រជែងជាមួយនឹងបណ្តាប្រទេសជិតខាងបាននៅឡើយ ដោយសារផលិតផលទាំងនោះ ភាគច្រើនជាផលិតផលសម្គាល់ភូមិសាស្ត្រនៃប្រទេសកម្ពុជា និងមិនអាចធ្វើពាណិជ្ជកម្មក្នុងទ្រង់ទ្រាយធំបាននៅឡើយ។
បើតាមការអះអាងពីទីប្រឹក្សាឯករាជ្យនៃក្រុមហ៊ុនមួយ បានបញ្ជាក់ថា៖ «ផលិតផលកសិកម្មកម្ពុជាដែលនាំចេញរបស់យើងមានដូចជាកៅស៊ូដំឡូង ដូង ស្រូវ (កែច្នៃជាអង្ករ) ដែលជាដំណាំកសិ–ឧស្សហកម្ម និងមួួចំនួនតូចជាប្រភេទបន្លែមិនទាន់កែច្នៃ ដែលយើងបាននាំចេញជាផលិតផលវត្ថុធាតុដើមនៅឡើយ»។
ទីប្រឹក្សាឯករាជ្យរូបនេះ បានបញ្ជាក់បន្ថែមទៀតថា «បើយើងនិយាយពីការនាំចេញ យើងគួររកផលិតផលអីសម្រាប់ទីផ្សារ ឧទាហរណ៍ គឺផលិតផលណាដែលមានលក្ខណៈពិសេសសម្រាប់ប្រទេសខ្មែរយើងតាមតំបន់ដូចជា៖ អង្ករក្រអូប ក្រយា ក្រចកចាបជាពូជពីដើម ជាពូជពិសេសដែលមានតាមតំបន់ និងអាចនាំចេញបាន តែក៏ចាំបាច់យើងត្រូវធ្វើការផ្សព្វផ្សាយ បើយើងមិនផ្សាយពីភាពល្អរបស់ផលិតផលយើងក៏មិនអាចធ្វើការប្រកួតប្រជែងបានដែរ។ ដើម្បីឱ្យមានការប្រកួតប្រជែងបានល្អ បើយើងចង់ដាំបន្លែធ្វើម៉េច ឱ្យមានការប្រកួតប្រជែងបាន បើមើលពីតម្លៃ ផលិតផលបន្លែយើងដែលលក់ក្នុងស្រុកមានតម្លៃ ថ្លៃជាងបន្លែនាំចូលផងនោះ?។
ជាមួយគ្នានេះលោក បន្ថែមថា៖ «យើងអាចគិតថាផលិតណាខ្លះដែលជាផលិតផលពិសេសដូចម្រេចកំពតរបស់យើង ទោះបីមានតម្លៃធ្លាក់ចុះនៅលើពិភពលោក តែម្រេចរបស់យើងមិនធ្លាក់ថ្លៃទេ នេះជាលក្ខណៈពិសេស និងមានលក្ខណៈប្រកួតប្រជែងខ្ពស់។ យើងមើលផលិតផលផ្សេងទៀត ដែលយើងអាចកែច្នៃ បើយើងលក់តែផលិតផលជាវត្ថុធាតុដើម ពិបាកនឹងប្រកួតប្រជែង ហើយត្រូវតែមានលក្ខណៈពិសេស និងស្របនឹងតម្រូវការរបស់ប្រទេសដែលយើងនាំចេញទៅផងដែរ»។
លោកបានលើកឡើងថា ការផលិតផលិតផលសរីរាង្គក្នុងការនាំចេញដូចទៅនឹងការអំពាវនាវ និងការណែនាំឱ្យរបស់ក្រសួងកសិកម្ម ដូចជាអង្ករ បន្លែ ទៅជាផលិតផលសរីរាង្គនោះជាការល្អ និងអាចជាការអភិវឌ្ឍថ្មីមួយសម្រាប់ការនាំចេញ ហើយយើងក៏បានឃើញក្រុមហ៊ុនមួយចំនួនក៏បានធ្វើមកហើយដែរ ទាក់ទងនឹងផលិតផលសរីរាង្គនេះ។ ប៉ុន្តែការធ្វើបែបនេះបានទាល់តែឱ្យមានថ្លៃដើមទាបទើបអាចប្រកួតប្រជែងទៅបាន និងឈានទៅរកទ្រង់ទ្រាយធំបានសម្រាប់វិស័យកសិកម្មក្នុងពេល ២ទៅ ៣ឆ្នាំខាងមុខ។
ដោយឡែកអនុប្រធានសភាពាណិជ្ជកម្មកម្ពុជា ក៏បានបញ្ជាក់ដែរថា ដំណាំយុទ្ធសាស្ត្រឥឡូវពិបាកប៉ាន់ស្មានណាស់ ដូចសម័យកូវីដវាប្រែប្រួល បែរជាត្រូវផលិតផលស្រូវអង្ករទៅវិញ។ ចំពោះមុខដំណាំយុទ្ធសាស្ត្រ គឺដំណាំមនុស្សហូបបានដែលមានតម្រូវការខ្ពស់និងយូរអង្វែងដូចជាស្រូវ ពោតសណ្តែក អង្ករ ជាដើមលើកលែងតែផលិតផលកសិ–ឧស្សាហកម្ម កៅស៊ូ ដែលពិបាកជំរុញឱ្យវាបានទទួលផលរីកចម្រើនទៅមុខ។
អនុប្រធានសភារូបនេះ បញ្ជាក់បន្ថែមថា «ដំណាំកសិកម្មដែលបានអនុវត្តកន្លងមកវាមានបញ្ហាប្រឈមធំបំផុត គឺថ្លៃដើមផលិតមានតម្លៃខ្ពស់រួមមាន ថ្លៃដឹកជញ្ជូន ថ្លៃភ្លើង ជីរ មានតម្លៃថ្លៃថ្វីត្បិតតែថ្លៃកម្លាំងពលកម្មរបស់យើងទាបក៏ដោយ។ ដូចនេះយើងពិបាកនឹងប្រកួតប្រជែងជាមួយគេ។ កសិករយើងចេះតែស្រែកថា ដាំហើយអត់មានទីផ្សារ។ តាមពិតមិនមែនអត់ទីផ្សារទេ ទីផ្សារមាន បើអត់ទីផ្សារម៉េចគេអាចនាំចូលមកបាន ទាំងបន្លែត្រី សាច់ ? វាអាស្រ័យលើតម្លៃ គឺតម្លៃផលិតរបស់យើងមានថ្លៃដើមខ្ពស់ ជាងផលិតផលកសិកម្ម ដែលនាំចូលវាថោកជាង ដូច្នេះធ្វើឱ្យមានបញ្ហាយើងមិនអាចប្រកួតប្រជែងទីផ្សារបាន»។
លើសពីនេះ អនុប្រធានសភារូបនេះ បានបញ្ជាក់ទៀតថា តើយើងអាចធ្វើអ្វីបាន? យើងសម្លឹងឃើញថាជីរសម្រាប់ដាំបន្លែ និងចំណីសម្រាប់ចិញ្ចឹមត្រី ឬសត្វ ជាផលិតកម្មអាទិភាពដែលយើងគួរធ្វើ បានន័យថាយើងមានឱកាស តែចាំបាច់យើងសង្ឃឹមទៅលើអ្នកវិនិយោគបរទេសដែលគាត់អាចនាំយកបច្ចេកវិទ្យា ទោះបីជាការចំណាយទុនដំបូងធំក៏ដោយ តែអាចផលិតបានច្រើនបំពេញការនាំចេញសម្រាប់ការផ្គត់ផ្គង់តាមតម្រូវការ និងមានតម្លៃដើមទាប ៕ដោយ៖សហការី